ខ្សែប្រយុទ្ធ Gerard Moreno បានរកគ្រាប់បាល់ឈ្នះនៅនាទីទី93 ដែលធ្វើឱ្យក្រុម Espanyol ផ្តួលក្រុម Real Madrid ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ La Liga ក្នុងលទ្ធផល 1-0 កាលពីថ្ងៃអង្គារ។
ការដណ្តើមបានជ័យជម្នះជាប់ៗគ្នារបស់ក្រុម Real Madrid ត្រូវបានបញ្ចប់ត្រឹម 5ប្រកួត ខណៈដែលការស៊ុតបាល់ពីចម្ងាយចូលទីយ៉ាងល្អរបស់ Moreno បានជួយឱ្យក្រុម Espanyol ដណ្តើមបានជ័យជម្នះជាលើកទី 1 របស់ពួកគេលើក្រុម Real ក្នុងចំណោមការជួបគ្នា 22លើកកន្លងមក។
លទ្ធផលនេះ មានន័យថា Real ស្ថិតក្នុងចំណាត់ថ្នាក់លេខ 3 ដោយដេញតាមពីក្រោយក្រុមកំពុងនាំមុខ Barcelona 14ពិន្ទុ ខណៈដែល Esp កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ13 ដោយនាំមុខ 12ពិន្ទុលើក្រុមស្ថិតក្នុងតំបន់កាត់ចោល។ លទ្ធផលនេះក៏បានបង្ហាញថា ការត្រៀមលក្ខណៈផ្សេងៗរបស់ក្រុម Real Madrid សម្រាប់ការប្រកួតដ៏សំខាន់ក្នុងក្របខ័ណ្ឌ Champions League វគ្គ 16ក្រុមចុងក្រោយ ជើងទី2 ជាមួយនឹងក្រុមយក្សរបស់បារាំង Paris Saint-Germain បានបញ្ចប់ទាំងការខកចិត្ត។
ប្រយុទ្ធ Gareth Bale, Marco Asensio និងខ្សែបម្រើ Isco សុទ្ធសឹងបានជួបភាពត្រដាបត្រដួសក្នុងការបង្ហាញថ្វីជើងរបស់ពួកគេ ខណៈដែលតារាឆ្នើមទាំង 3 បានខ្ជះខ្ជាយឱកាសជាច្រើនក្នុងការបង្កើតឱ្យមានការចាប់អារម្មណ៍ នៅមុនពេលការប្រកួតដ៏សំខាន់ក្នុងក្របខ័ណ្ឌ Champions League នៅពាក់កណ្តាលសប្តាហ៍ក្រោយ។ ប៉ុន្តែ ទោះបីជាយ៉ាងណា លោក Zinedine Zidane មិនបានធ្វើការរិះគន់ទៅលើទម្រង់លេងរបស់ Bale ឬ កីឡាករផ្សេងទៀតឡើយ បន្ទាប់ពីការប្រកួតនេះ។
គ្រូបង្វឹករូបនេះបានឱ្យដឹងថា៖ «ប្រសិនបើអ្នកចាញ់នៅថ្ងៃនេះ វាដោយសារតែអ្វីៗមិនដំណើរការល្អ និងព្រោះហេតុផលជាច្រើន មិនមែនដោយសារតែកីឡាករម្នាក់ណាឡើយ»៕
ប្រភពពី៖ Sky Sports