ស្ទើរតែមិនគួរឱ្យជឿ ខណៈដែលដំណាំមៀនតៃវ៉ាន់ដែលទើបតែនាំចូលមកដាំដុះសាកល្បងនៅក្នុងប្រទេសកម្ពុជាសោះ ស្រាប់តែទទួលបានផលលើសការរំពឹងទុក ដោយក្នុងមួយហិកតាអាចលក់ទិន្នផលបានប្រាក់ដល់ទៅជាងមួយម៉ឺនដុល្លារ និងមានលក្ខណៈងាយស្រួលដាំជាងដើមមៀនខ្មែរយើង និងថែមទាំងឆាប់ទទួលបានផលទៀតផង។
លោក ពេជ្រ ថុង អ្នកបច្ចេកទេសកសិកម្មនៅក្នុងកសិដ្ឋានបណ្តុះកូនឈើខេត្តពោធិ៍សាត់មានប្រសាសន៍ថា ដោយមើលឃើញលក្ខណៈអំណោយផលពីអាកាសធាតុរវាងប្រទេសតៃវ៉ាន់ និងប្រទេសកម្ពុជាដែលស្ថិតក្នុងតំបន់អាស៊ីមានលក្ខណៈក្តៅ ហើយសើមដូចគ្នាដែលអំណោយផលដល់ផ្នែកកសិកម្មដាំដុះនោះ លោកបាននាំយកពូជមៀនតៃវ៉ាន់នេះមកដាំសាកល្បងនៅប្រទេសកម្ពុជាយើង ក៏ស្រាប់តែទទួលបានផលលើសពីការរំពឹងទុកតែម្ដង។
លោកមានប្រសាសន៍បន្ថែមថា ដើមមៀនតៃវ៉ាន់ មានលក្ខណៈខុសពីដើមមៀនខ្មែរ ដោយគិតចាប់តាំងពីពេលដាំដុះរហូតដល់ទទួលបានផល គឺចំណាយពេលត្រឹមតែ 2ឆ្នាំកន្លះប៉ុណ្ណោះ ខណៈដែលមៀនខ្មែរត្រូវប្រើពេលយូររហូតដល់3 ទៅ4ឆ្នាំឯណោះ ទើបចាប់ផ្តើមឱ្យផលដំបូង។ លោកបញ្ជាក់ដូច្នេះថា “មៀននេះវាងាយស្រួលដាំ មិនសូវរើសដីទេ ហើយដាំតែ 2ឆ្នាំកន្លះ យើងអាចប្រមូលផលលក់បានហើយ។ ក្នុងមួយដើមអាចបេះបានជាង15គីឡូក្រាម ហើយក្នុងមួយហិកតាយើងអាចដាំបាន 400ដើម បើលក់បោះដុំមួយគីឡូបាន 2ដុល្លារដូច្នេះយើងអាចប្រមូលផលបានដល់ទៅ 12,000ដុល្លារឯណោះក្នុងមួយឆ្នាំ ប៉ុន្តែសម្រាប់អ្នកយកទៅលក់បន្ត គេអាចលក់បាន 15,000រៀល(ជិត 4ដុល្លារ)ឯណោះក្នុងមួយគីឡូក្រាម ពិសេសក្នុងរដូវចូលឆ្នាំចិនតែម្តង លក់មិនដែលសល់ទេ។
លោកបញ្ជាក់ថា អ្វីដែលពិសេសលើសពីនេះ គឺកសិករអាចបញ្ជាឱ្យចេញផ្លែតាមការចង់បានរបស់ខ្លួនទៀតផង ដូចជាចម្ការរបស់លោកផ្ទាល់ លោកបានដាំដើមមៀនតៃវ៉ាន់នេះលើផ្ទៃដីទំហំជាង 3ហិកតានៅក្នុងខេត្តពោធិ៍សាត់ ហើយបានបញ្ជាឱ្យវាចេញផ្លែនៅរដូវកាលផ្សេងៗគ្នា ពិសេសរដូវចូលឆ្នាំខ្មែរ និងរដូវចូលឆ្នាំចិន។ ដើម្បីឱ្យផ្លែវាលក់បានថ្លៃ ហើយមានតម្រូវការខ្ពស់នៅលើទីផ្សារ និងលក់មិនខ្លាចសល់ គឺត្រូវឱ្យវាចេញផ្លែទៅតាមរដូវកាល។ ចំណែកមៀនខ្មែរយើងវិញ បើសិនជាដល់រដូវប្រមូលផល គឺធ្វើឱ្យសម្បូរ និងមានដាក់លក់ច្រើននៅលើទីផ្សារធ្វើឱ្យតម្លៃរបស់វាត្រូវធ្លាក់ចុះ។
