Skip to content

ស្ពាន​ឆ្លងទន្លេ​មេគង្គ​ថ្មី កំពង់ចាម-ត្បូងឃ្មុំ​នឹង​សាងសង់​ក្នុងតម្លៃ 57លាន​ដុល្លារ

ស្ពាន​ឆ្លងទន្លេ​មេគង្គ​ថ្មី​មួយទៀត​ភ្ជាប់​ពី​ខេត្តកំពង់ចាម ទៅ​ខេត្ត​ត្បូងឃ្មុំ​បានចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​នៅ​ដើមខែ​កុម្ភៈ​នេះ ក្នុងតម្លៃ 57 លាន​ដុល្លារ ដែល​នឹង​រួចរាល់​ជា​ស្ថាពរ​ក្នុង​រយៈពេល 42ខែក្រោយ។

រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​លើកឡើងថា គម្រោង​សាងសង់​ស្ពាន​ថ្មី​នេះ គឺ​ចាប់ផ្តើម​ពី​ត្រើយ​ខាងលិច​ដែល​ស្ថិតនៅ​ភូមិ​បឹង​ដែរ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់​ទន្លេមេគង្គ​ទៅ​ត្រើយ​ខាងកើត ដែល​ស្ថិត​ក្នុងភូមិ​ក្តុល​លើ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ។ ស្ពាន​នេះ​មាន​ប្រវែង 1,131ម៉ែត្រ មាន​ទទឹង 13.50ម៉ែត្រដែលជា​ស្ពាន​ប្រភេទ​បេតុង​សរសៃដែក (Countinues Box Gider Bridge)។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានបញ្ជាក់​ផងដែរ​ថា នៅលើ​ស្ពាន​ដែលមាន​ទទឹង​ទំហំ 13.50ម៉ែត្រ​នេះ គឺ​បែង​ចែកជា​ផ្លូវ​រថយន្ត​ប្រវែង 3.50ម៉ែត្រ​ចំនួន 2គន្លង ផ្លូវ​ម៉ូតូ 1.90ម៉ែត្រ​ចំនួន 2គន្លង ផ្លូវ​ថ្មើរជើង 1.10ម៉ែត្រ​ចំនួន 2គន្លង និង​បង្កាន់ដៃស្ពាន​ចំនួន 0.25ម៉ែត្រ​សងខាង និង​ផ្ទៃ​ខាងលើ​នៃ​ស្ពានបេតុង​នេះ គឺ​ក្រាល​ដោយ​កៅស៊ូ​កម្រាស់ 5សង់ទីម៉ែត្រ។

រដ្ឋាភិបាល​ក៏មាន​គម្រោង​សាងសង់​កំណាត់​ផ្លូវ​ដែល​ភ្ជាប់​ចុង​ទាំងសងខាង​របស់​ស្ពាន​នេះ​ផងដែរ ដែលមាន​ប្រវែង​សរុប​ទាំងសងខាង(ខាងលិច និង​ខាងកើត)ប្រវែង 8,323ម៉ែត្រ​ផងដែរ ដោយក្នុងនោះ​មាន​ផ្លូវ​មេ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ 71C ប្រវែង 3,869ម៉ែត្រ និង​ផ្លូវ​បែកខ្នែង​ប្រវែង 4,454ម៉ែត្រ ក្រាល​ថ្មី​ដោយ​ចាក់​កៅស៊ូ (DBST) 2ជាន់ ដែល​បើ​គិត​សរុប​ទាំង​ប្រវែង​ស្ពាន និង​ផ្លូវ​ត​ភ្ជាប់​ទាំងសងខាង​ផង គឺមាន​ប្រវែង 9,454ម៉ែត្រ។

ស្ពាន​ថ្មី​នេះ​ត្រូវបាន​សាងសង់ឡើង​ដោយ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ 57លាន​ដុល្លារ​អាមេរិក ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន ជាមួយនឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា។ គម្រោង​នេះ​នឹង​អនុវត្ត​សាងសង់​ដោយ​ក្រុមហ៊ុន Shanghai Construction Group ក្រោម​ការត្រួតពិនិត្យ​បច្ចេកទេស​ទេស​ដោយ​ក្រុមហ៊ុន ក្វាង​ចូ​វ​វ៉ាន​អាន ដែល​គម្រោង​នេះ​ជា​យុទ្ធសាស្ត្រ​មួយ​យ៉ាងសំខាន់​សម្រាប់​ការតភ្ជាប់​ទំនាក់ទំនង​ការដឹកជញ្ជូន និង​ការធ្វើដំណើរ​របស់​ប្រជាជន​នៅ​ត្រើយ​ខាងកើត និង​ត្រើយ​ខាងលិច​នៃ​ទន្លេមេគង្គ។

គួរ​បញ្ជាក់ថា គម្រោង​ស្ពាន​ដ៏​មាន​សក្តានុពល​មួយ​នេះ គឺជា​ស្ពាន​ទី 7 ហើយ​ដែល​សាងសង់​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន ដែល​ក្នុងនោះ​រួមមាន ស្ពាន​កោះធំ ស្ពាន​តាខ្មៅ ស្ពាន​ជ្រោយចង្វារ​ទី2 ស្ពាន​ព្រែក​ក្តាម ស្ពាន​ព្រែ​កតា​មាក់ ស្ពាន​សេកុង និង​ស្ពាន​មេគង្គ​ស្ទឹងត្រែង។ កន្លងមក​រដ្ឋាភិបាល​ចិន​បានផ្តល់​កម្ចី​សាងសង់​ផ្លូវ​បាន​ចំនួន 2ពាន់​គីឡូម៉ែត្រ ដែល​កំពុង​សាងសង់​បាន​ជិត 700គីឡូម៉ែត្រ និង​គម្រោង​សាងសង់​មួយចំនួនទៀត ដែល​កម្ចី​នោះ​មាន​ទំហំ​ទឹកប្រាក់​ជាង 2ពាន់​លាន​ដុល្លារ​អាមេរិក៕

Leave a Reply

Your email address will not be published. Required fields are marked *