ខ្សែប្រយុទ្ធ Sadio Mane បានបញ្ជាក់ថា ក្រុម Liverpool «អាចផ្តួលក្រុមណាក៏បានក្នុងពិភពលោក» ខណៈដែលក្រុមរបស់លោក Jurgen Klopp កំពុងតែប្រជែងយកចំណាត់ថ្នាក់លេខ 2 នៅលើតារាងក្របខ័ណ្ឌ Premier League និងសម្លឹងកៅអីវគ្គ 8ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League។
Liverpool កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ 3 នៅលើតារាង ដោយមាន 2ពិន្ទុតាមពីក្រោយក្រុម Manchester United ក្រោយពីចាញ់ត្រឹមតែ 1លើកគត់ក្នុងការប្រកួត 19លើកចុងក្រោយរបស់ពួកគេនៃក្របខ័ណ្ឌ Premier League និងកំពុងតែជឿជាក់ខ្ពស់ក្នុងការឈានទៅវគ្គបន្តនៃក្របខ័ណ្ឌអឺរ៉ុប ក្រោយពីបានផ្តួលក្រុម Porto 5-0 ក្នុងការប្រកួតជើងទី 1នៃវគ្គ 16ក្រុមចុងក្រោយរបស់ពួកគេ។
ក្រុមហង្សក្រហមរបស់លោក Klopp បានស៊ុតបាល់បញ្ចូលទីដល់ទៅ 103គ្រាប់ក្នុងរាល់យុទ្ធនាការទាំងអស់នៅរដូវកាលនេះ ខណៈដែលខ្សែប្រយុទ្ធរបស់ពួកគេដែលរួមមាន Mane, Mohamed Salah និង Roberto Firmino សុទ្ធសឹងអាចទម្លុះតំបន់ការពាររបស់គូបដិបក្ខបានយ៉ាងងាយស្រួល។
Mane បានប្រាប់គេហទំព័ររបស់ក្រុម Liverpool ថា៖ «ខ្ញុំមានអារម្មណ៍ថា ក្លិបនេះកំពុងតែធ្វើដំណើរទៅមុខក្នុងទិសដៅដ៏ត្រឹមត្រូវ។ Liverpool បានជួបការលំបាកអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែ រឿងទាំងនោះកើតឡើងក្នុងរាល់ក្លិបទាំងអស់ក្នុងពិភពលោក»។
តារាឆ្នើមអន្តរជាតិសេណេហ្គាល់រូបនេះបានបន្ថែមទៀតថា៖ «នៅពេលនេះ យើងកំពុងតែស្ថិតក្នុងទម្រង់លេងយ៉ាងល្អ ហេតុនេះរាល់អ្វីៗទាំងអស់គឺអាចទៅរួច។ ខ្ញុំគិតថា យើងបានរីកចម្រើនយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ យើងដឹងថា ក្រុមណាក៏យើងអាចផ្តួលបានទាំងអស់ក្នុងពិភពលោកនេះ»៕
ប្រភពពី៖ Sport24