ដោយសារកំណើនទេសចរបរទេសដែលចូលមកទស្សនាកម្សាន្តក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ បានធ្វើឱ្យកម្ពុជាមានតម្រូវការមគ្គុទេសក៍ទេសចរណ៍ជាង1ម៉ឺននាក់បន្ថែមទៀតសម្រាប់បម្រើក្នុងវិស័យនេះ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិក្ខាកាមមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់សៀមរាប និងតំបន់ជុំវិញជំនាន់ទី24 កាលពីចុងសប្តាហ៍មុន ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា មគ្គុទ្ទេសក៍ទេសចរណ៍ជាទូតនាំសារនូវវប្បធម៌ អរិយធម៌ និងកិត្យានុភាពរបស់ជាតិទៅកាន់ភ្ញៀវទេសចរដោយផ្ទាល់ ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីទស្សនទានដែលថា «អត្តសញ្ញាណរបស់អ្នកជាអនាគតរបស់អ្នក» គឺសំដៅឱ្យមគ្គុទ្ទេសក៍ទេសចរណ៍ខិតខំពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ ក្រមសីលធម៌វិជ្ជាជីវៈ និងមានអត្តចរិតស្លូតបូត ចូលរួមចំណែកលើកកម្ពស់អត្តសញ្ញាណជាតិ ដែលនឹងនាំមកនូវអនាគតប្រសើរដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។
ឯកឧត្តមបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត និងគោរពឱ្យបាននូវក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ នៅពេលប្រកបវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ និងចៀសវាងឱ្យបាននូវរាល់សកម្មភាពទាំងឡាយណា ដែលប្រាសចាកពីសីលធម៌សង្គម និងអនុក្រឹត្យស្តីពីមគ្គុទ្ទេសក៍ទេសចរណ៍។
សូមរំឭកថា វិស័យទេសចរណ៍កម្ពុជាបានចូលរួមចំណែកប្រមាណ 12% នៃផលិតផលក្នុងស្រុកសរុប (GDP) និងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយនៅក្នុងឆ្នាំ2017 កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ 5,6លាននាក់ ក្នុងកំណើន 11.8%។ តាមការព្យាករ ទេសចរអន្តរជាតិប្រមាណ 7លាននាក់ នៅឆ្នាំ2020 ឧស្សាហកម្មទេសចរណ៍នឹងបង្កើតឱកាសការងារផ្ទាល់ប្រមាណ 1លាននាក់ និងប្រមាណ 1.2លាននាក់ នៅឆ្នាំ2025 ព្រមទាំងប្រមាណ 1,7លាននាក់ នៅឆ្នាំ2030។
បច្ចុប្បន្ន កម្ពុជាមានមគ្គុទ្ទេសក៍ទេសចរណ៍ជាង 5,000នាក់ និងមានតម្រូវការប្រមាណ 1ម៉ឺននាក់បន្ថែមទៀត ដើម្បីឆ្លើយតបនឹងកំណើនទេសចរជាង7លាននាក់ នៅឆ្នាំ2020៕