ខណៈពេលដែលវិស័យកសិកម្មកម្ពុជាកំពុងប្រឈមនឹងការធ្លាក់ចុះនូវកម្លាំងពលកម្ម អ្នកជំនាញក្នុងវិស័យកសិកម្មកំពុងរៀបចំគម្រោងកំណត់តំបន់ដាំដុះទៅតាមប្រភេទដំណាំ និង សក្តានុពលដី ក៏ដូចជាប្រព័ន្ធគ្រប់គ្រងតាមបច្ចេកវិទ្យាឱ្យមានលក្ខណៈល្អប្រសើរ ដើម្បីធានាប្រសិទ្ធភាពក្នុងការដាំដុះ។
កម្លាំងពលកម្មក្នុងវិស័យកសិកម្មនឹងបន្តធ្លាក់ចុះជាបន្តបន្ទាប់ រហូតនៅត្រឹមប្រមាណតែ 29%ប៉ុណ្ណោះនាទសវត្សរ៍ក្រោយនេះ ហើយធនធានមនុស្សក្នុងវិស័យកសិកម្មថែមទាំងត្រូវការអ្នកជំនាញខ្ពស់ទៀតផងនៅថ្ងៃអនាគត ទើបអាចឆ្លើយតបនឹងទំហំការងារដែលធ្លាប់ដោះស្រាយដោយប្រជាជនប្រមាណ 80%នៃអត្រាប្រជាជនសរុបបាន។ នេះបើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា កម្លាំងពលកម្មកសិកម្មបាននិងកំពុងមានការធ្លាក់ចុះជាបន្តបន្ទាប់ ហើយតាមការព្យាកររបស់ក្រសួងបានបង្ហាញថា កម្លាំងពលកម្មនេះនឹងអាចធ្លាក់ចុះមកនៅត្រឹម 29% នៅឆ្នាំ2030 និងធ្លាក់ដល់ 22% នៅឆ្នាំ2050។ របាយការណ៍របស់ក្រសួងកសិកម្ម បានបង្ហាញឱ្យឃើញថា កម្លាំងពលកម្មក្នុងវិស័យកសិកម្មបានធ្លាក់ចុះយ៉ាងគំហុកពី80% នៅឆ្នាំ1993 និង60%នៅឆ្នាំ2005 និងបានធ្លាក់ចុះមកជិត 40%នៅឆ្នាំ2017ដែលទើបកន្លងផុតទៅថ្មីៗនេះ។
មូលហេតុដែលបណ្តាលឱ្យធ្លាក់ចុះកម្លាំងពលកម្មក្នុងវិស័យនេះ គឺបណ្តាលមកពីកសិករខ្នាតតូចរកចំណូលបានពីរបរកសិកម្មស្ថិតនៅថេរ ឬតិចជាងមុន ដែលមិនអាចទ្រទ្រង់នឹងជីវភាពរបស់ខ្លួនក្នុងស្ថានភាពសេដ្ឋកិច្ចជាតិនាពេលបច្ចុប្បន្នបាន។ កត្តានេះបានជំរុញឱ្យកសិករបោះបង់របរកសិកម្ម បែរទៅធ្វើចំណាកស្រុកស្វែងរកការងារដែលទទួលបានចំណូលប្រសើរជាង។
ចរន្តនៃការបន្តធ្លាក់ចុះកម្លាំងពលកម្មក្នុងវិស័យកសិកម្មនេះអាចនឹងបង្កជាក្តីបារម្ភដល់លទ្ធភាពកម្ពុជាក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដែលគេតែងចាត់ទុកជាក្បាលម៉ាស៊ីនសេដ្ឋកិច្ច និង ទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនោះ។
របាយការណ៍ក្រសួងកសិកម្ម បានឱ្យដឹងថា កម្លាំងពលកម្មក្នុងវិស័យនេះកាលពីឆ្នាំ2009 មានចំនួន 57.6%នៃពលកម្មសរុប។ អត្រាកម្លាំងពលកម្មបានថយចុះមកត្រឹមតែ 54.8% នៅឆ្នាំ 2010 និងបន្តថយចុះមកនៅត្រឹម 48.7% នៅឆ្នាំ2013។
ឯកឧត្តម វេង សាខុន បានបញ្ជាក់៖ “កសិកម្មនៅប្រទេសកម្ពុជាបាននិងកំពុងប្រែក្លាយពីរបៀបធ្វើកសិកម្មជាលក្ខណៈគ្រួសារ កសិកម្មតាមបែបប្រពៃណី មកធ្វើកសិកម្មតាមបែបប្រពលវប្បកម្ម និងទំនើបកម្មកសិកម្មវិញម្ដង។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងបញ្ចប់ការរៀបចំផែនទីបឋមនៃការកំណត់តំបន់ដាំដុះនៅកម្ពុជាឱ្យបានមុនពាក់កណ្តាលខែមីនា ឆ្នាំ2018 ក្នុងគោលបំណងរៀបចំការចាត់ចំណាត់ថ្នាក់ដី គុណភាពដីក្សេត្របរិស្ថាន និងប្រភពទឹកឱ្យសមស្របតាមប្រភេទដំណាំ ដើម្បីឆ្លើយតបចំពោះតម្រូវការទីផ្សារក្នុងស្រុក ក៏ដូចជាទីផ្សារនាំចេញដែរ។ នេះបើតាមការអះអាងរបស់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកសិកម្ម។
នៅរសៀលថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ2018 មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរៀបចំកិច្ចប្រជុំលើកទី2 នៃគណៈកម្មាធិការកំណត់តំបន់ដាំដុះរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម។
ឯកឧត្តម ហ៊ាន វណ្ណហន បញ្ជាក់ថា៖ “ការងារកំណត់តំបន់ដាំដុះ (ដំណាំនីមួយៗសមស្របនៅកន្លែងណា) ជាសកម្មភាពគាំទ្រភាពជោគជ័យបេសកកម្មរបស់អគ្គនាយកដ្ឋានកសិកម្ម ដែលត្រូវបំពេញដោយការួមគ្នារវាងនាយកដ្ឋានគ្រប់គ្រងធនធានដី ដំណាំស្រូវ ដំណាំឧស្សាហកម្ម សាកវប្បកម្មដំណាំរួមផ្សំ និងមន្ទីរពិសោធកសិកម្មជាតិ។
គួរបញ្ជាក់ដែរថា យោងតាមកិច្ចប្រជុំរបស់មន្ត្រីជំនាញកសិកម្ម បានឯកភាពគ្នាទៅលើចំណុចសំខាន់ៗជាច្រើនរួមមានដូចជា៖
1) រៀបចំការកំណត់ជាបឋមនូវតំបន់ដាំដុះដោយផ្អែកលើទិន្នន័យពាក់ព័ន្ធដែលមានស្រាប់ ក្នុងនោះទិន្នន័យចំណាត់ថ្នាក់ដីរបស់លោក ក្រូឃ័រនិងប៉ារ៉ាមែត្រចំនួន 5 ដែលផ្តល់ភាពសមស្របដល់ការលូតលាស់នៃដំណាំដែលរួមមាន ប្រភេទដីជម្រាលដី រយៈកម្ពស់ កម្ពស់ទឹកភ្លៀង និងបច្ចុប្បន្នភាពនៃការប្រើប្រាស់ដី។ ការកំណត់នេះ មិនកំណត់លើតំបន់អភិរក្ស និងតំបន់ព្រៃ។
2) ដំណាំអាទិភាពដែលជ្រើសរើសត្រូវផ្អែកលើមុខដំណាំដែល៖
ក)កំពុងមានការពង្រីកផ្ទៃដី
ខ)ដែលកំណត់ក្នុងគោលនយោបាយជាតិ
គ)អាចនឹងផ្តល់ផលចំណេញខ្ពស់ដល់កសិករ
ឃ)ដែលមិនមានសក្តានុពលប៉ះពាល់ធនធានដី។ ផ្អែកលើគោលការណ៍នេះ អង្គប្រជុំ បានសម្រេចយកមុខដំណាំស្រូវ ស្រូវចម្ការ ស្រូវឡើងទឹក ស្វាយចន្ទី ម្រេច ពោត ស្វាយ ទុរេន និងការ៉ុត។
3) ពេលវេលា ត្រូវកំណត់ឱ្យនាយកដ្ឋានដំណាំទាំង 3 ផ្តល់ព័ត៌មានបច្ចេកទេសតាមទម្រង់នៃគោលការណ៍ក្នុងចំណុច 2ខាងលើឱ្យបានមួយមុខដំណាំដែលបានឯកភាពក្នុងរយៈពេល 3ថ្ងៃ ចាប់ពីថ្ងៃនេះជូនដំណឹងទៅនាយកដ្ឋានគ្រប់គ្រងធនធានដី ដើម្បីនាយកដ្ឋាននោះចាត់ការបញ្ចូលក្នុងកម្មវិធីរៀបចំផែនទី។ មន្ទីរពិសោធកសិកម្មជាតិជាជំនួយការក្នុងការវិភាគភាពសមស្របចំពោះទីតាំង និងមុខដំណាំ។
4) រៀបចំគម្រោងផែនការសកម្មភាពពេញលេញរយៈពេល 1ឆ្នាំ (អាចត្រូវការធនធានច្រើន) ឬរយៈពេល 3ឆ្នាំ (អាចត្រូវការធនធានថវិកាតិចជាង)ដោយសកម្មភាពនោះនឹងឈានដល់ការកំណត់តំបន់ដាំដុះមួយកាន់តែមានភាពឥតខ្ចោះខ្ពស់ឡើងដោយផ្អែកលើបច្ចុប្បន្នភាពនៃការវិភាគដីនៅទូទាំងប្រទេសកម្ពុជាឡើងវិញ។ គម្រោងនឹងបញ្ចូលពីសម្ភារការិយាល័យ ឧបករណ៍ថតរូបពីអាកាស រថយន្ត ការបណ្តុះបណ្តាលធនធានមនុស្ស ថ្លៃប្រតិបត្តិការ ជាដើម៕