ការបើកអាជីវកម្មថ្មីមួយ មិនថាអាជីវកម្មតូចមធ្យម ឬអាជីវកម្មធំនោះទេ គឺទាមទារឱ្យអាជីវករត្រូវមានប្រភពទុនឱ្យបានច្បាស់លាស់ជាមុន ចៀសវាងមានហានិភ័យហិរញ្ញវត្ថុណាមួយកើតឡើង មិនមានប្រាក់បម្រុងទុកខាតដំណាក់កាលដំបូងនាំឱ្យអាជីវកម្មបរាជ័យ។ ដូច្នេះសួរថាតើមុនចាប់ផ្តើមធ្វើអាជីវកម្មគួរត្រូវរង់ចាំសន្សំប្រាក់គ្រប់ចំនួនដោយខ្លួនឯង ឬត្រូវខ្ចីប្រាក់ពីធនាគារមកធ្វើដើមទុន?
លោក យ៉ត ណារ៉ូ ជាអាជីវករលក់ចាប់ហួយនៅក្នុងផ្សារអូឫស្សីមានប្រសាសន៍ថា វាអាស្រ័យ លើការយល់ឃើញរបស់ម្ចាស់អាជីវកម្មនីមួយៗ ទស្សនៈរបស់លោកយល់ថា បើមានឱកាសល្អគួរតែចាប់ផ្តើមធ្វើវា ហើយបើខ្វះទុនគួរតែខ្ចីពីធនាគារសិនទៅ មិនគួរត្រូវរង់ចាំសន្សំលុយខ្លួនឯងគ្រប់នោះទេ ព្រោះវាអាចបាត់បង់ឱកាសល្អនេះ។ និយាយចប់លោកសើចតិចៗហើយលោកបន្តថា នេះជាការយល់ឃើញរបស់ខ្ញុំ តែផ្ទុយទៅវិញ ខ្ញុំជាមនុស្សខ្លាចបំផុតក្នុងការខ្ចីលុយគេមករកស៊ី មិនថាចងការគេក្រៅ ឬខ្ចីពីធនាគារក៏ដូចជាគ្រឹះស្ថានមីក្រូហិរញវត្ថុនោះទេ ដោយហេតុថា ខ្ញុំមិនធ្លាប់មានបទពិសោធក្នុងការរៀបចំឯកសារលើការស្នើសុំកម្ចីពីធនាគារ សម្រាប់ខ្ញុំគិតថា វាពិបាកខ្លាំងសម្រាប់ការងារនេះហើយបើខ្ចីចងការគេក្រៅ ការប្រាក់ថ្លៃអាចរកមិនសល់នឹងបង់ការប្រាក់គេឡើយ។
លោកមានប្រសាសន៍ដូច្នេះថា “ខ្ញុំលក់ចាប់ហួយនេះ 10ឆ្នាំមកហើយ ខ្ញុំមិនដែលធ្លាប់ខ្ចីលុយគេទេ ដំបូងឡើយខ្ញុំលក់រាយធម្មតា តែឥឡូវខ្ញុំក៏មានបោះដុំផងដែរ ការខ្ចីលុយគេរកស៊ី ឬពង្រីកមុខរបរមិនមែនមិនល្អនោះទេ តែមកពីខ្ញុំមិនចង់ដាក់សម្ពាធលើខ្លួនឯង បើមុខរបរយើងដំណើរការមិនសូវល្អ ខ្លាចគេងមិនលក់ពិបាកចិត្តគិតច្រើន ព្រោះត្រូវរកលុយបង់ការផង និងសងដើមគេត្រឡប់ទៅគេវិញផង ដូច្នេះខ្ញុំក៏ធ្វើតាមតែលទ្ធភាពដែលខ្ញុំមានគ្រាន់តែវារាងយឺតបន្តិចទម្រាំយើងអាចសន្សំលុយខ្លួនឯងបានគ្រប់យកមកពង្រីកលើការលក់បោះដុំនេះ។
