តាមរយៈបណ្ដាញទំនាក់ទំនងសង្គមរបស់តារាចម្រៀងស្រីរូបស្រស់ រ៉ាប៊ី ជាតារាចម្រៀងប្រចាំផលិតកម្មថោននៅថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ2018 នេះ បានឱ្យដឹងថា ក្រោយពីលោក ប៊ុត សីហា ផ្ទុះរឿងអាស្រូវដែលពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន និងត្រូវបានខាងស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាបដិសេធផ្ដល់ទិដ្ឋាការឱ្យទៅសម្ដែងទីនោះរួចមក តារាស្រី រ៉ាប៊ី មានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងខណៈដែលត្រូវបាត់បង់ដៃគូសម្ដែង និងច្រៀង។
ដោយក្ដីព្រួយបារម្ភ តារាស្រីវ័យក្មេងរូបនេះ បានសរសេរបង្ហោះភ្ជាប់ជាមួយរូបថតរវាងនាងនឹងលោក ប៊ុត សីហា នៅលើបណ្តាញសង្គមហ្វេសប៊ុកថា «See you soon USA . តែបាត់ដៃគូទៅជាមួយខ្ញុំ មិនដឹងថាគាត់ជាមនុស្សយ៉ាងម៉េចទេ តែខ្ញុំមានអារម្មណ៍អាណិតគាត់ណាស់»។
គួបញ្ជាក់ផងដែរថា ការខកខានដំណើរទៅកាន់ឯនាយសមុទ្រជាលើកដំបូងរបស់តារាចម្រៀង លោក ប៊ុត សីហា ក៏ព្រោះតែស្ថានទូតអាមេរិក ប្រចាំនៅប្រទេសកម្ពុជា បានសម្រេចផ្អាកការចេញវីសាឱ្យតារារូបនេះ បន្ទាប់ពីកើតមានរឿងរ៉ាវជុំវិញការចាប់ខ្លួនប៊ុត សីហាពាក់ព័ន្ធគ្រឿងញៀន៕