តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាបង្ហាញម៉ូដ និងសម្ដែងប្រុស លោក ចន អាឡិចដាហ្វី ដែលត្រូវជាប្អូនប្រុសរបស់លោក ចន អាឡិចហ្សូរ៉ា នោះ បានបង្ហោះវីដេអូជាមួយតារាបង្ហាញម៉ូដស្រី ប្រាសាទ ដាវីន ដែលតាមរយៈវីដេអូរយៈពេលមិនដល់ 1នាទីនោះ គេមើលឃើញថា អ្នកទាំងពីរបានបង្ហាញពីភាពផ្អែមល្ហែម ដោយការប្រឡែងថើបគ្នាយ៉ាងល្អូកល្អិន និងរីករាយនៅលើម៉ូតូកង់បី ខណៈពេលកំពុងតែធ្វើដំណើរ។
យ៉ាងណាមិញ តារាប្រុសវ័យក្មេងរូបនេះ បានរៀបរាប់ជាសារយ៉ាងផ្អែមល្ហែមនៅលើអ៊ីនស្ដាក្រាមរបស់រូបលោកថា «អរគុណព្រះជាម្ចាស់ដែលបាននាំនារីដ៏ស្រស់សោភា (ដែលមិនមែនស្រស់ស្អាតតែរូបរាងខាងក្រៅ ) មកកាន់ពិភពលោកដ៏អស្ចារ្យនេះ #penhbesdoung (ពេញបេះដូង)» ក្នុងនោះផងដែរ សារយ៉ាងផ្អែមជាងទឹកឃ្មុំនេះបានធ្វើឱ្យមហាជនកាន់តែសង្ស័យជាខ្លាំងចំពោះទំនាក់ទំនងជិតស្និទ្ធស្អិតល្មួតរបស់អ្នកទាំងពីរ។
គួររំឭកផងដែរថា កន្លងទៅថ្មីៗនេះ តារាប្រុស ដាហ្វី ធ្លាប់បានបង្ហាញរូបថតពីរសន្លឹកនៅលើហ្វេសប៊ុកដែលគេមើលឃើញថា តារាស្រី ប្រាសាទ ដាវីន កំពុងជិះលើស្មារបស់តួប្រុស ចន អាឡិចដាហ្វី ក្នុងឈុតប៊ីគីនីដ៏សែនសិចស៊ី។ បើទោះជាអ្នកនាងជាស្រីមេម៉ាយកូនមួយក្តី ក៏អ្នកនាងនៅតែមានរូបរាងស្អាតស្រឡូនមិនចាញ់ក្រមុំៗឡើយ នេះក៏ព្រោះតែអ្នកនាងបានហាត់យោហ្គាដែលជាកីឡាកាយវប្បកម្មថ្មីសម្រាប់នារីៗ ក៏អាចជាហេតុបណ្ដាលឱ្យ ដាហ្វី សម្លឹងឃើញរូបនាងផងដែរ៕