3/ ចង់ក្លាយជាមនុស្សជោគជ័យ ត្រូវស្គាល់វិធីការដាក់ខ្លួន និងការប្រឈមមុខក្នុងសង្គមយ៉ាងស័ក្តិសម
កូនៗរបស់គាត់តែងប្រាប់ថា ពួកគេបានរៀនសូត្រអ្វីៗច្រើនណាស់ពីឪពុក អ្វីដែលសំខាន់បំផុតដែលឪពុកតែងសង្កត់ធ្ងន់នោះគឺ ត្រូវធ្វើជាអ្នកជំនួញស្មោះត្រង់ ត្រូវចេះដាក់ខ្លួន និងសាងសម្ពន្ធភាពល្អៗជាមួយនឹងអ្នករួមហ៊ុន។
លោក លី តែងបង្រៀនកូនថា ត្រូវនឹកដល់ផលប្រយោជន៍អ្នកដទៃជានិច្ច និងមិនយកប្រៀបលើគេ។ តាំងពីកូនទាំងពីរនៅក្មេង ពេលមានការប្រជុំរបស់អ្នកគ្រប់គ្រងក្រុមហ៊ុនម្ដងៗ គាត់តែងរៀបចំកន្លែងអង្គុយពិសេសឱ្យកូនៗអង្គុយស្ដាប់មនុស្សធំគេប្រជុំជជែកពិភាក្សាគ្នា។ ពេលខ្លះអាចមានចំណុចប្រកែកគ្នាខ្លាំងៗក្នុងបន្ទប់ប្រជុំរហូតដល់កូនៗភ្ញាក់ផ្អើល និងភិតភ័យ តែគាត់អធិប្បាយឱ្យកូនៗបានដឹងបន្ទាប់ពីនោះមកថា “ដែលត្រូវប្រកែកប្រណាំងគ្នានេះ គឺដើម្បីផលប្រយោជន៍ខ្ពស់បំផុតរបស់ក្រុមហ៊ុន វាជារឿងប្រក្រតី ប្រៀបដូចជា ឈើបើយើងមិនចោះយើងក៏ទម្លុះវាមិនបានដែរ ហេតុផលគឺ បើមិនប្រកែកគ្នា ក៏មិនយល់ពីគ្នាដែរ។
លោក លី ប្រាប់កូនៗថា វិធីការគ្រប់គ្រងចាត់ចែងធុរកិច្ចត្រូវសិក្សាយកគំរូតាមបែបលោកខាងលិច គេមានគោលការណ៍ដែលមានរបៀបរបប តែការរៀបចំខ្លួនចំពោះសង្គម ចំពោះមិត្តមនុស្សដូចគ្នា ត្រូវសិក្សាគោលប្រាជ្ញាដ៏ស៊ីជម្រៅរបស់ចិន ព្រោះបានបង្រៀនឱ្យបណ្ដុះឧបនិស្ស័យឱ្យចេះដាក់ខ្លួន ឱនលំទោន ឧស្សាហ៍ អត់ធន់ និងតស៊ូមិនរាថយ។ បើចង់ធ្វើខ្លួនឱ្យអ្នកដទៃជឿជាក់លើយើង យើងត្រូវជាមនុស្សមានសច្ចៈរក្សាពាក្យសន្យា។ មុននឹងសន្យាត្រូវសិក្សាឱ្យល្អិតល្អន់ នៅពេលសន្យាហើយ ទោះជាជួបឧបសគ្គលំបាកលំបិនប៉ុនណា ក៏ត្រូវតែរក្សាពាក្យសន្យានោះឱ្យដល់ទីបំផុតដែរ។
4/ កុំតាមចិត្តកូនរហូតដល់ខូចមនុស្ស បង្រៀនឱ្យកូនឈរដោយខ្លួនឯង
