និន្នាការនៃការទទួលទានកាហ្វេរបស់ប្រជាជនខ្មែរកាន់តែមានចំនួនច្រើនឡើងៗ មិនថាតែនៅរាជធានីភ្នំពេញ និងនៅតាមទីប្រជុំជនក្នុងបណ្តាខេត្តផ្សេងៗនោះទេ ធ្វើឱ្យទីផ្សារកាហ្វេក្នុងស្រុកកាន់តែមានតម្រូវការច្រើនឡើងៗដែរ។
លោក ប៊ូ សុភាព ម្ចាស់រមណីយដ្ឋានចម្ការកាហ្វេមានប្រសាសន៍ថា បច្ចុប្បន្ននិន្នាការនៃការទទួលទានកាហ្វេពិតជាមានចំនួនច្រើនឡើងៗប្រាកដមែន ហើយតម្រូវការកុម្ម៉ង់ទិញគ្រាប់កាហ្វេក៏មានកាន់តែច្រើនឡើងៗដូចគ្នាដែរ ទាំងកុម្ម៉ង់ទិញក្នុងស្រុក និងក្រៅស្រុក ដែលនេះជាកត្តាជំរុញឱ្យកសិករមួយចំនួនពង្រីកការដាំដុះរបស់ខ្លួនបន្ថែម ហើយកសិករនៅតាមបណ្តាខេត្តមួយចំនួនទៀតក៏បានផ្លាស់ប្តូរឈប់ដាំដំណាំស្វាយ ឬកៅស៊ូដោយងាកមកដាំកាហ្វេជាហូរហែផងដែរ ដូចជាខេត្តមណ្ឌលគិរី រតនគិរី និងកំពង់ចាមជាដើម។
លោកបញ្ជាក់ថា បច្ចុប្បន្នលោកបានពង្រីកការដាំដុះកាហ្វេបានចំនួន 28ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងភូមិចំការតែ ឃុំស្ពានមានជ័យ ក្រុងសែនមនោរម្យ ផ្លូវឆ្ពោះទៅទឹកជ្រោះប៊ូស្រាមានចម្ងាយប្រមាណជា 3.5គីឡូម៉ែត្រពីទីរួមខេត្តមណ្ឌលគិរី ដែលមានទេសចរទៅកម្សាន្ត និងទិញកាហ្វេទុកទទួលទានជាលក្ខណៈគ្រួសារជាហូរហែហើយក្រៅពីនោះមានអតិថិជនតាមបណ្តាខេត្តផ្សេងៗបានកុម្ម៉ង់ទិញជាប្រចាំទៀតផង ដែលមានតម្លៃ 20ដុល្លារក្នុងមួយគីឡូក្រាម។ ក្រៅតែពីទីផ្សារក្នុងស្រុកហើយ លោកក៏បានផ្គត់ផ្គង់ទៅឱ្យអតិថិជននៅក្រៅស្រុកទៀតផង ដូចជានៅសហរដ្ឋអាមេរិក ចិនតៃវ៉ាន់ និងកូរ៉េខាងត្បូងជាដើម ប៉ុន្តែចំនួនផ្គត់ផ្គង់ទៅក្រៅស្រុកមិនសូវច្រើនដូចនៅក្នុងស្រុកទេដោយសារតែទម្លាប់នៃការទទួលទានកាហ្វេរបស់ប្រជាជនខ្មែរយើងកាន់តែមានច្រើនឡើងៗហ្នឹងឯង។
កាហ្វេដែលលោកដាំនោះមានពីរប្រភេទ គឺរ៉ូបូស្តា(Robosta) និងអារ៉ាប៊ីកា(Arabica) ប៉ុន្តែប្រភេទដែលងាយស្រួលដាំ និងងាយស្រួលថែទាំនោះ គឺពូជRobosta ដោយសារនីវ៉ូទឹកនៅខេត្តមណ្ឌលគិរីទាបជាងនៅតំបន់ជាប់មាត់សមុទ្រ។
