ខ្សែប្រយុទ្ធ Romelu Lukaku ដែលជាអតីតតារាឆ្នើមរបស់ក្លិប Chelsea បានស៊ុតបាល់បញ្ចូលទី 1គ្រាប់ និងបានជួយឱ្យមិត្តរួមក្រុមរកបាន 1គ្រាប់ទៀត ក្នុងពេលក្រុម Manchester United បានបំពេញការវាយបកដើម្បីផ្តួលក្រុមតោខៀវមួយនេះក្នុងលទ្ធផល 2-1 នាកីឡដ្ឋាន Old Trafford កាលពីថ្ងៃអាទិត្យ។
ជ័យជម្នះនេះបានធ្វើឱ្យក្រុម Man United វិលទៅឈរក្នុងចំណាត់ថ្នាក់លេខ 2 វិញនៅលើតារាងក្របខ័ណ្ឌ Premier League ប៉ុន្តែនៅតែដេញតាមពីក្រោយក្រុម Manchester City 13ពិន្ទុដដែល ខណៈដែល Chelsea ធ្លាក់ទៅឈរពីក្រោមក្រុម Tottenham ក្នុងចំណាត់ថ្នាក់លេខ5។
ទាក់ទងនឹងទម្រង់លេងរបស់ Lukaku លោក Mourinho បានឱ្យដឹងថា៖ «ខ្ញុំគិតថា រូបគេបានលេងយ៉ាងល្អ។ ក្រុមនេះមិនបានចាប់ផ្តើមល្អឡើយ មិនបានចាប់ផ្តើមប្រកបដោយការជឿជាក់ឡើយ ហើយបញ្ហានេះបានកើតឡើងលើរូបគេដូចគ្នា។ រូបគេហាក់ដូចជាបាត់បង់នូវការផ្តោតអារម្មណ៍បន្តិច ប៉ុន្តែបន្ទាប់មករូបគេបានលេងស៊ីចង្វាក់គ្នាល្អជាមួយនឹងក្រុមនេះ»។
Lukaku បាននិយាយបន្ទាប់ពីការប្រកួតថា៖ «វាជាថ្ងៃដ៏ល្អមួយសម្រាប់ខ្ញុំ ហើយយើងបានឈ្នះ ហេតុនេះជ័យជម្នះនោះគឺជារឿងដ៏សំខាន់បំផុត»។
ខ្សែប្រយុទ្ធរូបនេះបានបន្ថែមទៀតថា៖ «ការដណ្តើមបានជ័យជម្នះនឹងផ្តល់លទ្ធផលកាន់តែល្អប្រសើរសម្រាប់ខ្ញុំ ប៉ុន្តែក្នុងការរកគ្រាប់បាល់នៅមុនពេលបញ្ចប់តង់ទី1គឺជារឿងដ៏សំខាន់សម្រាប់យើង។ យើងបានបង្ហាញពីគុណភាពរបស់យើង និងការស្រេកឃ្លានជ័យជម្នះរបស់យើងក្នុងតង់ទី2»៕
ប្រភពពី៖ Sport24