Skip to content

ក្រុមហ៊ុន​ចម្រោះ​ទឹកស្អាត​ម៉ាឡេស៊ី​ត្រៀម​ផ្តល់​សេវាកម្ម​ទឹកស្អាត​នៅ​ជនបទ

ដោយ​មើលឃើញថា ប្រជាជន​កម្ពុជា​នៅតាម​ទីជនបទ​ភាគច្រើន​នៅ​មិនទាន់មាន​ទឹកស្អាត​ប្រើប្រាស់​នៅឡើយ​នោះ ក្រុមហ៊ុន​ចម្រោះ​ទឹកស្អាត​ដ៏​ធំ​មួយ​របស់​ប្រទេស​ម៉ាឡេស៊ី​គ្រោង​ចូលមក​ផ្គត់ផ្គង់​ទឹកស្អាត​នៅតាម​ទីជនបទ​នានា ដើម្បី​ជួយ​លើកកម្ពស់​សុខភាព​ប្រជាជន។

លោក Andrew Cheah ប្រធាន​ក្រុមហ៊ុន Isza-SoliadWatermech JV មកពី​ប្រទេស​ម៉ាឡេស៊ី​មានប្រសាសន៍ថា ក្រុមហ៊ុន​របស់​លោកមា​ន​បំណង​នាំចូល​នូវ​ប្រព័ន្ធ​ចម្រោះ​ទឹក​ខ្នាតតូច ដែលមាន​សមត្ថភាព​ចម្រោះ​ទឹក​ដែល​បូម​ពីក្រោម​ដី និង​ធ្វើឱ្យ​ស្អាត​បាន​ប្រមាណ 5ម៉ែត្រត្រីគុណ(ម៉ែត្រគុប)ក្នុង​មួយ​ម៉ោង​សម្រាប់​លក់​ឱ្យ​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ដាច់ស្រយាល ឬ​តំបន់​ខ្វះខាត​ទឹក​ក្នុង​តម្លៃថោក។ ជាមួយគ្នានេះ ក្រុមហ៊ុន​លោក​ក៏មាន​បំណង​វិនិយោគ​ការយក​ខ្សាច់​ទន្លេ​ទៅ​លាង​សម្អាត តាម​លក្ខណៈ​បច្ចេកទេស សម្រាប់​ផ្គត់ផ្គង់​ឱ្យ​រោងចក្រ​ផលិត​ទឹកស្អាត​រដ្ឋ និង​ឯកជន​នៅ​កម្ពុជា​ផងដែរ ហើយ​ក្រុមហ៊ុន​ក៏មាន​ជំនាញ​ផ្នែក​ធ្វើ​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ចេញពី​រោងចក្រ​ថែមទៀត​ផង។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ស្វាគមន៍ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​បច្ចេកទេស​របស់​ក្រុមហ៊ុន ដោយបាន​ជំរុញ​ឱ្យ​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ឱ្យបាន​ឆាប់ ពីព្រោះ​ក្នុង​ចន្លោះ​ពេលដែល​រដ្ឋ ឬ​វិស័យ​ឯកជន​មិនទាន់មាន​លទ្ធភាព​តប​ណ្តា​ញ​ទឹកស្អាត​តាម​បំពង់​ទៅដល់​ផ្ទះ​របស់​ប្រជាពលរដ្ឋ ជាពិសេស​តំបន់​មាត់សមុទ្រ និង​តំបន់​ដាច់ស្រយាល​នោះ ការប្រើប្រាស់​ប្រព័ន្ធ​ចម្រោះ​ទឹក​ខ្នាតតូច​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការជួយ​ឱ្យ​ប្រជាពលរដ្ឋ​បានទទួល​ទឹកស្អាត​ប្រើប្រាស់​ក្នុង​កម្រិត​អតិបរមា កាត់បន្ថយ​ការប្រើប្រាស់​ទឹក​មិន​ស្អាត​ដែលនាំឱ្យ​កើតមាន​ជម្ងឺ​ដ​ង្កា​ត់ផ្សេង។

ក្នុងនោះ ឯកឧត្តម ទេស រដ្ឋមន្ត្រី បានស្នើ​ឱ្យ​តំណាង​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព បង្កើត​រោងចក្រ​ផលិត​ឧបករណ៍​នេះ​នៅ​កម្ពុជា​តែម្តង ដើម្បី​កាត់បន្ថយ​ការចំណាយ​លើ​ការដឹកជញ្ជូន និង​ជួយ​ដល់​ទីផ្សារការងារ​នៅ​កម្ពុជា​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *