តាមរយៈបណ្ដាញទំនាក់ទំនងហ្វេសប៊ុករបស់តារាស្រី មាស សុខសោភា ជាតារាចម្រៀងប្រចាំផលិតកម្មថោននៅថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ 2018 នេះ បានឱ្យដឹងថា តារាស្រីរូបនេះ បានចេញមុខបកស្រាយចំពោះព័ត៌មានដែលបានសុះសាយថា រូបកញ្ញាបានបញ្ចប់កុងត្រាកិច្ចសន្យាជាមួយផលិតកម្មថោន ហើយត្រៀមវិចបង្វេចចូលទៅផលិតកម្មធំគឺ រស្មីហង្សមាស នោះគឺ តារាចម្រៀងរូបនេះបានធ្វើការបដិសេធ និងច្រាណចោលរាល់ព័ត៌ដែលបានចេញមក ដែលធ្វើមហាជនមានការងឿងឆ្ងល់ រួមទាំងខាងផលិតកម្មសាមីខ្លួនផ្ទាល់ មានប្រិតកម្មខ្លាំងលើរូបនាង។
មាស សុខសោភា បានចេញមុខប្រាប់អ្នកសារព័ត៌មានក្នុងស្រុកទាំងអស់នៅក្នុង Video Live ផ្ទាល់ដោយពោលពាក្យថា « នាងខ្ញុំមានភាពភ្ញាក់ផ្អើលណាស់ ខណៈដែលទើបត្រឡប់មកពីសម្ដែងនៅបរទេស ហើយលេចឡើងនូវព័ត៌មានបែបនេះ ទាំងរូបនាងខ្ញុំផ្ទាល់មិនបានដឹងអ្វីទាំងអស់។ នាងខ្ញុំសូមជម្រាបប្រាប់បងប្អូនទាំងអស់ថា រាល់ព័ត៌មានទាំងនោះគឺមិនមែនជាការពិតទេ ហើយការចេញផ្សាយដែលរំលងការពិតពីសាមីខ្លួនបែបនេះ គឺបានបណ្ដាលឱ្យខាងផលិតកម្មថោនមានប្រតិកម្មមកលើរូបនាងខ្ញុំ ដែលជាការបង្កភាពមិនល្អរវាងទំនាក់ទំនងក្រុមការងារផលិតកម្មថោន និងនាងខ្ញុំ »។
យ៉ាងណាមិញ តារាស្រីសំឡេងផ្អែមរណ្ដំបេះដូងទស្សនិកជនរូបនេះ បានបន្ដបន្ថែមថា ដោយរូបនាងមានភាពមមារញឹកច្រើនជាមួយការងារ ទើបបានជានាងនៅសម្ងំស្ងៀមសិន មិនមែនចង់បង្វែងដានទេ តែរវល់ខ្លាំងទើបនៅមិនទាន់មានពេលធ្វើវីដេអូចេញមុខបកស្រាយផ្ទាល់ពីបញ្ហានេះ។ តែយ៉ាងណាមិញ នាងបានអំពាវនាវដល់បងៗអ្នកសារព័ត៌មានថា សូមធ្វើការសម្ភាសន៍រូបនាងជាមុនសិន ចាំសម្រេចចេញផ្សាយពីព័ត៌មានរបស់នាង។ ដើម្បីឱ្យកាន់តែជាក់ច្បាស់បន្ថែមសូមទស្សនាវីដេអូចេញមុខបកស្រាយរបស់តារាស្រី មាស សុខសោភា ខាងក្រោមនេះ ៖