ការវិនិយោគលើខ្លួនឯងជារឿងសំខាន់បំផុតមួយសម្រាប់អភិវឌ្ឍសមត្ថភាពឱ្យក្លាយជាធនធានមនុស្សដែលមានសក្តានុពល និងក្លាយជាមនុស្សដែលសង្គម ឬស្ថាប័នត្រូវការបំផុតនាពេលបច្ចុប្បន្ននិងនៅថ្ងៃអនាគត។ ការវិនិយោគលើខ្លួនឯង មិនប្រាកដថាត្រូវវិនិយោគតែលើថវិកា ចំណេះដឹង និងពេលវេលានោះទេតែការវិនិយោគក្នុងពិភពការងារ ក៏ជាវិធីសាស្ត្រល្អបំផុតមួយដែរ ដើម្បីធ្វើឱ្យយើងអាចសម្រេចជោគជ័យក្នុងជីវិត។
លោក ទីន សុខលីម ជាបុគ្គលិកនៃក្រុមហ៊ុនឯកជនម្នាក់បានលើកឡើងថា លោកបានចំណាយពេលវេលាច្រើនបំផុតនៅក្នុងពេលសិក្សាដើម្បីបង្កើតក្រុមយុវជនសម្រាប់ធ្វើការងារសំខាន់ៗមួយចំនួន ដូចជាការបង្កើតសិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាពយុវជន អញ្ជើញពាណិជ្ជករមកធ្វើជាវាគ្មិនដើម្បីចែករំលែកចំណេះដឹងពីគន្លឹះពាណិជ្ជកម្ម និងចូលរួមក្នុងកម្មវិធីជាច្រើនផ្សេងទៀតដែលសង្គមកំពុងត្រូវការ។
លោកថា ការងារទាំងអស់នោះដំបូងឡើយវាគ្រាន់តែអាចបង្រៀនឱ្យរូបលោកផ្ទាល់ និងក្រុមការងាររបស់លោកទទួលបានចំណេះដឹងក្នុងការរៀបចំគម្រោង និងការងារទំនាក់ទំនងមួយចំនួនតែប៉ុណ្ណោះ តែក្រោយមកលោកឃើញថា ការងារទាំងអស់នោះគឺមានសារៈសំខាន់សម្រាប់ការរស់នៅច្រើនជាងការដែលគ្រាន់តែរៀនសូត្រ។ លោក ទីន សុខលីម បាននិយាយថា ៖ “ដំបូងឡើយគោលបំណងរបស់ខ្ញុំ គឺគ្រាន់តែចង់ប្រើប្រាស់ពេលវេលារបស់ខ្លួនឯងសម្រាប់បង្កើតកម្មវិធីអ្វីម្យ៉ាងដែលគិតថាមាន សារៈសំខាន់សម្រាប់យុវជននិងខ្លួនឯងផ្ទាល់តែប៉ុណ្ណោះតែក្រោយមកខ្ញុំបានមើលឃើញថា ការងារទាំងអស់នោះអាចធ្វើឱ្យខ្ញុំ និងក្រុមការងារអាចរកការងារដែលខ្លួនពេញចិត្តបានក្រោយពេលបញ្ចប់ការសិក្សា ព្រោះពួកយើងមានទំនាក់ទំនងល្អក្នុងសង្គម និងក្លាយជាមនុស្សដែលទទួលបានព័ត៌មានច្រើន។
លោក ទីន សុខលីម បានលើកឡើងផងដែរថា នៅពេលដែលលោកសម្រេចចិត្តធ្វើការងារនៅកន្លែងណាមួយ លោកមិនផ្តោតសំខាន់តែលើប្រាក់ចំណូលនោះទេ តែអ្វីដែលសំខាន់គឺលោកសម្លឹងមើលពីឱកាសក្នុងការអភិវឌ្ឍខ្លួនឯងឆ្ពោះទៅរកគោលដៅដែលលោកចង់ទៅ។ លោកថា ការដែលវិនិយោគលើខ្លួនឯងជាមួយនឹងការងារស្ម័គ្រចិត្ត និងការចំណាយពេលវេលាបង្កើតក្រុមការងារធ្វើរឿងដែលមានប្រយោជន៍ អាចធ្វើឱ្យយើងស្គាល់ពីពិភពជាក់ស្តែងក្នុងការរស់នៅក្នុងសង្គម ហើយបានដឹងរឿងជាច្រើនដែលសាលាមិនបានបង្រៀន។
