រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជំរុញជាថ្មីដល់ម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ត្រូវស្នើសុំច្បាប់អនុញ្ញាត មុននឹងដំណើរការអាជីវកម្មរបស់ខ្លួន បើពុំដូច្នេះទេនឹងត្រូវចាត់វិធានការតឹងរ៉ឹង តាមផ្លូវច្បាប់។
ការណែនាំរបស់ឯកឧត្តម ថោង ខុន នេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងប្រតិបត្តិករទេសចរណ៍ វិនិយោគិនទេសចរណ៍នៅរមណីយដ្ឋានឆ្នេរសុខា ខេត្តព្រះសីហនុកាលពីសប្តាហ៍មុន ដោយក្នុងនោះ ឯកឧត្តមបានលើកឡើងនូវបញ្ហាមួយចំនួនថា ម្ចាស់អាជីវកម្មសណ្ឋាគារមួយចំនួន ពេលមានអាជ្ញាប័ណ្ណកាស៊ីណូ បែរជាលែងមកសុំអាជ្ញាប័ណ្ណសណ្ឋាគារ ដែលនេះជាការអនុវត្តខុសច្បាប់ បើដូច្នេះមន្ទីរទេសចរណ៍ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធចុះណែនាំដល់ពួកគេឱ្យមកសុំអាជ្ញាប័ណ្ណសណ្ឋាគារបន្ថែម។ តែបើពួកគេមិនព្រមមកសុំអាជ្ញាប័ណ្ណតាមនីតិវិធីទេ ត្រូវតែទទួលការផាកពិន័យតាមច្បាប់ ហើយបើពួកគេនៅតែមិនព្រមទៅបង់ការផាកពិន័យទៀតនោះ ត្រូវតែផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន។ ចំពោះអាជីវកម្មកាស៊ីណូ ក្រោយបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលហើយ ត្រូវសុំអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកអភិបាលខេត្ត យន្ត មីន បានឱ្យដឹងថា បច្ចុប្បន្ន ខេត្តព្រះសីហនុមានសណ្ឋាគារចំនួន 69កន្លែង ផ្ទះសំណាក់ 319កន្លែង ភោជនីយដ្ឋាន និងអាហារដ្ឋាន 251កន្លែង ម៉ាស្សា 42កន្លែង ឌីស្កូតែក 5កន្លែង ខារ៉ាអូខេ 12កន្លែង ដឹកជញ្ជូនផ្លូវទឹក 40កន្លែង និងទីភ្នាក់ងារទេសចរណ៍ 31ក្រុមហ៊ុន។ ទន្ទឹមនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរ រមណីយដ្ឋានទេសចរណ៍ អាជីវកម្ម និងសេវាកម្មទេសចរណ៍ថ្មីៗ បានធ្វើឱ្យខេត្តព្រះសីហនុជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ហើយកំពុងត្រូវបានដោះស្រាយជាបន្តបន្ទាប់ផងដែរ។
ជាមួយគ្នានោះដែរ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិបានជំរុញឱ្យប្រតិបត្តិករ និងវិនិយោគិនទេសចរណ៍ ជាពិសេសម្ចាស់ទីតាំង ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ ត្រូវពង្រឹងការយកចិត្តទុកដាក់អនុវត្តឱ្យបានហ្មត់ចត់ តាមស្មារតីនៃបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងប្រតិបត្តិករទេសចរណ៍ និងវិនិយោគិនទេសចរណ៍ជាធរមាន ដើម្បីឆ្លើយតបក្នុងការបង្ការ និងទប់ស្កាត់បទល្មើសនានា។
ឯកឧត្តម ថោង ខុន បានបន្ថែមថា ការអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងប្រតិបត្តិករទេសចរណ៍ និងវិនិយោគិនទេសចរណ៍នេះ គឺដើម្បីឆ្លើយតបទៅនឹងកំណើនទេសចរជាតិ-អន្តរជាតិ ដែលកំពុងកើនឡើងជារៀងរាល់ឆ្នាំ ដោយនៅឆ្នាំ2017 កម្ពុជាទទួលបានទេសចរអន្តរជាតិ 5.6លាននាក់ កើនឡើង 12%។
តាមការព្យាករ នៅឆ្នាំ2020 កម្ពុជានឹងទទួលបានទេសចរអន្តរជាតិយ៉ាងតិច 7លាននាក់ ក្នុងនោះតំបន់ឆ្នេរសមុទ្រនឹងទទួលបានទេសចរអន្តរជាតិប្រមាណ 2លាននាក់ និងទេសចរជាតិប្រមាណ 4លាននាក់។
នៅឆ្នាំ2017 ខេត្តព្រះសីហនុទទួលបានទេសចរជាតិជាង 1លាននាក់ និងទេសចរអន្តរជាតិប្រមាណ 47ម៉ឺននាក់ កើនឡើង 16% ក្នុងនោះទេសចរចិនមានចំនួន 12ម៉ឺននាក់ កើនឡើង 126% ស្ថិតក្នុងលំដាប់ទី1។ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនោះ ឆ្នេរសមុទ្រកម្ពុជាក៏ត្រូវបានពិភពលោកទទួលស្គាល់ជា «ឆ្នេរសមុទ្រស្អាតជាងគេបំផុតលើសកលលោក» និងប្រសិទ្ធនាមថាជា «តារារះនាទិសនិរតី»ផងដែរ៕