ក្រុមបិសាចក្រហម Manchester United នឹងសម្លឹងរកការប្រើប្រាស់ការមានប្រៀបក្នុងផ្ទះខ្លួនឯង ក៏ដូចជាគ្រាប់បាល់នាំមុខកាលពីជើងទី១ ដើម្បីទម្លាក់ក្រុម Cetla Vigo ក្នុងពេលក្រុមទាំងពីរជួបគ្នានៅកីឡដ្ឋាន Old Trafford ក្នុងការប្រកួតក្របខ័ណ្ឌ Europa វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២ នៅរាត្រីនេះ។ ស្របពេលជាមួយគ្នានេះ ក្រុម Ajax ក៏សម្លឹងរកកៅអីទៅវគ្គផ្តាច់ព្រ័ត្រផងដែរ ក្រោយពីផ្តួលក្រុម Lyon ៤-១ ក្នុងផ្ទះខ្លួនឯងកាលពីជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តែនៅពេលនេះពួកគេត្រូវធ្វើដំណើរទៅកាន់ទឹកដីរបស់ក្រុម Ligue 1 Lyon មួយនេះម្តង។
ការស៊ុតបាល់ពិន័យ Free-kick ចូលទីយ៉ាងល្អក្នុងតង់ទី២របស់ខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford បានជួយឲ្យក្រុម Man United ទទួលជ័យជម្នះ ១-០ ក្នុងការប្រកួតជើងទី១ កាលពីសប្តាហ៍មុន ក៏ដូចជាធ្វើឲ្យក្រុមរបស់លោក Jose Mourinho ស្ថិតយ៉ាងប្រកៀកឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រក្នុងទីក្រុង Stockholm នាថ្ងៃទី២៤ ខែឧសភាខាងមុខ។ ក្រុម Man United មិនស្គាល់ចាញ់សោះក្នុងការប្រកួតក្របខ័ណ្ឌអឺរ៉ុបលើទឹកដីខ្លួនឯងចំនួន១៧លើក ប៉ុន្តែ ពួកគេក៏ត្រូវតែប្រុងប្រយ័ត្នផងដែរ ខណៈដែលក្រុមរកគ្រាប់បាល់បញ្ចូលទីបានរាល់ការប្រកួតក្រៅទឹកដីក្នុងក្របខ័ណ្ឌ Europa League ទាំង៦លើករបស់ពួកគេនៅរដូវកាលនេះ។
ជាមួយគ្នានេះ ខ្សែបម្រើ Ander Herrera ជឿជាក់ថា ការមានប្រៀបក្នុងផ្ទះខ្លួនឯង ក៏ដូចជាការបង្ហាញពីការគាំទ្ររបស់អ្នកគាំទ្រនៃក្រុមបិសាចក្រហម Man United នឹងលើកទឹកចិត្តឲ្យពួកគេឆ្លងផុតដំណាក់កាលនេះ។ ខ្សែបម្រើអន្តរជាតិអេស្ប៉ាញរូបនេះបានឲ្យដឹងថា៖ «ពួកគេតែងរកគ្រាប់បាល់ក្រៅទឹកដីបានក្នុងរាល់ការប្រកួតដែលពួកគេបានលេងក្នុងយុទ្ធនាការនេះ ហេតុនេះ យើងត្រូវតែដឹងពីបញ្ហានោះ»។ Herrera បានបន្ថែមទៀតថា៖ «ពួកគេជាក្រុមដ៏ខ្លាំងមួយ និងជាក្រុមប្រកបដោយគ្រោះថ្នាក់នៅពេលដែលពួកគេលេងនៅក្រៅទឹកដី ហើយយើងចាំបាច់ត្រូវការអ្នកគាំទ្រនៅលើទឹកដីរបស់យើង។ ខ្ញុំនឹងប្រាប់ពួកគេថា យើងត្រូវការពួកគេក្នុងការបង្កើតឲ្យមានបរិយាកាសដ៏ល្អមួយ និងបរិយាកាសលំបាកមួយសម្រាប់គូប្រកួត ដែលអាចនឹងធ្វើឲ្យទៅវគ្គផ្តាច់ព្រ័ត្របាន»។
ដោយឡែក លោក Peter Bosz គ្រូបង្វឹករបស់ Ajax បានឲ្យដឹងថា៖ «យើងនឹងត្រូវតែបង្កើតឱកាសឲ្យបានច្រើន និងត្រូវតែរក្សានូវអារម្មណ៍ស្ងប់ និងត្រៀមលក្ខណៈឱ្យបានល្អនៅពេលដែលយើងបាត់បង់បាល់»។ ការប្រកួតទាំងពីរនឹងចាប់ផ្តើមនៅម៉ោង២:០៥ទៀបភ្លឺ៕