ការសង្គ្រោះបាល់យ៉ាងល្អ 1គ្រាប់ពីសំណាក់អ្នកចាំទី David De Gea បានជួយឱ្យក្រុម Manchester United ចាកចេញពីទឹកដីរបស់ក្រុម Sevilla ជាមួយនឹងលទ្ធផលស្មើ ០-០ កាលពីថ្ងៃពុធ ដើម្បីរក្សាក្តីសង្ឃឹមនៃការឈានទៅដល់វគ្គ 8ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League។
De Gea បានសង្គ្រោះបាល់ពីការស៊ុតរបស់កីឡាករ Luis Muriel បានយ៉ាងល្អ មុនពេលបញ្ចប់តង់ទី1 ខណៈដែលក្រុម Man United របស់លោក Jose Mourinho បានធ្វើការការពារយ៉ាងរឹងមាំក្នុងការប្រកួតជើងទី1 នៃក្របខ័ណ្ឌ Champions League វគ្គ 16ក្រុមចុងក្រោយ នាកីឡដ្ឋាន Ramon Sanchez Pizjuan។
លទ្ធផលនេះ មានន័យថា ក្រុម Sevilla អាចឈានទៅវគ្គបន្តសម្រាប់ការប្រកួតវគ្គ 8ក្រុមចុងក្រោយ ប្រសិនបើពួកគេដណ្តើមបានលទ្ធផលស្មើដោយគ្មានគ្រាប់បាល់បញ្ចូលទី នាកីឡដ្ឋាន Old Trafford ក្នុងការប្រកួតជើងទី2 បើទោះបី Man United ជឿជាក់លើការឈានទៅវគ្គបន្ត ក្រោយពីទទួលបានលទ្ធផលស្មើនៅអេស្ប៉ាញក៏ដោយ។
ស្របពេលជាមួយគ្នានេះ ក្រុម Shakhtar Donetsk បានធ្វើការវាយបកពីការដេញតាមពីក្រោយ 1គ្រាប់ ខណៈដែលការស៊ុតបាល់ពិន័យ Free-kick របស់ខ្សែប្រយុទ្ធ Fred បានជួយឱ្យក្រុមជើងខ្លាំងរបស់អ៊ុយក្រែនមួយនេះ ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 2-1 លើក្រុម Roma កាលពីថ្ងៃពុធ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ 16ក្រុមចុងក្រោយ ជើងទី1 របស់ពួកគេ។ កីឡាករវ័យក្មេងសញ្ជាតិតួកគី Cengiz Under បានបង្កើតភាពអស្ចារ្យក្នុងការបង្ហាញខ្លួនជាលើកទី1 របស់គេក្នុងក្របខ័ណ្ឌ Champions League សម្រាប់ក្រុម Roma តាមរយៈការរកគ្រាប់បាល់បើកឆាកនៅនាទីទី41។
ប៉ុន្តែ គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទី2 ពីសំណាក់កីឡាករ FacundoFerreyra និង Fred បានធ្វើឱ្យការប្រកួតវគ្គនេះមានតុល្យភាពវិញមុនពេលការប្រកួតជើងទី2 នៅកីឡដ្ឋាន StadioOlimpico ក្នុងរយៈពេល3សប្តាហ៍ទៀត៕
ប្រភពពី៖ Evening Standard