ថ្មីនេះៗ បន្ទាប់ពីលេចឮឡើងនូវព័ត៌មានថា មាស សុខសោភា តារាចម្រៀងស្រីប្រចាំផលិតកម្មថោន បានដោះដៃពីទ្រនំ ចាស់ ហើយទៅចុះកុងត្រាថ្មីជាមួយផលិតកម្មហង្សមាសនោះ ភ្លាមៗស្រាប់តែអ្នកគ្រប់គ្រងផលិតកម្មថោនលោក ករុណា ពេជ្រ បានចេញមកលោតច្រឡោតតោតតូង(ដូចម៉ុងសាយ) និងពន្លះអ្នកសារព័ត៌មានញ៉ែតៗម៉ារយៗនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួនតែម្ដង។
តារាប្រុសមានតំណែងធំនៅក្នុងផលិតកម្មរូបនេះ បានរៀបរាប់នៅលើហ្វេសប៊ុករបស់ខ្លួនថា «សូមសរសើរ…នេះបានចំជាសារព័ត៌មានផស់គេមែន មានជំនាញពិតប្រាកដ…សម្ភាសអ្នកណា ដាក់ឈ្មោះអ្នកហ្នឹង អ៊ីចឹងបានឡូយ…សារព័ត៌មានដែលអត់ជំនាញ និងអត់ច្បាស់ការ គឺតែងតែសរសេរថា តាមពាក្យចចាមអារ៉ាម តាមប្រភពស្និទ្ធ តាមរយៈបុគ្គលិកដែលមានតួនាទីធំ…ល និងល។ សម័យនេះហើយនៅសល់សារព័ត៌មានអ៊ីចឹងទៀតឬ…hmmmmmmmmm…»។ លោកបានបញ្ជាក់នៅខាងក្រោមសារព័ត៌មានមួយថា «បងប្រុសកញ្ញា មាស សុខសោភា បានបញ្ជាក់ហើយថា ប្អូនស្រីគាត់អត់បានទៅណាទេ»(ឮ?!)។
សូមជម្រាបបន្ថែមថា លោក មាស សុខរតនៈ បងប្រុសបង្កើតមាស សុខសោភា បានច្រានចោលដំណឹងនេះដោយបកស្រាយប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំ និងប្អូនស្រីបានផុតកុងត្រានៅថោនមែន ហើយមិនចាំបាច់ចុះកុងត្រាតទៀតក៏បានដែរ ព្រោះយើងធ្វើការនៅថោនដោយក្ដីស្រឡាញ់ពេញបេះដូង ដូច្នេះកុងត្រាមិនសំខាន់ទេ។ បើសិនជាយើងធ្វើការនៅកន្លែងណាមួយដែលផ្ដល់ស្នាមញញឹម និងភាពរីករាយដល់យើងហើយនោះ មានរឿងអ្វីដែលយើងត្រូវដើរចេញ?!»៕