ឯរសជាតិរបស់ផ្លែមៀនតៃវ៉ាន់វិញ មានលក្ខណៈមិនសូវខុសពីមៀនខ្មែរយើងប៉ុន្មានទេ ដោយវាមានសាច់ក្រាស់ល្អដូចសាច់មៀនតាង៉ែននៅខេត្តប៉ៃលិនដែរ តែសាច់មានលក្ខណៈសើមជាងមៀនតាង៉ែន ហើយមានក្លិនក្រអូបជាងមៀនរបស់ខ្មែរយើង។
ចំពោះវិធីសាស្ត្រដាំដុះ ភាគច្រើនមុននឹងដាំ គេកាប់មែកយកមកផ្សាំក្នុងរយៈពេលមួយខែកន្លះដោយត្រូវរើសកូនណាដែលមានការលូតលាស់ល្អ និងត្រូវយកទៅដាំនៅក្នុងរណ្តៅចន្លោះពីគ្នា 5ម៉ែត្រក្នុងមួយដើម។ កសិករអាចដាំដំណាំហូបផ្លែនេះនៅតាមចន្លោះរងនីមួយៗរបស់ដំណាំផ្សេងៗបាន ដូចជាពោត សណ្តែកជាដើម។ មុននឹងដាំកសិករត្រូវរៀបចំដីឱ្យបានល្អ ត្រូវភ្ជួរដីហាល និងកាប់រណ្តៅទុកចោល ហើយដាក់ឱ្យត្រូវកម្ដៅថ្ងៃចន្លោះពី 5ថ្ងៃទៅមួយសប្តាហ៍ដើម្បីសម្លាប់មេរោគចោលជាមុន រួចទើបចាប់ផ្តើមដាក់ដាំ និងត្រូវមើលថែទាំ ដូចជាស្រោចទឹក ជម្រះស្មៅ ដាក់ជីឱ្យកូនមៀនលូតលាស់ល្អ។ រហូតបានអាយុ 6ខែទើបត្រូវកាត់មែកចេញខ្លះកុំឱ្យដើមលូតខ្ពស់ពេក ដោយទុកឱ្យមានកម្ពស់ត្រឹមតែ 2ម៉ែត្រ ឬ2ម៉ែត្រកន្លះប៉ុណ្ណោះដើម្បីងាយស្រួលបាញ់ថ្នាំថែទាំ និងប្រមូលផល។
កសិករអាចដាក់ជីលាមកគោ ឬជីកំប៉ុសសម្រាប់ការដាំជាលក្ខណៈគ្រួសារ ប៉ុន្តែបើដាំច្រើនសម្រាប់ធ្វើអាជីវកម្មវិញទៅត្រូវប្រើជីគីមីផងដែរ ប៉ុន្តែត្រូវធ្វើយ៉ាងណាប្រើប្រាស់ទៅតាមស្តង់ដារសុវត្ថិភាព មិនឱ្យប៉ះពាល់ដល់សុខភាពដើមមៀន ឬសុខភាពមនុស្សនៅពេលទទួលទាន។ ត្រង់ចំណុចនេះលោក ពេជ្រ ថុង បញ្ជាក់ថា ករណីនេះកសិករត្រូវដាក់ជីម្តងមួយស្លាបព្រាបាយ និងដាក់ឱ្យឆ្ងាយពីគល់ចម្ងាយ25សង់ទីម៉ែត្រ ចៀសវាងដាក់ក្បែរគល់ខ្លាំងពេកនាំឱ្យខ្លោចសម្បកដើមមៀន។
ជាទូទៅដើមមៀនប្រភេទនេះត្រូវបានគេដាំនៅកន្លែងដែលមានប្រភពទឹកគ្រប់គ្រាន់ ដែលអាចស្រោចស្រពបានទាំងរដូវប្រាំង និងរដូវវស្សា និងដាំនៅលើដីដែលមិនជាំទឹក។ បើសិនជាកសិករមានចំណាប់អារម្មណ៍ និងចង់ដាំដុះ សូមទាក់ទងទៅកសិដ្ឋានបណ្តុះកូនឈើខេត្តពោធិ៍សាត់ដែលមានអ្នកជំនាញបច្ចេកទេសចាំផ្តល់ប្រឹក្សាជូនបន្ថែម។
លោកថា កសិករគួរតែផ្លាស់ប្តូរទម្លាប់ដាំដំណាំចាស់ៗបែបបុរាណ ដូចជាដំឡូងមីជាដើម ដែលជួនបានថ្លៃ ជួនមិនបានថ្លៃ ហើយគួរងាកមកដាំមៀនប្រភេទនេះវិញម្ដង ព្រោះប្រើពេលត្រឹមតែ 2ឆ្នាំកន្លះប៉ុណ្ណោះ វានឹងផ្តល់ផលឱ្យវិញ បានរហូតដល់ទៅ 20ឆ្នាំឯណោះទើបវាងាប់ដើម៕