ខាងក្រោមនេះគឺជាអាការដ៏គួរឱ្យបារម្ភបំផុត7យ៉ាង ដែលឪពុកម្ដាយគួរនាំកូនទៅមន្ទីរពេទ្យឱ្យបានលឿនបំផុត ព្រោះបើសិនជាបណ្ដែតបណ្ដោយអាចនឹងយឺតពេល ហួសនឹងព្យាបាលទាន់ ហើយជួនកាលអាណាព្យាបាលមួយចំនួនអាចគិតថា ភាពខុសប្រក្រតីដែលកើតឡើងចំពោះកូនតូចនោះ អាចនឹងមើលទៅមិនមែនជារឿងអីធំដុំ តែការពិតសុទ្ធតែជារឿងមិនល្អទាំងអស់។
1/ ស្នាមដៅ ឬសន្លាកស្នាមក្រហមដែលកាន់តែរីកធំឡើង
ការដែលនៅលើរាងកាយរបស់កូនតូចមានស្នាមដៅ ឬសន្លាកស្នាមពណ៌ក្រហម ឬខ្មៅ ឬកន្លែងណាមួយមានពណ៌ខ្មៅជាង ឬភ្លឺជាងកន្លែងផ្សេងទៀតលើរាងកាយធំជាង 6មីល្លីម៉ែត្រនោះ វាមិនមែនជារឿងប្លែកឡើយ តែបើសិនជាទំហំរបស់វាកាន់តែរីកធំឡើង ពណ៌ក៏ប្រែប្រួលដែរនោះ វាជាការប្រែប្រួលដែលគួរឱ្យបារម្ភហើយ ដូច្នេះគួរប្រញាប់នាំកូនទៅជួបលោកគ្រូពេទ្យជំនាញភ្លាម។
2/ ជ្រុះសក់
សក់កូនជ្រុះច្រើនមិនមែនជារឿងខុសប្រក្រតីទេ តែបើជ្រុះច្រើនជ្រុលពេកអាចនឹងបង្ហាញថា រាងកាយរបស់កូនខ្វះវីតាមីនហើយ តែបើសក់ជូតមិនស្ងួត ឬស្បែកក្បាលកើតរោគផ្សិត ក៏អាចបណ្ដាលមកពីមូលហេតុផ្សេងបានដែរ ដូច្នេះវិធីដែលល្អបំផុតគឺ នាំកូនទៅជួបគ្រូពេទ្យដើម្បីពិនិត្យរកពីមូលហេតុពិតប្រាកដ។
3/ អារម្មណ៍ និងទង្វើមិននឹងនរ
ការចង់ញ៉ាំអាហារថយចុះ មានបញ្ហាក្នុងការគេង ឬពិបាកក្នុងការគេងលក់ ឬមិនសូវកម្រើកខ្លួន លែងសូវលេង ឬលែងរួសរាយដូចមុន ទាំងអស់នេះសុទ្ធតែជាមូលហេតុដែលត្រូវនាំកូនទៅជួបគ្រូពេទ្យ។
4/ ទំហំក្បាលធំឡើង
ការពិតទៅក្បាលរបស់កូនតូចនឹងត្រូវរីកធំឡើងជារៀងរាល់ខែហ្នឹងគឺជារឿងប្រក្រតី តែបើរីកធំលឿនជ្រុលពេក ឬធំបែបខុសសង្កេត ឬសង្កេតមើលទៅមានអាការតឹងៗនៅម្ដុំបរិវេណក្បាលរបស់កូននោះ អាចជាសញ្ញាដំបូងនៃការកើតជំងឺអាក្រក់ ដូចជា មហារីកខួរក្បាលជាដើម ដូច្នេះកុំបង្អង់យូរ ចូរប្រញាប់នាំកូនទៅជួបគ្រូពេទ្យជាបន្ទាន់។
5/ ស្ដាប់មិនសូវឮ
ពេលដែលឪពុកម្ដាយហៅឈ្មោះកូន តែកូនមិនសូវតបស្នងមកវិញ ហាក់ដូចជាមិនបានឮ ទាំងអាការនេះកើតឡើងបែបភ្លាមៗ បែបសុខៗស្រាប់តែដូចជាកូនត្រចៀកធ្ងន់ ឬក៏កើតអាការបែបហ្នឹងមកយូរហើយនោះ កូនអាចនឹងមានបញ្ហាខាងការស្ដាប់ឮ អាចនឹងទៅរួចដែលថា ប្រព័ន្ធប្រសាទត្រចៀកបាត់បង់សមត្ថភាព ឬមានអ្វីបិទជិតនៅខាងក្នុង ដែលលោកឪពុកអ្នកម្ដាយនឹងបានដឹងច្បាស់តាមរយៈការពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីរកមូលហេតុ និងព្យាបាលកូនជាបន្ត។
6/ ស្រេកទឹកជាប់ជានិច្ច
ការពិតទៅធាតុអាកាសក្ដៅដូចនៅក្នុងប្រទេសយើង អាចនិយាយបានថា ជារឿងប្រក្រតីខ្លាំងណាស់ដែលក្មេងៗនឹងស្រេកទឹកញឹកញាប់នោះ តែបើសិនកូនស្រេកទឹកញឹកញាប់រហូតខុសពីធម្មតារៀងរាល់15នាទីម្ដង ឬញ៉ាំទឹកចូលទៅម្ដងច្រើនៗនោះ បង្ហាញថា កូនអាចនឹងមានបញ្ហាសុខភាពបង្កប់នៅក្នុងរាងកាយក៏អាចថាបានដែរ ដូច្នេះគួរតែនាំកូនទៅឱ្យពេទ្យពិនិត្យមើលពីមូលហេតុឱ្យបានច្បាស់លាស់។
7/ ស្រមុកឮខ្លាំងៗ
ទារកកើតដំបូងអាចនឹងគេងស្រមុកគឺជារឿងប្រក្រតី តែបើស្រមុកឮខ្លាំងខុសពីធម្មតា ឬធំហើយនៅតែមិនបាត់ស្រមុកទៀតនោះ មូលហេតុអាចបណ្ដាលមកពីការកើតប្រតិកម្មចាញ់អ្វីមួយ ឬអាចនឹងជាសញ្ញារបស់ការឆ្លងមេរោគអ្វីម្យ៉ាងក៏ថាបានដែរ។ ក្រៅពីនេះអាចដោយសារតែកូនមានក្រពេញថមស៊ីលធំ ក្រពេញអៈឌីណយដ៍ធំ និងភាពធាត់ក៏ជាបច្ច័យមួយដែរ តែករណីដែលធ្ងន់ធ្ងរ ដូចជា មានភាពខុសប្រក្រតីរបស់គ្រោងសាងនៃប្រព័ន្ធដកដង្ហើម ឬមកពីភាពខុសប្រក្រតីខាងពូជអម្បូរក៏មាន ដូច្នេះអាណាព្យាបាលគួរតែនាំកូនតូចទៅឱ្យគ្រូពេទ្យពិនិត្យរកមូលហេតុឱ្យបានច្បាស់ទើបជាការល្អ។
ទោះជាអាការមួយចំនួនមើលទៅប្រក្រតីក្នុងខ្សែភ្នែកមនុស្សធំដូចយើងមែន តែនៅពេលដែលវាជារឿងសុខភាពរបស់កូនតូចជាទីស្រឡាញ់នោះ លោកឪពុអ្នកម្ដាយគួរតែប្រញាប់ប្រញាល់បន្តិច ប្រសើរជាងនាំកូនទៅជួបគ្រូពេទ្យមិនទាន់ពេល៕