លោក លី បញ្ជូនកូនទាំងពីរទៅរៀនតនៅឯក្រៅប្រទេសតាំងពីអាយុត្រឹមតែ15ឆ្នាំ និង13ឆ្នាំ។ ក្មេងទាំងពីរត្រូវហ្វឹកហាត់មើលថែទាំខ្លួនឯង មិនចេះធ្វើម្ហូបញ៉ាំក៏ត្រូវសិក្សាពីកម្មវិធីក្នុងទូរទស្សន៍ រហូតដល់ទាំងពីរនាក់អាចធ្វើម្ហូបអាហារញ៉ាំដោយខ្លួនឯងដើម្បីឱ្យជីវិតរស់នៅបាន។
នៅពេលគ្រប់យ៉ាងស្រួលបួលហើយ កូនៗត្រូវចេញទៅរកការងារស៊ីឈ្នួលទូទៅធ្វើ។ ធ្វើ Part time នៅថ្ងៃឈប់សម្រាក ជីវិតដូចជាបុថុជ្ជនទូទៅ។ អ្នកដែលដឹងពីប្រវត្តិរបស់គ្រួសារនេះនិយាយថា “ឪពុកមានកប់ពពក ហេតុអីត្រូវមកលំបាកបែបនេះ” តែបងប្អូនទាំងពីរនាក់បានត្រឹមតែញញឹម ហើយឆ្លើយថា “មិនអីទេបាទ។
5/ រៀនចប់ហើយ ឪពុកមិនជួយឧបត្ថម្ភ ឬនៅពីក្រោយខ្នងឡើយ “ចូរទៅសាងមុខជំនួញដោយខ្លួនឯង”
ភាពដាច់ខាតរបស់ លី កាស៊ីង ដែលមានចំពោះកូន គឺជាការសម្រេចចិត្តដែលត្រឹមត្រូវបំផុត។ លុះកូនទាំងពីររៀនចប់មហាវិទ្យាល័យ ស្ទែមហ្វ៉ត ដោយហ្ក្រេតមធ្យមភាគល្អបំផុត ក៏តាំងចិត្តត្រឡប់មកហុងកុងវិញ ដើម្បីចូលធ្វើការនៅក្នុងក្រុមហ៊ុនរបស់ឪពុក តែ លោក លី បដិសេធក្នុងការឱ្យកូនចូលមកធ្វើការ គាត់ឱ្យកូនទៅដើររកការងារធ្វើ និងរកស៊ីដោយខ្លួនឯង។
ទាំងពីរនាក់ចាកចេញពីហុងកុង ធ្វើដំណើរទៅប្រទេសកាណាដា ហើយចាប់ផ្ដើមធុរកិច្ចពីចំណុចសូន្យ។ ដោយក្ដីព្យាយាមមិនព្រមចុះចាញ់ ទីបំផុតកូនប្រុសច្បងក៏ទទួលជោគជ័យផ្នែកជំនួញអចលនវត្ថុ ចំណែកកូនប្អូនក៏ក្លាយជាអ្នកវិនិយោគទុនផ្នែកធុរកិច្ចហិរញ្ញវត្ថុ។ ទាំងពីរនាក់សុទ្ធតែទទួលបានភាពជោគជ័យរហូតក្លាយជាបុគ្គលដែលមនុស្សនៅក្នុងពិភពធុរកិច្ចតាមសង្កេតមើល និងយកធ្វើជាគំរូ… ព្រោះតែភាពដាច់ខាតរបស់ឪពុក ទើបកូនទាំងពីរនាក់អាចឈរឡើងបានដោយខ្លួនឯង និងសុទ្ធតែដំណើរការទៅបានយ៉ាងល្អនៅលើដំណើរផ្លូវខាងធុរកិច្ច។
6/ កូនរបស់ លី កាស៊ីង ធ្លាប់ត្រូវជនពាលចាប់ជំរិតទារប្រាក់ តែទម្រាំប៉ូលិសដឹង គឺដប់ឆ្នាំក្រោយ