អ្នកដែលបានចំណាយពេលវេលាច្រើនក្នុងការងារសង្គម ទាំងការស្ម័គ្រចិត្ត និងក្រុមហ៊ុនឯកជនលោក ហម សុខនី ជាអ្នកនិពន្ធ និងជាបុគ្គលិកនៃក្រុមហ៊ុន Sromoach Trading បានលើកឡើងថា លោកបានចាប់ផ្តើមវិនិយោគខ្លួនឯងច្រើនឆ្នាំជាមួយនឹងការងារនៅគ្រប់ទីកន្លែងដែលលោកពេញចិត្ត។ លោកបានចំណាយពេលវេលាច្រើនជាមួយនឹងការងារស្ទើរតែគ្មានពេលសម្រាប់សប្បាយរីករាយដូចជាយុវជនដទៃ តែអ្វីដែលលោកទទួលបាន គឺប្រជាប្រិយភាពនៅក្នុងចំណោមយុវជន។
លោកបានចាប់ផ្តើមចំណាយពេលដំបូងពីការធ្វើការងារស្ម័គ្រចិត្តជាមួយនឹងក្រុម ក៏ដូចជាសមាគមមួយចំនួនដែលមិនទាន់មានអ្នកណាស្គាល់រូបលោកនៅឡើយ បន្ទាប់មកក៏បានបង្កើតក្រុមអ្នកអានមួយនៅក្នុងវិទ្យាស្ថានដែលលោកសិក្សាដើម្បីប្រមូលផ្តុំយុវជនបង្កើតសកម្មភាពនានាលើវិស័យទេសចរណ៍ដែលលោកកំពុងសិក្សា បន្ទាប់មកក៏ចាប់ផ្តើមអភិវឌ្ឍក្រុមនោះឱ្យកាន់តែខ្លាំងឡើង ខណៈលោកប្រើប្រាស់ពេលវេលាជាច្រើនផ្សេងទៀតដើម្បីជំរុញការអានជាមួយនឹងអាជីវកម្មដែលកំពុងមានទំនាក់ទំនងខ្លាំងជាមួយនឹងយុវជនជាដើម។
លោក ហម សុខនី បានថ្លែងថា៖ “តាមពិតទៅ យុវជនមានឱកាសច្រើនណាស់សម្រាប់អភិវឌ្ឍខ្លួនឯងឆ្ពោះទៅរកកន្លែងដែលខ្លួនចង់ទៅ។ កុំផ្តេកផ្តួលតែលើសកម្មភាពរបស់សាលាតែមួយមុខ តែត្រូវចេះស្វែងរកឱកាស និងបង្កើតឱកាសសម្រាប់ខ្លួនឯងឱ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន ព្រោះថា នៅពេលដែលយើងប្រមូលបាននូវឱកាសច្រើន ប៉ុនណាយើងក៏នឹងក្លាយជាមនុស្សដែលមានសារៈសំខាន់សម្រាប់មនុស្សដទៃជុំវិញខ្លួនច្រើនប៉ុននោះដែរ។
