តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ផលិតកម្ម M នៅថ្ងៃទី22 ខែកុម្ភៈ ឆ្នាំ2018នេះបានបង្ហោះវីដេអូចម្រៀង Original Song របស់តារាចម្រៀងប្រុស អាន គុណកូឡា ដែលមានចំណងជើងថា «ហត់» ដែលការបង្ហាញវត្តមានរបស់លោកនៅខណៈនេះបានបង្កឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្របពេលដែលលោកបានផ្អាកចេញបទចម្រៀងនៅក្នុងផលិតកម្មសាន់ដេ ដែលអ្នកគាំទ្របានរំពឹងទុក និងទស្សន៍ទាយថា លោកប្រហែលជាចូលទៅជ្រកក្នុងផលិតកម្មថោនម្ដងហើយមើលទៅ…តែខុសស្រឡះ គេបែរជាត្រឡប់ទៅចូលទ្រនំចាស់វិញសោះ។
គួររំឭកផងដែរថា កន្លងមកមានសារព័ត៌មានជាច្រើនបានចេញផ្សាយថា លោក អាន គុនកូឡា កំពុងតែរៀបចំបង្វេច ត្រៀមដើរចេញពីសាន់ដេ ទៅរកផលិតកម្មថ្មីមួយទៀត តែមិនទាន់រកបាននៅឡើយ ព្រោះបច្ចុប្បន្ន មានតារាចម្រៀងគរជើងគ្នា ហើយម្នាក់ៗសុទ្ធតែមានសមត្ថភាពពិសេស នឹងចំណុចទាក់ទាញឱ្យមានការគាំទ្ររៀងៗខ្លួន។ ម្យ៉ាងលោកមិនសូវជាពេញចិត្តវត្តមាន ឆាយ វីរះយុទ្ធ ដែលកន្លងមកត្រូវបានគេនិយាយថា មិនសូវស៊ីខ្សែគ្នាទៀតផង ព្រោះមានការកាច់កុងគ្នា តាំងពីនៅផលិតកម្មចាស់ម្ល៉េះ។
តែយ៉ាងណាមិញ ទន្ទឹមនឹងផលិតកម្ម M មិនសូវជាមានតារាកំពូលៗផងនោះ មតិមហាជនបានគិតថា តារាប្រុស អាន គុណកូឡា អាចនឹងសំងំសាងប្រជាប្រិយភាពជាថ្មីឡើងវិញបាន ហើយក៏នឹងក្លាយជាអធិរាជប្រចាំផលិតកម្មនោះក៏អាចថាបានដែរ នរណាទៅដឹង? ព្រោះថា កាលពីអំឡុងឆ្នាំ 2008-2010 លោកធ្លាប់បានសាងភាពល្បីល្បាញជូនផលិតកម្មមួយនេះបានយ៉ាងជោគជ័យរួចមកហើយ។ លើកនេះ ការបង្ហាញបទចម្រៀង Original Song របស់លោក ក៏កំពុងតែអង្រួនដួងចិត្តមិត្តយុវវ័យឱ្យងាកមកគាំទ្រលោក និងផលិតកម្មនេះជាថ្មីម្ដងទៀតដែរ(បេលជូនពរឱ្យជោគជ័យម្ដងទៀតណា៎ប្រុសស្អាត)៕