នៅព្រឹកថ្ងៃទី26 ខែកុម្ភៈ ឆ្នាំ2018 នេះតារាចម្រៀង និងជាម្ចាស់ពាន The Voive Cambodia រដូវកាលទី1 គឺលោក ប៊ុត សីហា បានធ្វើដំណើរទៅស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាដើម្បីស្នើសុំទិដ្ឋាការ(Visa)ទៅសម្ដែងនៅលើទឹកសហរដ្ឋអាមេរិក តែជាអកុសលតារាប្រុសរូបនេះត្រូវបានខាងស្ថានទូតបដិសេធផ្ដល់ទិដ្ឋាការជូន ក្រោយពេលលោកបានផ្ទុះនូវរឿងអាស្រូវដែលជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន។ នៅក្នុងនោះដែរ លោក សីហា បានធ្វើការ Live Video នៅលើហ្វេសប៊ុកផ្ទាល់ភ្លាមៗ ដោយអះអាងថា ការមិនផ្តល់វិសាឱ្យលោកនោះព្រោះតែរឿងព័ត៌មានអាស្រូវ និងការផ្សាយព័ត៌មានមិនច្បាស់ការ។
តាមរយៈ Video Live លោកបាននិយាយថា «ខាងស្ថានទូតអាមេរិកមិនព្រមផ្តល់វីសាឱ្យលោកទេ ដែលជាហេតុធ្វើឱ្យលោកក្តៅចិត្តយ៉ាងខ្លាំង។ ដោយសារតែការចុះផ្សាយព័ត៌មាននាពេលកន្លងមក ធ្វើឱ្យពាក់ព័ន្ធដល់រឿងការមិនទទួលបានវីសាទៅអាមេរិក»។ លោកថា រឿងទាំងអស់ សុទ្ធតែមានការយល់ច្រឡំ ទើបធ្វើឱ្យខកខានបែបនេះ។
តារាចម្រៀងប្រុសរូបនេះបានបញ្ជាក់ថា លោកពិតជាត្រូវបានសមត្ថកិច្ចចាប់ខ្លួនមែន ប៉ុន្តែក្នុងនោះលោកគឺជាភ្នាក់ងារបង្កប់របស់សមត្ថកិច្ចដែលបន្លំខ្លួនចូលទៅក្នុងចំណោមអ្នកប្រើប្រាស់គ្រឿងញៀនតែប៉ុណ្ណោះ។ លោកបានអះអាងទៀតថា អ្នករស់នៅជិតខាងផ្ទះចាស់របស់លោកដែលបានលក់បាត់ទៅហើយនោះបានផ្ដល់ព័ត៌មាននេះទៅកាន់អ្នកសារព័ត៌មានក្នុងស្រុកមួយ ដែលធ្វើឱ្យមានការយល់ច្រឡំ និងចេញផ្សាយពីរូបលោកថា បានប្រើប្រាស់គ្រឿងញឿន។ តែយ៉ាងណាក្ដី លោកបន្ដថា ខាងមេកោយរបស់លោកដែលជាមន្ត្រីធំនៃនាយកដ្ឋានបង្រ្កាបគ្រឿងញៀននោះបានស្នើសុំឱ្យកែព័ត៌មានជាថ្មីឡើងវិញ ហើយខាងសារព័ត៌មាននោះក៏បានកែរួចរាល់ហើយដែរ។
តែជាចុងក្រោយ ដោយសារតែមានព័ត៌មានមិនច្បាស់ការចេះតែចេញផ្សាយជាបន្ដបន្ទាប់ជាច្រើននោះ ទើបជាហេតុបណ្ដាលឱ្យលោករងគ្រោះដោយសាររឿងភាន់ច្រឡំនេះ ហើយខកខានមិនបានធ្វើដំណើរទៅសហរដ្ឋអាមេរិក ដែលលោកសួរថា «តើនរណាជាអ្នកទទួលខុសត្រូវក្នុងរឿងនេះ?»៕