ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (Technical and Vocational Education and Training ហៅកាត់ថា TVET) ជាផ្នែកមួយមិនអាចខ្វះបាននៅកម្ពុជា ព្រោះបច្ចុប្បន្ននេះសង្គមចាប់ផ្តើមត្រូវការធនធានមនុស្សកាន់តែច្រើនឡើងដើម្បីអភិវឌ្ឍលើផ្នែកឧស្សាហកម្ម និងសំណង់អគារជាដើម។
ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា TVET ជាប្រព័ន្ធសំខាន់មួយក្នុងទីផ្សាការងារនៅកម្ពុជា ក៏ដូចជាការអភិវឌ្ឍសង្គមទាំងមូលផងដែរ ព្រោះនៅពេលបច្ចុប្បន្ននេះ សំណង់អគារជាច្រើនបានរីកឡើង ខណៈកំណើននៃការវិនិយោគក៏សុទ្ធតែត្រូវការធនធានមនុស្សដើម្បីធ្វើការងារ។
យុវជនដែលទទួលបានការបណ្តុះបណ្តាលផ្នែកបច្ចេកទេស និងវិជ្ជាជីវៈ នៅកម្ពុជានាពេលបច្ចុប្បន្ននេះបានបង្កើនសមត្ថភាពរបស់ខ្លួនកាន់តែខ្លាំងឡើង ស្របតាមស្តង់ដារកំណត់ដោយនិយោជក និងផ្នែកឧស្សាហកម្ម ដូចជាជំនាញមេកានិក សំណង់ ធុរកិច្ច ព័ត៌មានវិទ្យា កម្មន្តសាល អគ្គិសនី ក្រឡឹង កែច្នៃម្ហូបអាហារ និងផ្នែកសេវាកម្មមួយចំនួនទៀត។
ឯកឧត្តម ពេជ សោភ័ន បានមានប្រសាសន៍ថា ៖“យុវជនកំពុងទទួលបានផលវិជ្ជមានពីប្រព័ន្ធ TVET នេះក៏ពិតមែន តែបើធៀបនឹងបណ្តាប្រទេសមួយចំនួនក្នុងតំបន់ គឺនៅមានភាពយឺតយ៉ាវខ្លះ ព្រោះសមត្ថភាពគ្រូបង្រៀននៅមានកម្រិត តែទោះជាយ៉ាងនេះក្តី ក្រសួងការងារបានបង្កើនកញ្ចប់ថវិកាដើម្បីធ្វើការបណ្តុះបណ្តាលសមត្ថភាពគ្រូ រួមទាំងកម្មវិធីសិក្សាឱ្យកាន់តែល្អឡើង សំដៅធ្វើយ៉ាងណាឱ្យសិស្ស និស្សិតមានជំនាញច្បាស់លាស់។
ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងផងដែរថា ក្រសួងការងារបានខិតខំប្រឹងប្រែងក្នុងការសហការជាមួយនឹងដៃគូអភិវឌ្ឍនានា ដើម្បីជំរុញឱ្យវិស័យ TVET កាន់តែអភិវឌ្ឍខ្លាំងឡើង ហើយក្រសួងក៏មានយុទ្ធនាការជាច្រើនដើម្បីជំរុញឱ្យនិស្សិតជ្រើសរើសមុខវិជ្ជា TVET ជាអាជីពនៅថ្ងៃអនាគត ដើម្បីទទួលបានឱកាសការងារយ៉ាងសម្បូរបែបនៅពេលបច្ចុប្បន្ន និងថ្ងៃអនាគតផងដែរ។
នៅឆ្នាំសិក្សាថ្មីនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់អាហារូបករណ៍ជាច្រើនកន្លែងលើមុខវិជ្ជា បច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីលើកទឹកចិត្តឱ្យសិស្សនៅទូទាំងប្រទេសទទួលបានឱកាសសិក្សាលើមុខវិជ្ជាដ៏មានសក្តានុពលនេះ។ ស្របជាមួយគ្នានេះដែរ ដៃគូអភិវឌ្ឍន៍ជាច្រើនបាននិងកំពុងបង្កើនកិច្ចសហការរៀបចំកម្មវិធីសិក្សា រួមទាំងសាង់សង់អគារសិក្សាទំនើបបន្ថែមទៀតផងដែរ។
លោក Norman LaRocque អ្នកឯកទេសអប់រំ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលហៅកាត់ថា ADB បានលើកឡើងថា ប្រព័ន្ធ TVET នៅកម្ពុជាត្រូវការការធ្វើកំណែទម្រង់ និងវិនិយោគបន្ថែមទៀតដើម្បីបំពេញចំណុចខ្វះខាតលទ្ធភាព គុណភាព និងសមត្ថភាពស្ថាប័ន សំដៅចូលរួមអភិវឌ្ឍកម្លាំងពលកម្មប្រកបដោយនិរន្តរភាព។ ដោយមើលឃើញពីបញ្ហានេះ ធនាគារពិភពលោកក៏បានបង្កើតគម្រោងមួយរួមជាមួយនឹងកម្ចីសម្បទានប្រមាណ30លានដុល្លារ សម្រាប់បង្កើនគុណភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលចាប់ផ្តើមដំណើរការតាំងពីឆ្នាំ2014 ហើយរំពឹងថានឹងបញ្ចប់គម្រោងទាំងស្រុងនៅខែធ្នូ ឆ្នាំ2019។
គម្រោងនេះនឹងដាក់ឱ្យអនុវត្តលើប្រព័ន្ធធានាគុណភាពបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈដើម្បីឱ្យសិស្ស និស្សិតទទួលបានបទពិសោធផ្នែកឧស្សាហកម្ម។ ក្រុមប្រឹក្សាជំនាញតាមវិស័យដែលមានសមាសភាពជាសមាគមឧស្សាហកម្ម និងនិយោជកធំៗ ក្នុងវិស័យអាទិភាពចំនួន4ដូចជាសំណង់ ជួសជុលរថយន្ត ការងារអគ្គិសនី និងកម្មន្តសាល និងត្រូវបង្កើតឡើងដើម្បីជួយដល់ការអភិវឌ្ឍមណ្ឌលធនធាន ជំនាញជាក់លាក់ផងដែរ៕