ក្រុមហ៊ុន HTC បានប្រកាសឱ្យដឹងនាពេលថ្មីៗនេះថា លោក Chialin Chang ប្រធានទទួលបន្ទុកលើស្មាតហ្វូនរបស់ HTC បានលាឈប់ពីតំណែង ដែលការលាឈប់នេះត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃក្រោយពីក្រុមហ៊ុនបានប្រកាសបង្ហាញរបាយការណ៍ប្រាក់ចំណូលប្រចាំឆ្នាំធ្លាក់ចុះរហូតដល់ 27% និងធ្លាក់ចុះ 10ខែជាប់គ្នានៅក្នុងឆ្នាំនេះ។
មូលហេតុនៃការលាឈប់របស់ប្រធានគ្រប់គ្រងលើផ្នែកស្មាតហ្វូនរូបនេះ មិនត្រូវបាន HTC ប្រកាសឱ្យដឹងឡើយ ប៉ុន្តែនៅក្នុងសេចក្ដីរាយការណ៍របស់អ្នកនាំពាក្យក្រុមហ៊ុនបានឱ្យដឹងថា លោក Chialin Chang លាឈប់ដោយសារតែរវល់លើការងារផ្ទាល់ខ្លួន តែសម្រាប់ក្រុមអ្នកវិភាគវិញបានមើលឃើញថា គាត់លាឈប់ក៏ព្រោះតែមិនអាចស្ដារស្ថានការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឱ្យល្អប្រសើរឡើងវិញបាន។
បើតាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសរបស់ HTC បានឱ្យដឹងថា លោក Chialin Chang ដែលបានចំណាយពេល 6ឆ្នាំជាមួយ HTC នឹងលាឈប់ពីតួនាទីនៅពាក់កណ្ដាលខែនេះ(កុម្ភៈ) ប៉ុន្តែខាងក្រុមហ៊ុននៅមិនទាន់ប្រកាសឱ្យដឹងពីបុគ្គលថ្មីដែលនឹងមកកាន់តំណែងមួយនេះនៅឡើយ៕