ក្រឡេកមើលរបររកស៊ីរបស់អ្នកស្រី មូល ដាវី ដែលជាអាជីវករផ្គត់ផ្គង់ជីកសិកម្ម និងសម្ភារកសិកម្ម មានទីតាំងនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបងឯណោះវិញ អ្នកស្រីបានមានប្រសាសន៍ថា ដើមឡើយអ្នកស្រីមានប្រាក់សម្រាប់ទិញជីកសិកម្មពីក្រុមហ៊ុនមកលក់បន្តទៅឱ្យកសិករនៅក្នុងមូលដ្ឋាន ប៉ុន្តែមិនមែនជាអាជីវកម្មខ្នាតធំនោះទេ។
ដោយសារតែការចាប់ផ្តើមដំបូងត្រូវទិញតិចៗយកមកសាកល្បងលក់ធ្វើការស្ទាបស្ទង់ទីផ្សារជាមុនសិន ក្រែងលក់មិនដាច់ខ្លាចយកមកច្រើនធ្វើឱ្យយើងខាតទៅវិញក៏ច្រើន។ អ្នកស្រីបន្តថា ក្រោយពីលក់បានមួយរយៈ ការប្រើប្រាស់ជីកសិកម្មរបស់កសិករ កាន់តែមានតម្រូវការច្រើនឡើងៗ ដែលជាហេតុធ្វើឱ្យអ្នកស្រីខ្វះទុនពង្រីកអាជីវកម្ម ដូច្នេះចៀសមិនផុតពីការខ្ចីប្រាក់ពីធនាគារនោះឡើយ។
អ្នកស្រីបញ្ជាក់បន្ថែមដូច្នេះថា “កាលនោះបើសិនជាមិនខ្ចីធនាគារមកពង្រីកមុខរបររកស៊ីទេនោះ ប្រហែលជាអាជីវកម្មមិនរីកធំធាត់មកដល់សព្វថ្ងៃនេះឡើយ ប៉ុន្តែវាមិនស្រួលនោះទេ នៅពេលជំពាក់បំណុលធនាគារ គឺត្រូវប្រុងប្រយ័ត្នខ្លាំងទៅលើការចំណាយផ្សេងៗ បើពុំដូច្នេះទេ ការចាយវាយខ្ជះខ្ជាយភ្លេចខ្លួនតែបន្តិចបាត់ដើមបាត់ចុង ប្រាកដជារកប្រាក់សងធនាគារមិនបានទេ។
ឆ្លងកាត់បទពិសោធធ្វើអាជីវកម្មជាច្រើនឆ្នាំមកនេះ អ្នកស្រីបានផ្តល់ជាអនុសាសន៍ថា បើសិនខ្ចីប្រាក់គេមករកស៊ីក៏មិនមានបញ្ហាអ្វីដែរ ព្រោះយើងយកប្រាក់មកបង្កើតប្រាក់ បង្កើនអាជីវកម្មឱ្យកាន់តែរីកធំឡើង កុំយកប្រាក់មកចាយវាយគ្មានគោលដៅច្បាស់លាស់ បើមិនដូច្នោះទេ ទោះរកស៊ីចំណេញក៏រកលុយមកសងធនាគារវិញមិនគ្រប់ដែរ។
ជួបជាមួយលោក ណាង គីណាល់ នាយកប្រតិបត្តិទីផ្សារ និងទំនាក់ទំនងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ.អឹម.ខេ មានប្រសាសន៍ថា ការធ្វើអាជីវកម្មមួយមិនសំខាន់ទៅលើមានប្រាក់គ្រប់ចំនួនដោយខ្លួនឯងឬខ្ចីប្រាក់ពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មកធ្វើជាប្រភពទុននោះទេ សំខាន់នៅត្រង់ថា តើអាជីវកម្មរបស់យើងពេលចាប់ផ្តើមដំណើរការ មានការគាំទ្រនៅលើទីផ្សារកម្រិតណា? ចៀសវាងពេលបើកដំណើរការហើយបរាជ័យទៅវិញនាំឱ្យខាតបង់ប្រាក់ ជួបបញ្ហាហានិភ័យហិរញ្ញវត្ថុនៅក្នុងគ្រួសារ។
