តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ2018 នេះ គេសង្កេតឃើញថា មានរូបថតជាច្រើនសន្លឹករបស់តារាស្រីរូបស្អាត សុគន្ធ នីសា ក្នុងឈុតសម្លៀកបំពាក់សម័យអាណានិគមបារាំងត្រូវបានបង្ហោះនៅលើគណនីហ្វេសប៊ុកមួយ បានធ្វើឱ្យប្រិយមិត្តអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងបំផុត និងពោលពាក្យសរសើរមិនដាច់ពីមាត់ឡើយ ហើយរូបភាពទាំងនោះទៀតសោត គឺជាសកម្មភាពក្រៅឆាកនៃការសម្ដែងក្នុងរឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍ហង្សមាស គឺរឿង “រាជិនីភូមិគ្រឹះ”។
គួររំឭកផងដែរថា កន្លងទៅធ្លាប់ធ្លាយដំណឹងថា តារាស្រីរូបឆោមស្រស់ស្អាតម្នាក់នេះមានអាការឃ្លានម្ជូរហើយ ដែលកើតឡើងពីការចំអន់របស់ពិធីការិនី កែវ ចាន់និមល។ ក្នុងកម្មវិធីប្រគំតន្ត្រីមួយនៅតាមខេត្តកាលពីពេលថ្មីៗនេះបន្ទាប់ពី សុគន្ធ នីសា ច្រៀងចប់ គេបានឃើញពិធីករ-ពិធីការិនីចេញមកនិយាយជាធម្មតា។ តែក្នុងនោះ កែវ ចាន់និមល បានយកភេសជ្ជៈជូនដល់ សុគន្ធ នីសា ជាមួយនឹងការនិយាយចំអន់ថា ពេលនេះ នីសា ចាប់ផ្តើមចូលចិត្តអាហារប្រភេទរសជាតិជូរៗហើយ ជាពិសេសរសជាតិក្រូចតែម្តង។ តារាចម្រៀង សុគន្ធ នីសា មិនបានឆ្លើយតបទេ គ្រាន់តែសើចតែប៉ុណ្ណោះ។ មានការនិយាយពីសំណាក់មហាជនថា ប្រសិន សុគន្ធ នីសា មានដំណឹងល្អដូច កែវ ចាន់និមល ចំអន់មែននោះ គឺជារឿងល្អខ្លាំងណាស់ ព្រោះវ័យរបស់នាងក៏ល្មមស័ក្តិសមនឹងការមានគភ៌ហើយដែរ៕