Skip to content

កម្ពុជា-ថៃ ប្តេជ្ញា​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​និង​ធ្វើការ​ដោះស្រាយ​បញ្ហា​រាំងស្ទះផ្សេងៗ

ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ បានបង្ហាញ​ពី​ការប្តេជ្ញា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យបាន​ដល់ 15ពាន់​លាន​ដុល្លា​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ ខណៈដែល​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​នា​ឆ្នាំ​កន្លងទៅ​បានបង្ហាញ​ពី​សញ្ញា​កើនឡើង​តិចតួច​ដោយសារ​ការប្រកួត​ប្រជែង​ខ្លាំង​ពី​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់។

ដើម្បី​គាំទ្រ​ដល់​ការប្តេជ្ញាចិត្ត​នេះ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរបាន​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​ពីរ គឺ 1) យុទ្ធសាស្ត្រ​កំណើន​នៃ​កិច្ច​សហ-ប្រតិបត្តិការ​សេដ្ឋកិច្ច​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន និង2) អនុស្សរណៈ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ជំរុញ​ពាណិជ្ជកម្ម។

នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ផ្នែក​ពាណិជ្ជកម្ម​រវាង​កម្ពុជា-ថៃ​លើក​ទី6 (6th JTC) ដែលមាន​រយៈពេល​ពីរ​ថ្ងៃ ពីថ្ងៃ​ទី21 ដល់22 ខែកុម្ភៈ ឆ្នាំ2018 ក្រោម​អធិបតីភាព​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម សុន​ធិ​រ៉ាត់ សុន​ធិ​ជី​រ៉ា​វង្ស (Sontirat Sontijirawong) រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ និង​មានការ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់ និង​តំណាង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំងពីរ​ប្រមាណ​ជាង 100នាក់​ដើម្បី​ពិនិត្យមើល​ឡើងវិញ​នូវ​វឌ្ឍនភាព​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី។

ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះដែរ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឱ្យដឹងថា បន្ទាប់ពី​ការជួប​ជជែក​គ្នា​ភាគី​កម្ពុជា​បាន​លើក​បញ្ហាត្រង់ៗជាមួយ​ភាគី​ថៃ ហើយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ថៃ​ហាក់​បាន​សម្ដែង​ឱ្យឃើញ​នូវ​ឆន្ទៈ​ក្នុងការ​ដោះស្រាយ​បញ្ហា​ដែល​សំណូមពរ​ដោយ​អ្នក​ធុរកិច្ច​កម្ពុជា​ផងដែរ។

លោក​ឱក​ញ៉ា បាន​បញ្ជាក់ថា៖ “យើង​បាន​ប្រាប់ គាត់​រួចហើយ ពី​ផល​លំបាក​របស់​យើង​ក្នុង​ការដឹក​កសិផល​ទៅកាន់​ប្រទេស​គាត់ និង​ភាពយឺតយ៉ាវ​ក្នុងការ​ដឹកទំនិញ​ឆ្លងកាត់ ដោយសារ​ពេលព្រឹក​មន្ត្រី​តាម​ព្រំដែន​បើក​ឱ្យ​នាំ​ទំនិញ​ចូល​នៅ​ម៉ោង 10:30។ យើង​បាន​ស្នើឱ្យ​គាត់​ត្រួតពិនិត្យ​បញ្ហា​នេះ ចៀសវាង​ការរាំងស្ទះ​ដល់​ការឆ្លងកាត់​ទំនិញ​រវាង​ប្រទេស​ទាំងពីរ ខ្ញុំ​សង្ឃឹមថា ការជជែក​គ្នា​ក្នុងថ្ងៃនេះ​នឹង​ដោះស្រាយបាន​យ៉ាងហោចណាស់​ក៏ 80% នៃ​បញ្ហា​ដែល​ខាងយើង​បានលើកឡើង​ដែរ។

