អ្នកអប់រំជាច្រើនលើពិភពលោកបានរកឃើញថា ការអប់រំនៅក្នុងសាលាតែម្យ៉ាងមិនទាន់គ្រប់គ្រាន់ដើម្បីទទួលបានការងារធ្វើនៅក្នុងសង្គមមួយ ដែលកំពុងមានការអភិវឌ្ឍយ៉ាងលឿននាសតវត្សទី21 នេះនោះទេ។ វាជាសម័យបច្ចេកវិទ្យា និងការប្រកួតប្រជែងយ៉ាងស្រួចស្រាល់លើជំនាញការងារ និងការវិនិយោគជាដើម កត្តានេះធ្វើឱ្យអាជីពជាច្រើនបានកើតឡើង ជាមួយនឹងលក្ខខណ្ឌការងារដែលតម្រូវឱ្យសិស្ស និសិ្សតត្រូវតែបំពេញ។
យោងតាមទិន្នន័យដែលបានបង្ហាញដោយទីប្រឹក្សានៃទីភ្នាក់ងារជាតិមុខរបរ និងការងារនៅកម្ពុជា លោកស្រី អ៊ូច ជាច័ន្ទមល្លិកា បានលើកឡើងក្នុងសិក្ខាសាលាស្តីពីការអប់រំ តម្រង់ទិសវិជ្ជាជីវៈថា តាមការស្រាវជ្រាវគេរកឃើញថា ជំនាញដែលបុគ្គលិកនៅកម្ពុជាកំពុងត្រូវការគឺមានដូចជា ជំនាញអនុវត្តន៍ជាក់ស្តែង 39.2% ជំនាញភាសាបរទេស 31.5% ជំនាញគ្រប់គ្រងអតិថិជន 17.5% ជំនាញដោះស្រាយបញ្ហា 15.4% ជំនាញបច្ចេកវិទ្យាព័ត៌មានកម្រិតខ្ពស់ ឬជំនាញ Software 14% ជំនាញបច្ចេកវិទ្យាព័ត៌មាន និងកុំព្យូទ័រមូលដ្ឋាន 19.6% ជំនាញទំនាក់ទំនងផ្ទាល់មាត់ 12.6% ជំនាញធ្វើការងារជាក្រុម 9.1% ជំនាញគម្រោង 7% ជំនាញទំនាក់ទំនងតាមរយៈការសរសេរ 5.6% ជំនាញរដ្ឋបាល 4.9% ជំនាញគិតលេខ 4.9% និងជំនាញយុទ្ធសាស្ត្រគ្រប់គ្រងចំនួន 3.5%។
បន្ថែមពីលើនេះ លោក ស៊ាង សុបញ្ញា នាយកវិទ្យាស្ថានកម្ពុជា-អាស៊ាន បានលើកឡើងថា ដើម្បីក្លាយខ្លួនជាបុគ្គលដែលមានការងារធ្វើ និងកម្រិតសមត្ថភាពជាអន្តរជាតិ ពួកគេគួរតែមានជំនាញធំៗជាគោល 2 គឺជំនាញភាសាឱ្យច្បាស់ និងជំនាញបច្ចេកទេសឱ្យច្បាស់។ ភាពច្បាស់នៃជំនាញភាសានេះ គឺមិនមែនគ្រាន់តែអានបាន ឬនិយាយស្តាប់គ្នាបែបធម្មតាបាននោះទេ គឺចាំបាច់ត្រូវចេះច្បាស់លាស់អាចបកប្រែ ឬសរសេរលិខិតជាផ្លូវការបានដោយរលូន។ នៅពេលដែលយើងអាចយល់ច្បាស់ពីភាសាហើយ យើងនឹងមានទុនមួយសម្រាប់ការស្រាវជ្រាវជាសកល ដើម្បីឈានទៅដល់ភាពជាអ្នកជំនាញដែលមានគុណភាពក្នុងការគិត និងអនុវត្តន៍ខ្ពស់។
នាយកវិទ្យាស្ថានខាងលើបានលើកឡើងផងដែរថា ចំពោះជំនាញបច្ចេកទេសវិញ ក៏ជាជំនាញចាំបាច់មួយផងដែរ ព្រោះនាពេលបច្ចុប្បន្ននេះ អាស៊ានបានបើកចំហនូវអាជីពមួយចំនួនដើម្បីឱ្យប្រជាជននៅក្នុងប្រទេសដែលជាសមាជិកទាំងអស់ មានឱកាសស្វែងរកការងារធ្វើនៅក្នុងប្រទេសទាំង 10នោះ។ ប្រសិនបើយើងមានជំនាញច្បាស់លាស់ ហើយចេះប្រើភាសាច្បាស់លាស់ យើងនឹងអាចឈោងចាប់ទីផ្សារការងារនៅបរទេស មិនមែនប្រកួតប្រជែងតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ។
បញ្ហារបស់យុវជនកម្ពុជានាពេលបច្ចុប្បន្ន គឺពួកគេមិនទាន់មានជំនាញទី2 នេះច្បាស់នៅឡើយ ដែលវាធ្វើឱ្យពួកគេមិនមានភាពរឹងមាំ ឬមានភាពស្ទាក់ស្ទើរមិនច្បាស់លាស់៕