យ៉ាងណានោះលោកគិតថា បើសិនជាមានប្រាក់គ្រប់ចំនួនសម្រាប់បើកអាជីវកម្មអ្វីមួយ គឺជាការប្រសើរហើយ ព្រោះថា មិនចាំបាច់គិតពីការសងត្រឡប់ទៅធនាគារនាំឱ្យខាតការប្រាក់។ ប៉ុន្តែសម្រាប់អាជីវកម្មភាគច្រើនពេលចាប់ផ្តើមដំណើរការតែងជួបការខ្វះខាតទុននៅពេលដែលមានការគាំទ្រលើទីផ្សារខ្លាំង ដែលទាមទារឱ្យវិនិយោគិន ឬអាជីវករត្រូវបង្ខំចិត្តស្វែងរកប្រភពទុនបន្ថែមមិនថាប្រភពទុនពីបងប្អូន មិត្តភ័ក្តិ ឬធនាគារនោះទេ សំខាន់ឱ្យតែយកប្រាក់នោះមកពង្រីកអាជីវកម្មបានដើម្បីបង្កើនប្រាក់ចំណេញ គឺជាការប្រសើរហើយ ចៀសវាងតែមួយគត់ គឺខ្ចីប្រាក់គេមកមិនដឹងថា ត្រូវយកមកធ្វើអ្វីឱ្យច្បាស់លាស់ ខុសពីពាក្យថាយកប្រាក់មកបង្កើតប្រាក់។
លោក គីណាល់ បញ្ជាក់ដូច្នេះ “បើសិនជាឱកាសហុចឱ្យហើយ យើងមិនគិតគូរក្នុងការចាប់ផ្តើមបង្កើតមុខរបរ ដោយហេតុផលថា គ្មានប្រាក់ នោះយើងនឹងបាត់ឱកាសមិនខាន ហើយថ្ងៃក្រោយទោះជាមានប្រាក់គ្រប់សម្រាប់ធ្វើវា តែបើសិនជាមិនមានឱកាសល្អ ក៏មិនអាចបើកដំណើរការអាជីវកម្មបានដោយរលូនដែរ។
ជាមួយគ្នានេះដែរលោកក៏បានផ្តល់អនុសាសន៍ថា ដើម្បីចៀសវាងហានិភ័យក្នុងការធ្វើអាជីវកម្ម អាជីវករ ឬវិនិយោគិនត្រូវធ្វើផែនការអាជីវកម្ម (Business Plan) ឱ្យបានច្បាស់លាស់ជាមុនសិន ដូចជាការសិក្សាស្រាវជ្រាវទីផ្សារថា តើអាជីវកម្មរបស់យើងមានការគាំទ្រខ្លាំងប៉ុនណានៅលើទីផ្សារ ព្រោះវាគឺជាវីធីសាស្ត្រល្អដែលដឹកនាំអាជីវកម្មរបស់យើងឱ្យឆ្ពោះទៅរកគោលដៅច្បាស់លាស់ និងជោគជ័យ។
លើសពីនេះមុននឹងធ្វើអាជីវកម្មក៏ត្រូវត្រៀមទុនបម្រុងខ្លះៗដែរ ដោយហេតុថា អាជីវកម្មអ្វីក៏ដោយមិនមែនសុទ្ធតែទទួលបានជោគជ័យនោះទេ ហើយបើជួបបញ្ហាហិរញ្ញវត្ថុយើងមានទុនបម្រុង យើងមិនលំបាកក្នុងការដោះស្រាយនោះទេ។ គួរបញ្ជាក់ថា សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK ក៏មានកម្ចីសម្រាប់ធ្វើអាជីវកម្មរហូតដល់ 50,000 ដុល្លារ អាស្រ័យទៅលើអាជីវកម្មតូច ឬមធ្យម៕