អ្នក​ប្រកប​កិច្ចការ​ធុរកិច្ច​កម្ពុជា បាន​កត់សម្គាល់ថា នាពេល​កន្លងមក ភាគី​ថៃ​តែង​បង្ក​ការលំបាក​ច្រើន​ដល់​ការដឹកជញ្ជូន ដូចជា​ការបិទ​ច្រកទ្វា​រ​ព្រំដែន​ជា​ឯកតោភាគី បង្ក​ភាពយឺតយ៉ាវ​ក្នុង​ការបើក​ច្រកទ្វារព្រំដែន  មាន​នីតិវិធី​សាំញ៉ាំ​ច្រើនពេក ដែល​ភាគី​កម្ពុជា​ពិបាក​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​នៅតាម​បន្ទាត់​ព្រំដែន  ដែល​ធ្វើឱ្យមាន​ភាព​រាំងស្ទះ​ដល់​ការដឹកជញ្ជូន​កសិផលផ្សេងៗទៅកាន់​ប្រទេស​ថៃ។

ឧកញ៉ា លឹម ហេង បន្ថែមថា៖ “វា​ជាស​ញ្ញា​មួយ​ល្អ ដែល​គាត់​ចេញមុខ​មកជួយ​អ្នក​ធុរកិច្ច​ក្នុង​វិស័យ​ឯកជន​នៅ​ប្រទេស​កម្ពុជា ដោយបាន​ដឹង​ពី​ការលំបាក​របស់​ផ្នែក​ឯកជន​នៃ​ប្រទេស​កម្ពុជា ដើម្បីឱ្យ​ភាគី​ថៃ​ជួយ​យើង ហើយ​ដូចគ្នានេះដែរ បើសិន​ភាគី​ថៃ​មាន​បញ្ហា គឺ​គាត់​នឹង​ស្នើ​មក​ភាគី​កម្ពុជា​ជួយ​ដោះស្រាយ​ដូចគ្នា។

នៅក្នុង​ឆ្នាំ2017កន្លងទៅ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ប្រទេស​ថៃ​មាន​ប្រមាណ​ជាង 6ពាន់​លាន​ដុល្លារ ដោយ​ក្នុងនោះ​តម្លៃ​ទឹកប្រាក់​នាំចេញ​មុខទំនិញ​នានា​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ថៃ​មាន​ប្រមាណ 894លាន​ដុល្លារ​អាមេរិក ថយចុះ​ប្រមាណ 5% បើ​ធៀប​នឹង​ឆ្នាំ2016 ដែលមាន​ប្រមាណ 937លាន​ដុល្លារ​អាមេរិក ខណៈ​ការ​នាំចូល​របស់​ថៃ​មក​ទីផ្សារ​កម្ពុ​ជាមាន​ប្រមាណ 5,270 លាន​ដុល្លារ​អាមេរិក កើនឡើង​ជិត 13ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ2016 ដែលមាន​ត្រឹមតែ 4,672លាន​ដុល្លារ​អាមេរិក។

ផលិតផលសំខាន់ៗដែល​កម្ពុជា​នាំចេញ​ទៅកាន់​ទីផ្សារ​ថៃ ភាគច្រើន​ជា​ទំនិញ​កសិផល ដូចជា​ពោត ដំឡូង​មី សណ្តែក​ជាដើម រីឯ​ទំនិញ​ដែល​ប្រទេស​ថៃ​នាំ​ចូលមក​កម្ពុជា​វិញ មានដូចជា​គ្រឿងចក្រ យានយន្ត ឧបករណ៍​អេឡិចត្រូនិក ប្រេងឥន្ធនៈ សម្ភារ​សំណង់ គ្រឿងឧបភោគ​បរិភោគ គ្រឿងសម្អាង សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​ជាដើម។

នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​បាន​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិយោគ​ដែល​ធ្វើយ៉ាងណា​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​សម្ទុះ​កើនឡើង​ទៅតាម​អ្វីដែល​ភាគី​ទាំងសងខាង​បានកំណត់​ទុក គឺ​ចំនួន 15ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ៕

Leave a Reply

Your email address will not be published. Required fields are marked *