ក្រុម Napoli ដណ្តើមបានជ័យជម្នះដូចក្រុម Juventus ដែរ តាមរយៈការផ្តួលក្រុម SPAL ក្នុងលទ្ធផល 1-០ កាលពីថ្ងៃអាទិត្យ ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ1 ពីក្រុមម្ចាស់ការពារតំណែងជើងឯក Juventus មកវិញ ដោយបានផ្តួលក្រុមស្ថិតក្នុងតំបន់ Torino តែមួយ ក្នុងលទ្ធផលដូចគ្នាក្នុងការប្រកួត 1គូមុនហ្នឹង។
ក្រុមឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Serie A ទាំងពីរសុទ្ធសឹងបានស្តារមុខមាត់ពីការខកចិត្តក្នុងក្របខ័ណ្ឌអឺរ៉ុបរបស់ពួកគេដូចគ្នា ដើម្បីដណ្តើមបានជ័យជម្នះក្នុងការប្រកួតលីកជាលើកទី 9ជាប់ៗគ្នា។ ក្រុម Napoli ដែលបានចាញ់បែបមិននឹកស្មានដល់ក្នុងលទ្ធផល 3-1 ក្រោមស្នាដៃក្រុម RB Leipzig លើទឹកដីខ្លួនឯងក្នុងក្របខ័ណ្ឌ Europa League នោះបានរក្សាការឈរនៅលើកំពូលតារាងតាមរយៈការដណ្តើមបានជ័យជម្នះទាំងប្រផិតប្រផើយនៅកីឡដ្ឋាន San Paulo របស់ពួកគេ ហើយក្រុមដែលញាំញីដោយរបួស Juventus ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើលើទឹកដីខ្លួនឯងពេលប្រកួតជាមួយនឹងក្រុម Tottenham ក្នុង Champions League បានបន្តគ្រប់គ្រងក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងតំបន់តែមួយ តាមរយៈការផ្តួល Torino 1-។
មុននឹងបន្ថែមថា ក្រុមរបស់លោកគួរតែរកគ្រាប់បាល់បានច្រើនជាងនេះ លោក Maurizio Sarri គ្រូបង្វឹករបស់ក្រុម Napoli បានឱ្យដឹងថា៖ «ខ្ញុំបានរំពឹងទុកពីការឆ្លើយតបមួយ ក្រោយពីការប្រកួតក្របខ័ណ្ឌ Europa League។
យើងហាក់មានភាពខ្ចិលបន្តិច និងចង់បណ្តើរបាល់យឺតៗចូលក្នុងទី។ យើងបានធ្វើការវាយសម្រុកត្រឹមតែរយៈពេល 10នាទីចុងក្រោយ ខណៈដែលយើងគួរតែនាំមុខ 3-០ មិនមែន 1-០ បែបនេះឡើយ»។ ក្រុម Napoli មាន 66ពិន្ទុ ក្រោយពីការប្រកួត 25ប្រកួត ខណៈដែលក្រុម Juventus ដេញតាមពីក្រោយ 1ពិន្ទុ។ ក្រុម As Roma ស្ថិតក្នុងចំណាត់ថ្នាក់លេខ3 ដោយដេញតាមពីក្រោយ 15ពិន្ទុ ក្រោយពីដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 2-០ នៅលើទឹកដីក្រុម Udinese កាលពីថ្ងៃសៅរ៍ ខណៈដែល Inter បានធ្លាក់ចូលវិបត្តិ តាមរយៈការចាញ់ក្រុម Genoa 2-០៕
ប្រភពពី៖ AFP