បន្ទាប់ពីរបរដាំដំណាំធ្វើចម្ការផ្សេងៗហើយនោះ អ្នកភូមិកោះរំដួល ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល មិនទុកពេលវេលាឱ្យទំនេរចោលនោះទេ គឺពួកគាត់ឆ្លៀតពេលចាក់ខ្សែដៃពីបំបែកក្រណាត់ធ្វើជាវត្ថុអនុស្សាវរីយ៍ផ្សេងៗទុកលក់ទៅឱ្យភ្ញៀវទេសចរបរទេសដើម្បីទទួលបានចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ។
អ្នកស្រី ម៉ែល សុខុន អាយុ 63ឆ្នាំ រស់នៅក្នុងភូមិកោះរំដួលនោះបានប្រាប់ឱ្យដឹងថា នៅលើកោះរំដួលនេះ អ្នកភូមិប្រមាណជាងពាក់កណ្តាលហើយដែលនាំគ្នាចាក់ខ្សែដៃ និងផលិតវត្ថុអនុស្សាវរីយ៍សម្រាប់លក់ឱ្យភ្ញៀវបរទេស ដើម្បីរកកម្រៃបង្គ្រប់ជីវភាព បន្ទាប់ទំនេរពីការងារធ្វើចម្ការ ហើយរបរមួយនេះគឺបាននាំគ្នាធ្វើច្រើនឆ្នាំមកហើយដែរ និងចេះមកពីការបង្រៀនជំនាញរបស់អង្គការហាហ្គា និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀត។
អ្នកស្រីបានបន្តថា ការងារនេះវាមិនហត់នឿយប៉ុន្មាននោះទេ គឺយើងអាចឆ្លៀតពេលធ្វើវាបណ្ដើរ ដាំស្ល និងមើលកូនចៅបណ្តើរបាន និយាយរួម គឺប្រសើរជាងទុកពេលឱ្យទំនេរចោលអត់ប្រយោជន៍ ហើយប្រសិនបើទីផ្សារទូលំទូលាយទៀតផងនោះ គឺអាចរកចំណូលបានយ៉ាងស្រួល ប៉ុន្តែទាស់តែទីផ្សាររំពឹងទៅលើតែភ្ញៀវបរទេសដែលធ្វើដំណើរមកលេងនៅលើកោះប៉ុណ្ណោះ និងលក់ដាច់តែក្នុងអំឡុងខែធ្នូ និងខែមករាទេ ព្រោះសម្បូរភ្ញៀវទេសចរ ក្រៅពីនោះយកទៅលក់នៅភ្នំពេញ និងដាក់លក់ពេលមានបុណ្យជាតិផ្សេងៗ ដូចជាបុណ្យអុំទូកជាដើម។
អ្នកចាក់ខ្សែដៃក្រណាត់រូបនេះបានបន្តថា ក្រៅអំពីខ្សែដៃហើយ យើងនៅមានបូសក់ បន្តោងសោរូបត្រី រូបបង្កង និងអាចកុម្ម៉ង់បានច្រើនបែបទៀតដូចជាចង់សរសេរឈ្មោះនៅលើខ្សែដៃ ឬនៅលើបូសក់ ក៏យើងអាចធ្វើបានដែរ ហើយក្នុងអំបោះ1គីឡូក្រាមតម្លៃ 25,000រៀលនោះ យើងអាចចាក់បានពី100 ទៅ200សម្រាប់ និងលក់បានប្រមាណពី 8 ទៅ10ម៉ឹនរៀលដែរ។
លោក ចេង សុខាវុធ មេភូមិកោះរំដួល បានមានប្រសាសន៍ថា នៅលើកោះរំដួលនេះ មានផ្ទៃដីសរុបជាង 78ហិកតា ហើយមានប្រជាពលរដ្ឋចំនួន 155គ្រួសារដែលជាប្រជាកសិករពឹងលើរបរធ្វើចម្ការដំណាំជាមូលដ្ឋាន ហើយរបរចាក់ខ្សែដៃនេះជារបរទី2 ដែលអាចរួមចំណែករកចំណូលជួយឱ្យជីវភាពរបស់ពួកគេកាន់តែល្អប្រសើរឡើង។ លោកបានបន្តថា អ្នកប្រកបរបរក្នុងភូមិប្រមាណ 40%ដែលមានទីផ្សារ គឺរំពឹងលើភ្ញៀវទេសចរបរទេសដែលមកទស្សនាលើកោះជួយទិញ និងពួកគាត់លក់នៅពេលមានបុណ្យទានផ្សេងៗ ប្រសិនបើទីផ្សារកាន់តែទូលាយផងនោះ ពួកគាត់ពិតជាសប្បាយចិត្តខ្លាំងមិនខាន ព្រោះអាចរកចំណូលបានកាន់តែច្រើន។ ការដែលពួកគាត់មានមុខរបរបន្ថែមនេះ វាមិនត្រឹមតែអាចជួយឱ្យជីវភាពបានធូរធារឡើងនោះទេ ថែមទាំងបានកាត់បន្ថយនូវល្បែងស៊ីសងនានា និងអំពើហិង្សាក្នុងគ្រួសារទៀតផង ។
គួរបញ្ជាក់ផងដែរថា កោះរំដួលកាលពីដើមឡើយមានឈ្មោះថា កោះគរ និងជាអតីតមន្ទីរឃុំឃាំង08របស់របបខ្មែរក្រហមដែលនៅពេលនោះមានប្រជាជនជាង 2ម៉ឺននាក់ត្រូវបានពួកវាយកមកសម្លាប់នៅលើកោះនេះ៕