ការវិលទៅរកទម្រង់លេងល្អវិញក្នុងឆ្នាំ2018 របស់ក្រុម Real Madrid នៅតែបន្ត ខណៈដែលពួកគេបានវាយបកពីការដេញតាមក្រោយ 1គ្រាប់ដើម្បីផ្តួលក្រុមស្ថិតក្នុងទីក្រុងតែមួយ Leganes ក្នុងលទ្ធផល 3-1 ក្នុងការប្រកួតក្របខ័ណ្ឌ La Liga របស់ពួកគេកាលពីថ្ងៃពុធ។
ខ្សែការពារ UnaiBustinza បានជួយឱ្យក្រុមម្ចាស់ផ្ទះមានគ្រាប់បាល់នាំមុខដ៏មិននឹកស្មានដល់ ក្រោយពីលេងបានត្រឹមតែរយៈពេល 6នាទីដំបូង តាមរយៈការដណ្តើមយកប្រៀបពីការធ្វេសប្រហែសក្នុងតំបន់ការពាររបស់គូប្រកួតដើម្បីតែតបាល់បញ្ចូលទីតែម្តង។
ប៉ុន្តែ គ្រាប់បាល់នាំមុខនេះមានរយៈពេលត្រឹមតែ 5នាទីប៉ុណ្ណោះ នៅពេលដែលកីឡាករ Lucas Vazquez បានរកគ្រាប់បាល់តាមស្មើវិញសម្រាប់ក្រុមម្ចាស់ការពារតំណែងជើងឯក Real Madrid តាមរយៈការឆ្កឹះបាល់ផុតដៃអ្នកចាំទី Ivan Cuellar នៃក្រុម Leganes បញ្ចូលទីយ៉ាងល្អ។ គ្រាប់បាល់ទី 2របស់ក្រុម Real បានកើតឡើងមុនពេលឈានដល់នាទីទី30 ហើយវាជាគ្រាប់បាល់បញ្ចូលទីយ៉ាងល្អពីសំណាក់ Casemiro មុនពេល Sergio Ramos បានបំពេញជ័យជម្នះដល់ក្រុមជាមួយនឹងគ្រាប់បាល់ប៉េណាល់ទីនៅពេលជិតបញ្ចប់ការប្រកួត។
Real Madrid ដែលលេងដោយគ្មានតារាឆ្នើមដូចជា Cristiano Ronaldo , KeylorNavas , Luka Modric និង Toni Kroos បានបង្ហាញពីទម្រង់លេងយ៉ាងល្អ ពោលគឺ រឹងមាំជាងក្រុមដែលធ្លាក់ចេញពីពាន Copa del Rey ក្រោមស្នាដៃក្រុម Leganes កាលពីប៉ុន្មានសប្តាហ៍មុន។ ជ័យជម្នះនេះ គឺជាជ័យជម្នះជាលើកទី5របស់ Real ក្នុងចំណោមការប្រកួត 6លើក ខណៈដែលពួកគេបានបន្តបង្ហាញពីទម្រង់លេងយ៉ាងល្អនៅដើមឆ្នាំថ្មីនេះ។
ប៉ុន្តែ ក្រុមឈរលេខ1 Barcelona នៅតែនាំមុខរហូតដល់ទៅ 14ពិន្ទុដាច់លើក្រុម Real។ លោក Zinedine Zidane គ្រូបង្វឹករបស់ក្រុម Real បានឱ្យដឹងថា៖ «យើងពិតជារីករាយណាស់ យើងស្ថិតក្នុងចំណាត់ថ្នាក់លេខ3 នៅលើតារាង ហើយនោះជាលទ្ធផលដ៏សំខាន់សម្រាប់យើង។ យើងចង់បន្តបែបនេះ យើងមានពេលវេលាដ៏លំបាកជាច្រើន ហេតុនេះ យើងចង់ដណ្តើមយកប្រៀបផ្សេងៗពីដំណាក់កាលដ៏ល្អនេះ»៕
ប្រភពពី៖ The Sun