ដប់ឆ្នាំដែលកន្លងមក មនុស្សនៅក្នុងត្រកូលនេះមិនដែលមាននរណាម្នាក់ធ្វើឱ្យលេចឮដំណឹងនេះឱ្យអ្នកក្រៅបានដឹងឡើយតែរឿងចាប់ផ្ដើមផ្ទុះឡើងដោយសារតែជនល្មើសដែលចាប់ជំរិតកូនប្រុសរបស់ លី កាស៊ីង ត្រូវបានចាប់ខ្លួនក្នុងបទល្មើសចាប់ជំរិតអ្នកដទៃនៅឯទីក្រុងម៉ាកាវ។ ក្នុងអំឡុងពេលដែលប៉ូលិសកំពុងស៊ើបសួរជនល្មើស ប៉ូលិសបានសួរថា “ក្នុងជីវិតឧក្រិដ្ឋកម្មនេះ ធ្លាប់បង្កបទល្មើសអ្វីដែលធំៗបំផុតខ្លះ?” ជនល្មើសឆ្លើយថា “កាលពីដប់ឆ្នាំមុន ធ្លាប់ហាមាត់សុំលុយ លី កាស៊ីង មកចាយមួយពាន់លានដុល្លារ (ហុងកុង) លី កាស៊ីង ឆ្លើយអូខេភ្លាម។
អ្នកសារព័ត៌មានសួរ លោក លី ថា ហេតុអីបានមិនប្ដឹងប៉ូលិសពេលកើតរឿង? លោក លី ប្រាប់ទៅវិញថា ក្នុងហេតុការណ៍នោះ គាត់ និងជនល្មើសទំនាក់ទំនងគ្នាក្នុងបរិយាកាសមិត្តភាពគាត់សន្យានឹងជនល្មើសថា នឹងមិនប្ដឹងប៉ូលិសជាដាច់ខាត។ នោះគឺជាហេតុផលដែលគាត់រក្សាពាក្យសន្យារហូតមក។ លី កាស៊ីង បានប្រាប់ថា ការរក្សាពាក្យសម្ដីជាជីវិតទីពីររបស់គាត់។ អ្នកសារព័ត៌មានសួរទៀតថា ខឹងនឹងជនល្មើសដែរឬទេ? លោក លី ឆ្លើយទៅវិញថា “ខ្ញុំតែងតែបង្រៀនកូនថា មនុស្សយើងត្រូវមានបេះដូងដែលពុះពារព្យាយាមដូចបេះដូងរាជសីហ៍ តែត្រូវមានទឹកចិត្តដែលពេញប្រៀបដោយក្ដីមេត្តាដូចព្រះពោធិសត្វ។
7/ លី កាស៊ីង ជាមនុស្សស្រឡាញ់កូន ជាសេចក្ដីស្រឡាញ់ដូចឪពុកទាំងឡាយដែលមានចំពោះកូន
តែសម្រាប់វិធីការចិញ្ចឹមមើលថែអប់រំប្រដៅកូនវិញនោះ លី កាស៊ីង ជាមនុស្សមានសតិស្មារតី តែដាច់ខាត។ ភាពមានសតិស្មារតី តែដាច់ខាតរបស់គាត់គឺដើម្បីបង្កប់លុបសេចក្ដីស្រឡាញ់ដ៏ធំធេងរបស់គាត់ដែលមានចំពោះកូន តែអ្វីដែលគាត់បង្ហាត់បង្រៀនកូនវិញ សុទ្ធតែស៊ីជម្រៅបែបមានទស្សនៈដែលបង្កប់ជ្រៅ នេះគឺវិធីការចិញ្ចឹមមើលថែកូនដែលគួរឱ្យគោរពរបស់មហាសេដ្ឋីលំដាប់ពិភពលោក លី កាស៊ីង។
“ទោះជាអ្នកទទួលជោគជ័យលើផ្នែកជំនួញខ្លាំងប៉ុនណាក៏ដោយ តែបើអ្នកមិនអាចបណ្ដុះបណ្ដាលកូនឱ្យក្លាយជាមនុស្សល្អបានទេនោះ វាគ្មានអ្វីអាចមកជំនួសភាពខុសឆ្គងមួយនេះបានឡើយ” -លី កាស៊ីង-៕
ការបង្រៀនកូនឱ្យក្លាយជា មនុស្សមានគុណភាពរបស់មហាសេដ្ឋី លី កាស៊ីង វគ្គ1