និស្សិតដែលទទួលបានភាពជោគជ័យក្នុងការសិក្សាភាគច្រើន គឺជាអ្នកដែលមានការជឿជាក់យ៉ាងមុតមាំថាខ្លួននឹងអាចស្វែងរកផ្លូវល្អមួយក្រោយពេលដែលបញ្ចប់ការសិក្សា ឬអាចទទួលបានការងារច្បាស់លាស់មួយនៅពេលដែលគេមានបទពិសោធ និងចំណេះដឹងគ្រប់គ្រាន់។
លោក ឆាំ ប៊ុនថេត សាស្ត្រាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាបានលើកឡើងថាមនុស្សដែលអាចអភិវឌ្ឍខ្លួនបានល្អ គឺជាមនុស្សដែលមើលខ្លួនឯងក្នុងផ្លូវវិជ្ជមាន ហើយជាអ្នកដែលព្យាយាមកែប្រែស្ថានការណ៍ផ្ទាល់ខ្លួនឱ្យកាន់តែប្រសើឡើង។ នៅពេលដែលគេមានភាពវិជ្ជមានលើខ្លួនឯង នោះគេក៏អាចមានជំនឿជឿជាក់លើខ្លួនឯងទាំងក្នុងការសិក្សា ការងារ ឬការធ្វើអាជីវកម្មជាដើម។
លោក ឆាំ ប៊ុនថេត បាននិយាយថា៖ “សូមកុំគិតថាខ្លួនឯងអន់ ហើយកុំជឿលើពាក្យដែលគេស្តីថា យើងអន់ តែអ្វីដែលសំខាន់គឺព្យាយាមស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឱ្យឃើញ ហើយព្យាយាមអភិវឌ្ឍភាពខ្លាំងប្រកបដោយទំនុកចិត្ត ដើម្បីបន្តដំណើរជីវិតឱ្យមានតម្លៃ។
លោកសាស្ត្រាចារ្យបានលើកឡើងផងដែរថានៅពេលដែលយើងមានទំនុកចិត្តលើខ្លួនឯង នោះយើងនឹងអាចធ្វើអ្វីៗគ្រប់យ៉ាងប្រកបដោយថាមពលព្រោះយើងជឿថាយើងអាចធ្វើវាបាន។ តែប្រសិនបើយើងមិនមានទំនុកចិត្តទេនោះ កម្លាំងនៃការខិតខំប្រឹងប្រែងក៏ថយចុះទៅតាមនោះដែរ ព្រោះអារម្មណ៍ទន់ជ្រាយដែលយើងមាន តែងតែបង្អាក់ខ្លួនឯងមិនឱ្យធ្វើរឿងមួយចំនួនដែលអាចអភិវឌ្ឍខ្លួនយើងឱ្យខ្ពស់ជាង អ្វីដែលយើងមាននាពេលបច្ចុប្បន្ននេះទេ។
សាស្ត្រាចារ្យគ្រប់គ្រងពាណិជ្ជកម្ម លោក រិន រ៉ាវុធ បានលើកឡើងថា គ្មានមាត្រាណានៅក្នុងរដ្ឋធម្មនុញ្ញបង្ហាញថាកូនអ្នកក្រមិនអាចថ្កុំថ្កើងបាននោះទេ តែអ្វីដែលសំខាន់គឺសកម្មភាពផ្ទាល់ខ្លួនរបស់យើងដើម្បីអភិវឌ្ឍសមត្ថភាពឆ្ពោះទៅរកភាពថ្កុំថ្កើង។ លោកបានបញ្ជាក់ផងដែរថា ប្រសិនបើយើងយកចំណុចអវិជ្ជមាន ឬឧបសគ្គនៅក្នុងជីវិតមួយចំនួនមកចោទជាបញ្ហា ហើយមិនព្រមធ្វើការផ្លាស់ប្តូរកែប្រែស្ថានការណ៍អាក្រក់ឱ្យទៅជាល្អវិញទេនោះយើងនឹងក្លាយជាមនុស្សដែលស្មុគស្មាញ បាក់ទឹកចិត្ត កើតស្ត្រេស ហើយទីបំផុតប្រាកដជាគ្មានទទួលបានលទ្ធផលអ្វីទាំងអស់ពីពេលវេលាដែលកន្លងទៅ។
លោក រិន រ៉ាវុធ បាននិយាយថា៖ “ប្រសិនបើយើងធ្វើអ្វីមួយគិតបារម្ភខ្លាចពីឧបសគ្គចំពោះមុខ ហើយមិនជឿលើសមត្ថភាពខ្លួនឯង ទាំងខ្លួនកំពុងតែធ្វើវានោះ វាហាក់បីដូចជាយើងជិះកង់ ហើយចាប់ហ្វ្រាំងដូច្នោះដែរ។
