រាជរដ្ឋាភិបាលកម្ពុជាគ្រោងចរចាជាមួយប្រទេសជិតខាងបង្កើនចំនួនរថយន្តដឹកជញ្ជូនឆ្លងដែនឱ្យកាន់តែច្រើនបន្ថែមទៀតដើម្បីឆ្លើយតបចំពោះតម្រូវការកើនឡើងសម្រាប់ដឹកទំនិញឆ្លងដែន។
បច្ចុប្បន្នកម្ពុជាបានព្រមព្រៀងជាមួយប្រទេសជាប់ព្រំដែនរបស់ខ្លួន ដោយអនុញ្ញាតឲ្យរថយន្តឆ្លងដែនប្រមាណជាជិត 700គ្រឿងប៉ុណ្ណោះក្នុងមួយថ្ងៃ ដោយក្នុងនោះរថយន្តឆ្លងដែនជាមួយឡាវមាន 40គ្រឿង ប្រទេសថៃ 150គ្រឿង និង ប្រទេសវៀតណាម 500គ្រឿង។ នេះបើតាមប្រសាសន៍ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្នុងឱកាសជួបប្រជុំជាមួយភាគីពាក់ព័ន្ធក្នុងវិស័យដឹកជញ្ជូននាពេលកន្លងទៅ ឯកឧត្តម បានអះអាងថា ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងចរចាជាមួយប្រទេសជិតខាងដើម្បីបង្កើនចំនួនរថយន្តឆ្លងដែនឱ្យបានច្រើនបន្ថែមទៀត ឱ្យឆ្លើយតបទៅនឹងកំណើននៃការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនផងដែរ។ ឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថា “យើងកំពុងចរចាជាមួយប្រទេសជិតខាង ដើម្បីបង្កើនចំនួនរថយន្តឆ្លងដែនបន្ថែមទៀត។
ឧកញ៉ា ឈឹម សុកន ប្រធានក្រុមប្រឹក្សាភិបាលសមាគមដឹកជញ្ជូនផ្លូវគោកបានឱ្យដឹងថា រឿងដឹកជញ្ជូននេះ ក្រសួងត្រូវថ្លឹងថ្លែងឱ្យបានច្បាស់លាស់មុនឈានទៅដល់កិច្ចព្រមព្រៀងថ្មី ព្រោះសព្វថ្ងៃការដឹកជញ្ជូនបានគ្របដណ្តប់លើទិដ្ឋភាពដឹកទំនិញ និងដឹកអ្នកដំណើរ។
ឧកញ៉ា ឈឹម សុកន បានអះអាងថា ការដឹកជញ្ជូនរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាម ឬថៃគឺមានចំនួនតិចតួចបំផុត ខណៈការដឹកជញ្ជូនពីប្រទេសទាំងពីរនោះចូលមកកម្ពុជាវិញ មានចំនួនច្រើន ជាពិសេសគ្រប់ដណ្តប់លើទិដ្ឋភាពដឹកអ្នកដំណើរសម្រាប់វិស័យទេសចរណ៍តែម្តង។
ឧកញ៉ា ឈឹម សុកន បញ្ជាក់ថា៖ “ការដឹកជញ្ជូនមានភាពសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចទៅវិញទៅមក ប៉ុន្តែកម្ពុជាធ្វើបានតិចណាស់ក្នុងពេលកន្លងមក ហើយការដឹកជញ្ជូនរបស់គេមកកម្ពុជាវិញមានច្រើនណាស់ ជាពិសេសបំផុតនោះ គឺការដឹកជញ្ជូនអ្នកដំណើរតែម្តង។
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសជិតខាង (ថៃ និងវៀតណាម)មានជិត10ពាន់លានដុល្លារក្នុងឆ្នាំ2017កន្លងទៅ ដោយក្នុងនោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម មានទឹកប្រាក់ចំនួន 3.8ពាន់លានដុល្លារអាមេរិក កើនឡើង 25% បើប្រៀបធៀបនឹងឆ្នាំ2016កន្លងទៅ។ តួលេខនេះត្រូវបានបង្ហាញក្នុងជំនួបទ្វេភាគីរវាង សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីនៃប្រទេសសង្គមនិយមវៀតណាម ង្វៀន សួនហ្វ៊ុក កាលពីរសៀលថ្ងៃទី10 ខែមករាកន្លងទៅ។
ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងថៃក្នុងឆ្នាំ2017កន្លងមក មានរហូតដល់ប្រមាណ5.5ពាន់លានដុល្លារអាមេរិក ដែលចំនួននេះមានការកើនឡើងប្រមាណ 10ភាគរយ បើប្រៀបធៀបនឹងឆ្នាំ2016។ នេះបើយោងតាមតួលេខដែលបានផ្សព្វផ្សាយក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ប្រាយុទ្ធ ចាន់អូឆា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី10 ខែមករា ឆ្នាំ2018 ដូចគ្នា៕