លោក Pep Guardiola បានឈ្នះពានរង្វាន់ជាលើកទី1 របស់លោកជាមួយនឹងក្លិប Manchester City គិតចាប់តាំងពីពេលចូលមកដឹកនាំក្រុមនេះកាលពីឆ្នាំ2016 ក្រោយពីពួកគេបានផ្តួលក្រុម Arsenal 3-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីឈ្នះពាន Carabao Cup កាលពីថ្ងៃអាទិត្យ។
កីឡាករជើងចាស់ 3នាក់របស់ក្រុម Man City ដែលរួមមាន Sergio Aguero, Vincent Kompany និង David Silva សុទ្ធសឹងរកបានគ្រាប់បាល់បញ្ចូលទីដូចគ្នា ដើម្បីជួយឱ្យក្រុមរបស់ខ្លួនឈ្នះពានជាលើកទី1ក្រោមការដឹកនាំរបស់លោក Guardiola។ Arsenal បានបង្កើតឱកាសយ៉ាងល្អនៅដើមតង់ទី1 នៅពេលដែលខ្សែបម្រើ Mesut Ozil បានបញ្ជូនបាល់ទៅឱ្យខ្សែប្រយុទ្ធ Pierre EmerickAubameyang ប៉ុន្តែការស៊ុតរបស់គេត្រូវបានសង្គ្រោះដោយអ្នកចាំទី Claudio Bravo។
វាគឺជាការឆ្លើយតបដ៏កក់ក្តៅមួយពីសំណាក់ក្រុមដែលកំពុងនាំមុខលើតារាងក្របខ័ណ្ឌ Premier League មួយនេះ ក្រោយពីការប្រជែងដើម្បីឈ្នះពាន4 ក្នុងរដូវកាលតែមួយរបស់ពួកគេបានបញ្ចប់យ៉ាងមិននឹកស្មានដល់តាម រយៈការធ្លាក់ចេញពីពាន FA Cup ក្រោមស្នាដៃក្រុមស្ថិតក្នុង League One គឺ Wigan កាលពីថ្ងៃចន្ទសប្ដាហ៍មុន។ លោក Guardiola បានឱ្យដឹងថា៖ «វាពិតជាសំខាន់ណាស់។
យើងពិតជារីករាយ និងសូមអបអរយ៉ាងធំធេងដល់រាល់កីឡាកររបស់ក្រុម Man City និងអ្នកគាំទ្ររបស់យើង។ ពាននេះគឺសម្រាប់ Manchester City មិនមែនសម្រាប់ខ្ញុំឡើយ»។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានបន្ថែមទៀតថា៖ «នៅតង់ទី1 យើងលេងមិនបានល្អឡើយ។ យើងបានធ្វើឱ្យមានកំហុសជាច្រើន។ ក្នុងតង់ទី2 យើងបានលេងជាមួយនឹងការលើកទឹកចិត្តច្រើនជាង»៕
ប្រភពពី៖ The Sun