កៅស៊ូជាប្រភេទដំណាំកសិ-ឧស្សាហកម្មឈានមុខមួយក្នុងចំណោមដំណាំកសិ-ឧស្សាហកម្មសំខាន់ៗផ្សេងទៀតនៅកម្ពុជាដែលបានចូលរួមជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋខ្មែរឱ្យកាន់តែល្អប្រសើរឡើង។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូបានបញ្ជាក់ថា នៅខែមករា ឆ្នាំ2០18 កម្ពុជាបាននាំចេញជ័រកៅស៊ូបាន 18,783តោន កើនឡើង 32ភាគរយ ដោយក្នុង1តោនលក់ជាមធ្យមបានតម្លៃ 1,44០ដុល្លារ ដូច្នេះក្នុងខែមករា ការនាំចេញមានទឹកប្រាក់សរុបជាង 27លានដុល្លារអាមេរិក។
គួរបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំកៅស៊ូសរុបចំនួន 436,34០ហិកតា ដែលក្នុងនោះផ្ទៃដីដើមកៅស៊ូដែលអាចចៀរជ័រមានចំនួន 17០,23០ហិកតា ស្មើនឹង 39ភាគរយ និងផ្ទៃដីដើមកៅស៊ូកំពុងថែទាំមានចំនួន 266,1០9ហិកតា ស្មើនឹង 61ភាគរយ។
រាជរដ្ឋាភិបាលបានកំណត់គោលដៅផលិតជ័រកៅស៊ូឱ្យបាន 29ម៉ឺនតោននៅឆ្នាំ2០2០ ហើយកម្ពុជាកំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ16 ជាប្រទេសដែលផលិតជ័រកៅស៊ូធម្មជាតិច្រើនលើពិភពលោក៕