បើទោះបីជាមិនសូវលេចមុខមាត់នៅក្នុងពិភពសិល្បៈមែន តែតារាស្រី ពេជ្រ សូលីកា ក៏នៅតែទទួលបានការស្រឡាញ់និងគាំទ្រពីសំណាក់មជ្ឈដ្ឋានមហាជនដដែលដែរចា៎ស។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមអ៊ីនស្ដាក្រាមរបស់ស្រីស្អាតរូបនេះ គេឃើញមានរូបភាពជាច្រើនសន្លឹកដែលនាងបានធ្វើដំណើរទៅកម្សាន្ដនៅប្រទេសជប៉ុន ដែលសម្រស់របស់នាងស្រស់ស្អាតមិនចាញ់តារាបរទេសប៉ុន្មានឡើយ(ប្រាប់ឱ្យដឹងទៅ!)។ លើសពីនេះរូបនាងក៏មានការកាក់កបពីមុខរបររកស៊ីរបស់ខ្លួនទៀតផង គឺនាងបានបើកហាងលក់បាយផ្ទាល់ខ្លួនដែលទទួលបានការគាំទ្រយ៉ាងខ្លាំង។
ទោះបីជាការវិលចូលវិស័យសិល្បៈវិញនៅមិនទាន់ទទួលបានការជោគជ័យខ្លាំងមែន តែអ្នកគាំទ្ររូបនាងនៅតែបន្ដទទូចចង់ឃើញនាងសម្ដែង និងច្រៀងច្រើនដូចមុនដដែល។ ពាក់ព័ន្ធនឹងតម្រុយថានឹងទៅហង្សមាស ខណៈដែលដៃគូចម្រៀងរបស់នាងគឺ លោក នីកូ បានចូលច្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាសហើយបន្ទាប់ពីបានបញ្ចេញបទចម្រៀង “លាក់បាំង” រួមគ្នាហើយនោះ អ្នកគាំទ្ររបស់អ្នកទាំងពីរនៅតែបន្ដសង្ស័យ និងបានគិតថា អតីតតារាចម្រៀងស្រីនៅក្នុងផលិតកម្ម M រូបនេះមានឱកាសចូលទៅជ្រកក្នុងទ្រនំធំខាងសិល្បៈកម្សាន្ដមួយនេះរួមគ្នា។
តែយ៉ាងណាមិញ តាមប្រភពពីអ្នកជិតដិតបំផុតជាមួយផលិតកម្មរស្មីហង្សមាស បានបង្ហើបឱ្យដឹងថា «ហង្សមាសនៅតែចាប់អារម្មណ៍លើស្រីស្អាតរូបនេះអ៊ីចឹង(ព្រោះរូបសម្ផស្សស្អាត)ហើយថា បើសូលីកាចូលថតភាពយន្ដ នឹងល្បីល្បាញជាថ្មីមិនខាន។ តែហង្សមាសគ្មានគម្រោងយកនាង សូលីកា ចូលធ្វើជាអ្នកចម្រៀងសាជាថ្មីឡើយ ព្រោះថា ពេលនេះតារាចម្រៀងដែលមាននៅក្នុងដៃហង្សមាស គឺមានសមត្ថភាពខ្លាំងជាងសូលីកាច្រើនណាស់ អ៊ីចឹងគេខ្លាចយក សូលីកា ទៅជាន់ដានចាស់»៕