Paris Saint-Germain កំពុងតែត្រៀមសម្រាប់ការប្រកួតមួយឱ្យទាន់ពេលវេលាដើម្បីអាចធ្វើឱ្យ Neymar ត្រៀមលក្ខណៈរួចរាល់សម្រាប់ការប្រកួតដ៏សំខាន់ក្នុងក្របខ័ណ្ឌ Champions League ជាមួយនឹងក្រុម Real Madrid នៅសប្តាហ៍ក្រោយ បន្ទាប់ពីរូបគេបានរងរបួសកជើង នៅពេលប្រកួតជាមួយនឹងក្រុម Marseille កាលពីថ្ងៃអាទិត្យ។
តារាឆ្នើមអន្តរជាតិប្រេស៊ីលរូបនេះ ត្រូវបានសែងចេញពីទីលានទាំងទឹកភ្នែក នៅពេលជិតបញ្ចប់ការប្រកួតក្នុងពេលក្រុម PSG ទទួលជ័យជម្នះ 3-០ លើគូប្រជែងដ៏ខ្លាំងរបស់ពួកគេ នាកីឡដ្ឋាន Parc des Princes ក្រោយពីរូបគេបានក្រឡាច់កជើង និងដួលនៅលើទីលានទាំងការឈឺចាប់។
លោក Unai Emery គ្រូបង្វឹករបស់ក្រុម PSG បាននិយាយបន្ទាប់ពីការប្រកួតនេះថា ការត្រួតពិនិត្យជាបឋមក្នុងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់ បានបង្ហាញថា Neymar ក្រឡាច់កជើងរបស់គេ។ កាសែត Le Parisien បានចេញផ្សាយថា ខ្សែប្រយុទ្ធវ័យ 26ឆ្នាំរូបនេះបានទទួលការពិនិត្យអាការបន្ថែមទៀតនៅឯមន្ទីរពេទ្យ ក្បែរទីក្រុងប៉ារីស កាលពីព្រឹកថ្ងៃចន្ទ ខណៈដែលការធ្វើតេស្តបានបង្ហាញថា រូបគេមិនរងរបួសធ្ងន់ធ្ងរឡើយ។
បន្ទាប់ពីការប្រកួតកាលពីថ្ងៃអាទិត្យ ខ្សែការពារ Thiago Silva របស់ PSG បាននិយាយថា៖ «ខ្ញុំមិនមែនជាវេជ្ជបណ្ឌិតឡើយ ប៉ុន្តែខ្ញុំគិតថា Neymar នឹងមិនអាចចូលលេងនៅថ្ងៃពុធនេះនៅពេលដែលក្រុម PSG ត្រូវប្រកួតជាមួយនឹងក្រុម Marseille ម្តងទៀតក្នុងពាន French Cup បានឡើយ។ រូបគេត្រូវតែសម្រាក»៕
ប្រភពពី៖ Channel News Asia