សាស្ត្រាចារ្យខាងលើបានលើកឡើងផងដែរថាប្រសិនបើយើងគិតតែពីបញ្ហា នោះយើងនឹងជួបតែបញ្ហា តែប្រសិនបើយើងសម្លឹងមើលពីដំណោះស្រាយនោះដំណោះស្រាយរាប់មិនអស់នឹងចូលមកក្នុងជីវិតយើង។ ជាឧទាហរណ៍ ប្រសិនបើយើងគិតថា ខ្លួនយើងក្រ មិនមានសាច់ញាតិបងប្អូនដែលអាចពឹងពាក់ ឬជួយក្នុងការណែនាំឱ្យចូលបម្រើការងារក្នុងស្ថាប័នធំៗបាន យើងប្រាកដជាបាក់ទឹកចិត្ត និងមិនមានការខិតខំប្រឹងប្រែង ឬអាចបោះបង់ចោលការសិក្សាដែលជាអនាគតរបស់ខ្លួនក៏ថាបានដែរ តែប្រសិនបើយើងគិតថាសង្គមគេត្រូវការអ្នកមានសមត្ថភាព យើងខិតខំប្រឹងប្រែងដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ហើយសមត្ថភាពពិតប្រាកដនៅតែមានតម្លៃខ្លាំងសម្រាប់មនុស្សគ្រប់កាលៈទេសៈ នោះយើងនឹងទទួលលទ្ធផលវិជ្ជមានពីការគិតបែបវិជ្ជមាននេះមិនខាន។ ព្រោះថា ប្រសិនបើយើងមានសមត្ថភាពហើយ មិនទាន់បានធ្វើការងារធំដោយសារតែយើងមិនមានសាច់ញាតិជាអ្នកគ្រប់គ្រងក្រុមហ៊ុន ហើយអ្នកដែលឡើងគ្រប់គ្រងក្រុមហ៊ុននោះមិនមានជំនាញពិតប្រាកដម្ចាស់ក្រុមហ៊ុនប្រាកដជាត្រូវការផ្លាស់ប្តូរឱ្យអ្នកមានសមត្ថភាពទៅជួយកិច្ចការរបស់គេវិញមិនខានពេលនោះយើងនឹងទទួលបានឱកាសល្អ ថែមទាំងអាចអភិវឌ្ឍខ្លួន និងរៀនសូត្របានបន្ថែមទៀតផង។
ហម សុខនី យុវជនលេចធ្លោមួយរូបក្នុងចំណោមយុវជន និងជានិស្សិតដែលកំពុងសិក្សាផ្នែកគ្រប់គ្រងអាជីវកម្មអន្តជាតិនៃសាកលវិទ្យាល័យ ហ្សាម៉ានអន្តរជាតិ បានលើកឡើងថា ជីវិតជានិស្សិតពេលខ្លះគឺមិនទាន់អាចជឿថា ខ្លួនធ្វើបាននោះទេ បើទោះបីជាយើងមានសមត្ថភាពគ្រប់គ្រាន់អាចធ្វើរឿងល្អៗជាច្រើនក៏ដោយ ព្រោះនិស្សិតជាអ្នកដែលមិនទាន់មានបទពិសោធក្នុងជីវិតច្រើនមិនទាន់ជួបរឿងច្រើន ហើយក៏មិនហ៊ានសាកល្បងដែរ។
យុវជន ហម សុខនី បាននិយាយថា ៖ “ពេលខ្លះ នៅពេលដែលយើងសាកល្បងស្រាវជ្រាវឱ្យបានច្រើន បន្ទាប់មកដកស្រង់យកគំនិតទ្រឹស្តីទាំងអស់នោះមកអនុវត្តក្នុងការរស់នៅដោយគ្មានការព្រួយបារម្ភ យើងនឹងមានភាពភ្ញាក់ផ្អើល ដែលពេលខ្លះវាក៏អាចរុញច្រានយើងឱ្យក្លាយជាបេក្ខជនក្នុងការប្រកួតប្រជែងលើកម្មវិធីធំៗ ដែលយើងមិនធ្លាប់គិតថាអាចធ្វើបានពីមុនមក។
ជាការបង្ហាញរបស់យុវជនខាងលើ គឺចង់ឱ្យយុវជនជាច្រើនផ្សេងទៀតដែលកំពុងសិក្សា សាកល្បងយកចំណេះដឹងរបស់ខ្លួនដើម្បីប្រើប្រាស់ក្នុងជីវិតជាក់ស្តែង។ កំហុសមិនមែនជាបញ្ហាចោទនោះទេ ព្រោះយើងកំពុងរៀន និងសាកល្បង តែប្រសិនបើយើងទទួលបានជោគជ័យវិញនោះ វាពិតជាមោទនភាពដ៏ពិតប្រាកដ និងធ្វើឱ្យយើងមានភាពលេចធ្លោក្នុងចំណោមយុវជនទាំងឡាយ៕