អាណាព្យាបាលជាច្រើនតែងតែបន្ទោសដល់កូនតូចៗ ឬដាក់បន្ទុកតែលើស្ថាប័នអប់រំ តែពេលខ្លះមានរឿងជាច្រើនដែលអាណាព្យាបាលខ្លួនឯងកំពុងធ្វើខុសទាំងមិនដឹងខ្លួន។
គេហទំព័រអប់រំ Education World បានលើកឡើងថា កុមារតូចៗភាគច្រើនចាប់ផ្ដើមកសាងអត្តចរិតតាំងពីនៅវ័យក្មេងខ្ចីបំផុត ដែលពេលខ្លះអាណាព្យាបាលទាំងឡាយស្ទើរតែមិនជឿថា ក្មេងដែលមិនទាន់ទាំងចេះនិយាយផង អាចចេះសង្កេត រួមទាំងចាប់ផ្តើមកើតជាចរិតលក្ខណៈទៅហើយ។ អ្នកជំនាញផ្នែកអប់រំបានលើកឡើងថា ប្រសិនបើអាណាព្យាបាលមិនប្រុងប្រយ័ត្ន ហើយមានការធ្វេសប្រហែសនៅចំពោះមុខកូនតូចៗរបស់ខ្លួននោះ ពួកគេអាចនឹងចងចាំនូវរឿងទាំងអស់នោះទុក ហើយទទួលយករឿងអវិជ្ជមានទាំងអស់នោះតែម្ដង ដែលកត្តាទាំងនេះអាចធ្វើឱ្យអាណាព្យាបាលទាំងនោះឈឺក្បាលនៅថ្ងៃក្រោយបាន។
អ្នកជំនាញចិត្តសាស្ត្រកុមារបានណែនាំថា ប្រសិនបើកុមារ មានអត្តចរិតអវិជ្ជមានណាមួយដែលយើងគិតថាក្មេងមិនគួរធ្វើ យើងអាចសាកល្បងគិតពិចារណាទៅមើលថា តើសកម្មភាពនោះ យើងធ្លាប់ធ្វើដោយខ្លួនឯងដែរឬទេពីមុនមក? ព្រោះថា កុមារមិនចេះនិយាយក៏អាចរៀនយល់ដឹងបានដែរ។ អាណាព្យាបាលគួរសិក្សាពីវិធីសាស្ត្រដើម្បីបង្រៀនកូន និងកែប្រែចំណុចយល់ខុសមួយចំនួនដែលអាចប៉ះពាល់ដល់កុមារនៅថ្ងៃអនាគត។ ឪពុកម្តាយភាគច្រើនលើពិភពលោក តែងតែចាត់ទុកកុមារតូចៗថា ជាវ័យដែលនៅមិនទាន់ដឹងអី តែតាមពិតការគិតបែបនេះគឺខុសទាំងស្រុងចំពោះការអប់រំកូន។ មានអាណាព្យាបាលខ្លះបែរជាគិតថា កុមារគួរតែត្រូវបានបង្រៀនដូចមនុស្សធំ ឬធ្វើអ្វីៗតាមបែបផែនមនុស្សធំដើម្បីបង្រៀនកូនតូចៗ ដូចជាការបង្ខំឱ្យអានអត្ថបទដែលគ្មានរូបភាពសៀវភៅក្រាស់ៗ ឬបង្ខំឱ្យស្តាប់រឿងដ៏គួរឱ្យធុញទ្រាន់សម្រាប់ពួកគេជាដើម។ ហេតុផលនេះ កុមារដែលបង្ខំឱ្យរៀនលើសពីសមត្ថភាពរបស់ពួកគេប្រាកដជាមានប្រតិកម្មតបវិញ ឬប្រឆាំងជាមួយនឹងបំណងរបស់មនុស្សធំមិនខាន។
ម្យ៉ាងវិញទៀត កុមារ គឺជាវ័យដែលពូកែឆ្ងល់បំផុត ហើយអ្នកជំនាញអប់រំកុមារបានស្រាវជ្រាវរកឃើញថា កុមារអាយុក្រោម 6ឆ្នាំ អាចសួរច្រើនជាង 200សំណួរក្នុងមួយថ្ងៃ ព្រោះអ្វីគ្រប់យ៉ាងដែលគេជួបប្រទះសុទ្ធតែជារឿងដែលពួកគេមិនស្គាល់ ហើយជារឿងដែលពួកគេចង់ដឹងគ្រប់យ៉ាង។ នៅពេលនោះប្រសិនបើមនុស្សធំដែលអាចជាអាណាព្យាបាល ឬជាអ្នកនៅជុំវិញខ្លួនពួកគេមិនព្យាយាមឆ្លើយជាមួយនឹងសំណួរហើយបែរជាស្តីបន្ទោសដោយក្ដីរំខាន កុមារអាចនឹងឈប់សួរ បន្ទាប់មកគេក៏លែងចង់ស្វែងយល់ពីរឿងទាំងអស់នោះដែរ ហេតុនេះគេអាចនឹងក្លាយជាមនុស្សដែលមិនសូវសកម្ម ឬមិនសូវឆ្លាតនៅពេលគេធំឡើង។ ស្របនឹងបញ្ហានេះដែរ ប្រសិនបើអាណាព្យាបាលឆ្លើយសំណួរកុមារតូចឱ្យតែរួចពីមាត់ គឺស្មើនឹងគាត់បង្រៀនកុមារខុស ដែលជាហេតុធ្វើឱ្យកុមារក្លាយជាមនុស្សដែលធ្វើរឿងមិនត្រឹមត្រូវនៅថ្ងៃអនាគតបាន។
ជារួម សកម្មភាព និងការយល់ខុសរបស់មនុស្សធំ ដែលមិនយល់ពីការអប់រំកុមារ អាចកំណត់វាសនារបស់កុមារបាន ហើយកត្តានេះនឹងធ្វើឱ្យមនុស្សធំខ្លួនឯងឈឺក្បាលនៅថ្ងៃក្រោយ៕