ស្របពេលដែលកំពុងតែសម្ដែងរឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍ហង្សមាស លោក នី រតនា ជាម្ចាស់ពានកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodia Idol រដូវកាលទី1 កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង និងធ្វើឱ្យអ្នកគាំទ្រអន្ទះសារង់ចាំទស្សនាពីសមត្ថភាពសម្ដែងរឿងលើកដំបូងរបស់លោក ខណៈដែលលោកទទួលបានតំណែងជាតួឯកប្រុស។ ហើយរឿងភាគនេះ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះបានរំពឹងទុក និងជឿជាក់យ៉ាងមុតមាំថា លោកនឹងទទួលបានការស្រឡាញ់ និងគាំទ្រខ្លាំងពីសំណាក់មហាជនទាំងអស់ ដែលជាកម្លាំងជំរុញចិត្តមួយសម្រាប់បន្ដបោះជំហាននៅក្នុងវីថីសិល្បៈមួយនេះ។
ស្របគ្នានោះដែរ ក៏មានព័ត៌មានខ្សឹបខ្សៀវមួយលេចចេញពីក្រុមការងារសិល្បៈថា តួឯកប្រុសនៅក្នុងរឿង “រាជបុត្រកង្កែប” រូបនេះកំពុងកើតជំងឺតួឯក និងបដិសេធមិនព្រមថតតួរាយរងឡើយ ខណៈពេលខ្លួនកំពុងតែឡើងកូដខ្លាំងនេះ។ ជុំវិញបញ្ហាខាងលើនេះ លោក នី រតនា បានប្រាប់អ្នកសារព័ត៌មានថា រូបលោកមិនបានកើតជំងឺតួឯកដូចគេថានោះទេ ពោលគឺរឿងអ្វីក៏ដោយ ឱ្យតែក្រុមហ៊ុនដាក់ឱ្យថតគឺត្រូវតែថត ព្រោះនោះជាការងារ។ តារាប្រុសរូបសង្ហាម្នាក់នេះ បានបន្ដថា «អូហ៍! អត់ទេបង ខ្ញុំមិនធ្លាប់គិតទាល់សោះថា ទាល់តែធ្វើតួឯកបានថតនោះ តួអីក៏ខ្ញុំថតបានដែរ មិនប្រកាន់ទេ»។
ជាចុងក្រោយ ម្ចាស់បទល្បី “នារីក្នុងសុបិនបង គឺជាអូន” រូបនេះបានបញ្ជាក់បន្ថែមថា «និយាយទៅ ខ្ញុំជាតារាចម្រៀងមានកុងត្រាជាមួយផលិតកម្មហង្សមាស អ៊ីចឹងហើយបើខាងផលិតកម្មគាត់ដាក់ការងារអីឱ្យយើងធ្វើ គឺត្រូវធ្វើតាមហ្នឹងដែរ។ ខ្ញុំលេងជាតួអីក៏បានដែរ ឱ្យតែខាងហង្សមាសដាក់ឱ្យ។ ចំពោះរឿងដែលខ្ញុំកំពុងតែថតរាល់ថ្ងៃនេះ ខ្ញុំថតបាន 50 % ហើយ ខ្ញុំសង្ឃឹមថា រឿងនោះនឹងបន្ថែមកេរ្ដិ៍ឈ្មោះ និងប្រជាប្រិយភាពដល់រូបខ្ញុំទៀតមិនខាន ព្រោះថា សាច់រឿងល្អ រួមទាំងអ្នកដឹកនាំរឿងក៏ពូកែទៀតផង» ៕