ជាមួយគ្នានេះ លោក ចៅ ស៊ីហូវ អ្នកបច្ចេកទេសប្រចាំរមណីយដ្ឋានកាហ្វេខាងលើបានឱ្យដឹងដែរថា មុននឹងដាំ គេត្រូវយកគ្រាប់កាហ្វេទៅបណ្តុះជាកូនជាមុន រហូតដល់កូនកាហ្វេមានអាយុប្រហែល5 ទៅ6ខែ។ ខណៈពេលកូនកាហ្វេចេញស្លឹកចំនួន6 ឬ7សន្លឹក គេចាប់ផ្តើមយកកូនកាហ្វេទៅដាក់ដាំក្នុងរណ្តៅដែលមានទំហំ 4ម៉ែត្របួនជ្រុង និងជម្រៅ 0.5ម៉ែត្រ ដោយដាំឃ្លាតពីគ្នាចន្លោះ 4ម៉ែត្រ4ជ្រុងពីដើមមួយទៅដើមមួយ(ជារាងការ៉េ)។
អ្នកបច្ចេកទេសខាងលើបន្តថា មុននឹងដាំគេត្រូវជីករណ្តៅទុក រួចហាលឱ្យស្ងួត ដើម្បីសម្លាប់មេរោគក្នុងដីជាមុន រួចហើយទើបគេយកជីលាមកគោមកដាក់ទ្រាប់បាតរណ្តៅ បន្ទាប់មកទើបគេចាប់ផ្តើមដាក់ដាំតែម្តង ដែលក្នុងមួយហិកតា ប្រើកូនដាំបានចន្លោះពី900 ទៅជាង1,000ដើម ជាទូទៅត្រូវចំណាយថ្លៃដាំចន្លោះពីជាង 1,000 ទៅ2,000ដុល្លារក្នុងមួយហិកតា។ ក្រោយពីដាំដុះរួច យើងមិនសូវជាពិបាកថែទាំប៉ុន្មានទេ បើសិនជារដូវវស្សាផង មិនបាច់ស្រោចទឹកទេ តែបើរដូវប្រាំងវិញ ត្រូវស្រោចទឹករយៈពេល7-10ថ្ងៃម្តង រហូតដល់ដើមកាហ្វេឡើងកម្ពស់បានជិត 2ម៉ែត្រ ទើបគេត្រូវក្តិចត្រួយវាចេញ កុំឱ្យដើមកាហ្វេលូតខ្ពស់ពេក ងាយស្រួលថែទាំ និងបេះផ្លែវា។ យ៉ាងណាក៏ដោយ ការដាំកាហ្វេទាមទារឱ្យកសិករថែទាំខ្លាំងចំពោះសត្វល្អិតចង្រៃ ជាពិសេសចៃ និងសត្វខ្មូត។
ជាទូទៅដើមកាហ្វេចាប់ផ្តើមឱ្យផលនៅពេលវាមានអាយុ2 ឬ2ឆ្នាំជាង ប៉ុន្តែនៅពេលកាហ្វេចេញផ្លែដំបូងគេមិនទុកគ្រាប់បេះនៅពេលទុំទេ ពោលគឺកសិករត្រូវដើរកាត់គ្រាប់នោះទម្លាក់ចោល ដើម្បីឱ្យដើមកាហ្វេនៅមានកម្លាំង និងលូតលាស់បានល្អ រហូតដល់កាហ្វេអាយុបាន3-4ឆ្នាំ ទើបវាចាប់ផ្តើមឱ្យផលពេញលេញ ដែលក្នុងមួយហិកតាគេអាចបេះប្រមូលបានពី3 ទៅ5តោនក្នុងមួយឆ្នាំ។ ដើមកាហ្វេឱ្យផលរយៈពេលវែង មានអាយុចាប់ពីជាង20ឆ្នាំ ទៅ30ឆ្នាំ ប៉ុន្តែនៅពេលដែលដើមកាហ្វេចាស់ គេនឹងកាប់ដើមចោល ទុកប្រវែងប្រហែលជាកន្លះម៉ែត្រពីដី ហើយថែទាំជាថ្មីឡើងវិញបន្តទៀត។ កាហ្វេនឹងផ្តល់ផលម្តងទៀតនៅអំឡុងពីរឆ្នាំបន្ទាប់ពីកាប់ដើមចោលលើកដំបូងហើយ៕