កំពូលតារាចម្រៀងស្រី មាស សុខសោភា ត្រូវបានគេបង្ហើបឱ្យដឹងថា រូបនាងជិតដល់ពេលបញ្ចប់កិច្ចសន្សាការងារជាមួយផលិតកម្មថោនហើយ ស្របគ្នានោះដែរ ក៏មានដំណឹងធ្លាយមកថា រូបនាងកំពុងតែប្រុងប្រៀបហក់ចូលទៅក្នុងទ្រនំផលិតកម្មរស្មីហង្សមាស ជាមួយអតីតមិត្តរួមទ្រនំក្នុងផលិតកម្ម CB ដូចជា ឆន សុវណ្ណរាជ ឱក សុគន្ធកញ្ញា និងខេមរៈ សិរីមន្ដ ផងដែរ។
ប្រភពដែលសារព័ត៌មាន ឡារ៉ែនទទួលបានៗឱ្យដឹងថា តាមរយៈប្រភពដែលស្និទ្ធស្នាលនឹងតារាស្រី មាស សុខសោភា បានអះអាងថា មាស សុខសោភា បានត្រៀមចុះកុងត្រាជាមួយនឹងផលិតកម្មហង្សមាសរួចហើយ ដោយនាងត្រូវបាន ខាងផលិតកម្មហង្សមាសពន្យារពេលដើម្បីឱ្យចម្រៀងរបស់នាងត្រូវចេញនៅក្រោយថ្ងៃបុណ្យចូលឆ្នាំខ្មែរ ព្រោះសព្វថ្ងៃ មាស សុខសោភា មានចម្រៀងមួយចំនួនដែលជាប្រភេទបទរាំវង់ រាំក្បាច់ និងកន្ទ្រឹមកំពុងសម្រុកថត និងសម្តែងផងសម្រាប់ធ្វើជាកាដូចុងក្រោយជូនផលិតកម្ម ថោន។
បើតាមប្រភពដដែលបានបន្តទម្លាយទៀតថា អ្នកនាង មាស សុខសោភា ពិតជាបានចុះកុងត្រាជាមួយនឹងផលិតកម្មហង្សមាសពិតប្រាកដមែន ដោយខាងហង្សមាសបានព្យាយាមលាក់បាំងរឿងនេះមិនឱ្យធ្លាយចេញទៅក្រៅទេ ប៉ុន្តែរឿងនេះនៅតែលាក់មិនជិត។ ជាមួយគ្នានេះដែរ ខាងទស្សនិកជនជាច្រើនបានខ្សឹបប្រាប់ថា ហង្សមាសកំពុងតែប្រមូលផ្ដុំដោយតារាល្បីៗ តែយ៉ាងណាក៏មានតារាចម្រៀងក្នុងផលិតកម្មខ្លួនមួយចំនួនកំពុងតែត្រៀមដើរចេញដូចគ្នាដែរ ពេលចប់កុងត្រា ព្រោះមិនមានចម្រៀងច្រៀង និងក្រុមហ៊ុនហាក់មិនអើពើ។
គួររំឭកផងដែរថា នៅអំឡុងឆ្នាំ 2008 មាស សុខសោភាធ្លាប់ធ្លាយដំណឹងថានឹងចូលទៅច្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាសម្ដងរួចមកហើយ តែជាអកុសលដោយសារតែកាលនោះមានលេចរឿងអាស្រូវរវាងរូបនាង និងគូស្នេហ៍ ដែលបានសម្លាប់ប្រជាប្រិយភាពរបស់នាង ទើបបណ្ដាលឱ្យខាងផលិតកម្មធំមួយនេះសម្រេចមិនទទួលយកកញ្ញាវិញ ខណៈដែលពេលនោះនាងក៏បានងាកទៅចេញបទចម្រៀងនៅក្នុងផលិតកម្ម M ជំនួសវិញ ហើយព្យាយាមសាងប្រជាប្រិយភាព និងលាក់បាំងអំពីសាវតាពិតរបស់គូស្នេហ៍ ដែលសូម្បីតែឈ្មោះក៏គ្មានអ្នកសារព័ត៌មានណាម្នាក់បានដឹងដែរ។ យ៉ាងណាមិញ សារព័ត៌មាន ឡារ៉ែន ពុំអាចទំនាក់ទំនងសុំការបំភ្លឺបន្ថែមពីដំណឹងច្បាស់ការក្នុងរឿងចុះកិច្ចកុងត្រាជាមួយហង្សមាស ពីតារាស្រី មាស សុខសោភា បាននៅឡើយ៕