ក៏ព្រោះតែភាពស្រស់ស្អាតគឺជាគូជាមួយនឹងនារីយើងហើយទាមទារឱ្យនារីៗទាំងអស់ស្វែករកនូវគន្លឹះក្នុងការថែរក្សាសម្រស់ឱ្យនៅគង់វង្សជាមួយនឹងខ្លួនអ្នក ដូច្នេះហើយបានជានារីៗយើងតែងតែស្វែងរករបស់នេះបន្ដិចរបស់នោះបន្ដិចមកបន្ថែមនៅលើរូបរាងរបស់ខ្លួន ដើម្បីឱ្យមើលទៅមានភាពស្រស់ស្អាត និងជាទីចាប់អារម្មណ៍ពីក្រសែភ្នែកអ្នកដទៃដែលគេបានសម្លឹងមកមើលរូបអ្នក។ មិនមែនជារឿងអ្វីប្លែកនោះទេ ការលាបថ្នាំក្រចក ក៏ជារឿងសំខាន់មួយក្នុងការបន្ថែមនូវភាពស្រស់ស្អាត និងជួយលើកសម្រស់នារីៗយើងផងដែរ។ ហើយក៏មាននារីៗមួយចំនួនទៀតដែលនិយមលេងម៉ូដក្រចកគ្រប់ពណ៌ ក៏ប៉ុន្ដែទន្ទឹមនឹងទទួលបាននូវភាពស្រស់ស្អាតហើយនោះ ក៏អាចធ្វើឱ្យនារីៗយើងខកចិត្តដែរ បើមិនដឹងពីទិកនិចក្នុងការថែរក្សាពណ៌ក្រចកឱ្យភ្លឺចែងចាំងបានយូរ។
នៅពេលដែលនារីៗចូលទៅធ្វើក្រចកនៅក្នុងហាងសាឡនជាញឹកញាប់ នោះកាបូបលុយរបស់អ្នកក៏កាន់តែស្រាលទៅដែរ ជម្រើសដ៏ល្អគឺមានតែទិញថ្នាំក្រចកយកមកលាបដោយខ្លួនឯងនៅឯផ្ទះវិញ។ សូមកុំព្រួយបារម្ភថា ការដែលលាបថ្នាំក្រចកនៅផ្ទះដោយខ្លួនឯង នឹងធ្វើឱ្យក្រចករបស់អ្នកមិនស្រស់ស្អាតដូចនៅក្នុងហាងធំៗឱ្យសោះ សាកល្បងអានអត្ថបទនេះហើយ អនុវត្តតាម ធានាថានឹងមិនខកបំណងឡើយ ពោលគឺ ក្រចករបស់អ្នកនឹងស្រស់ស្អាត ហើយថែមទាំងភ្លឺរលោងចែងចាំងដូចជា ពេលធ្វើក្រចកនៅក្នុងហាងថ្លៃៗអីុចឹងដែរ។ ថ្ងៃនេះទស្សនាវដ្តីឡារ៉ែន សូមជម្រាបជូននូវវិធីសាស្ត្រក្នុងការលាបថ្នាំក្រចក ដែលអាចរក្សាគុណភាពទឹកថ្នាំឱ្យជាប់ក្នុងរយៈពេលយូរ មិនងាយប្រះ របក ឬហើរពណ៌ឡើយ ផ្ទុយទៅវិញគឺមានសភាពស្រស់ស្អាត ហើយចំណេញថវិកាទៀតផង។
របស់ដែលអ្នកត្រូវត្រៀមមានដូចជា៖
- ក្រូចឆ្មារ 1 ផ្លែ
- ចានគោមធំ 1
- ថ្នាំលាបក្រចក
- កន្សែងជូតដៃ
- ទឹកកកអនាម័យ 1 ថង់
វិធីអនុវត្តន៍
- ដំបូងអ្នកត្រូវសម្អាតក្រចករបស់អ្នកឱ្យបានស្អាតជាមួយក្រូចឆា្មរជាមុនសិន។
- បន្ទាប់មកត្រូវលាងក្រចកចេញដោយទឹកស្អាត និងជូតដោយកន្សែងជូតដៃឱ្យស្ងួតល្អ។
- ជំហានបន្ទាប់គឺ អ្នកត្រូវលាបថ្នាំក្រចកតាមពណ៌ដែលអ្នកចូលចិត្តគ្រប់ម្រាមដៃ។
- រួចចាក់ទឹកកកចូលទៅក្នុងចានគោមដែលមានទឹកសម្រាប់ត្រាំក្រចកដៃ។
- ក្រោយពីបានលាបថ្នាំក្រចករួចហើយ អ្នកមិនបាច់រង់ចាំឱ្យថ្នាំក្រចកស្ងួតនោះទេ ពោលគឺ អ្នកអាចយកម្រាមដៃដាក់ត្រាំនៅក្នុងទឹកកក រួចត្រាំរយៈពេលពី2-3នាទី ជាការស្រេច។
- បន្ទាប់ពីបានត្រាំជាមួយទឹកកកហើយ នោះអ្នកនឹងសង្កេតឃើញថាថ្នាំក្រចកគឺស្ងួតលឿនណាស់ ហើយមានសភាពភ្លឺរលោងចែងចាំងតែម្ដង ថែមទាំងរក្សាភាពជាប់បានរយៈពេលយូរទៀតផង។
សូមកុំភ្លេចសាកល្បងអនុវត្តនៅផ្ទះទាំងអស់គ្នាណា៎!