លោក ហម សុខនី បានលើកឡើងថា ជីវិតជានិស្សិតកុំខ្លាចជាមួយនឹងការធ្វើការងារលំបាកហើយក៏កុំខ្វល់ថាយើងកំពុងធ្វើការងារឱ្យស្ថាប័នណាមួយក្នុងតម្លៃទាប តែអ្វីដែលត្រូវគិត គឺត្រូវដឹងឱ្យច្បាស់ថា ខ្លួនឯងកំពុងត្រូវការអ្វី។ យើងធ្វើសកម្មភាពលំបាកនៅពេលនេះ តែយើងអាចនឹងប្រមូលបាននូវប្រយោជន៍ជាច្រើនក្រោយពេលដែលយើងបញ្ចប់ការសិក្សា ហើយយើងធ្វើការដែលគេផ្តល់កម្រៃមិនទាន់ខ្ពស់មិនមែនជារឿងដែលត្រូវខឹងនោះទេ តែយើងគួរគិតថា យើងកំពុងទទួលបានឱកាសក្នុងការរៀនសូត្រដែលថែមទាំងទទួលបានប្រាក់ខែទៀតផង ហេតុនេះអ្វីដែលត្រូវធ្វើ គឺខិតខំប្រឹងប្រែងរៀនពីការងារនោះ ហើយបន្តអភិវឌ្ឍរហូតក្លាយជាមនុស្សដែលសំខាន់ម្នាក់ក្នុងស្ថាប័ន នោះយើងនឹងអាចទទួលបានការងារសំខាន់នៅថ្ងៃក្រោយ។
បង្ហាញពីគុណសម្បត្តិនៃការវិនិយោគលើខ្លួនឯង លោក ឆែម សុភី ជាបុគ្គលិកផ្នែករចនាម៉ូដនៃក្រុមហ៊ុនឯកជនមួយបានលើកឡើងថា ខុសពីយុវជន ដទៃដែលចូលចិត្តធ្វើការងារស្ម័គ្រចិត្តជាមួយនឹងក្រុមយុវជន ឬក្រុមនានា លោកបានស្វែងរក សក្តានុពលរបស់ខ្លួនតាមរយៈការដាក់ពាក្យធ្វើការងារហាត់ការនៅក្រុមហ៊ុនជាច្រើនផ្សេងគ្នា។ ជាគោលបំណងរបស់លោក សុភី គឺចង់ក្លាយជាម្ចាស់អាជីវកម្មដែលប្រកបដោយភាពច្នៃប្រឌិតម្នាក់ហេតុនេះហើយ ជាវិធីសាស្ត្រសម្រាប់រូបលោក គឺលោកព្យាយាមគ្រប់លទ្ធភាពដាក់ពាក្យធ្វើការនៅគ្រប់ទីកន្លែងដើម្បីសិក្សាពីអាជីវកម្ម។
លោក ឆែម សុភី បាននិយាយថា ៖ “ខ្ញុំបានដាក់ពាក្យធ្វើការងារហាត់ការក្នុងក្រុមហ៊ុនជាច្រើនដោយរាប់ទាំងម៉ាតតូចៗ ហាងតូចៗ ក្រុមហ៊ុនស្តង់ដារធំៗ និងស្ថាប័នមួយចំនួនទៀតដែលមានប្រជាប្រិយភាពលើផ្នែកអាជីវកម្មដោយមិនខ្វល់ពីប្រាក់ខែតិចតួចប៉ុនណាឡើយ។ ជាលទ្ធផល ខ្ញុំបានមើលឃើញពីរឿងជាច្រើនដែលមនុស្សទូទៅមើលមិនឃើញ ដូចជាការគ្រប់គ្រងសាច់ប្រាក់ ការគ្រប់គ្រងបុគ្គលិក និងការធ្វើទីផ្សាររបស់ក្រុមហ៊ុនទាំងអស់នោះ។
លោក ឆែម សុភី បានលើកឡើងផងដែរថាបើចង់សម្រេចគោលដៅ ឱ្យតែយើងធ្វើការងារត្រឹមត្រូវកុំខ្លាចគេថាអន់ សូមចាប់ផ្តើមពីចំណុចតូចបំផុត ហើយបើកចិត្តឱ្យទូលាយទទួលយកចំណេះដឹងជាក់ស្តែងនៅពិភពខាងក្រៅឱ្យបានច្រើន ហើយយកវាធ្វើជាជំនាញដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួននោះយើងនឹងអាចទៅដល់គោលដៅមិនខាន៕