ស្របពេលដែលនិន្នាការទីផ្សារអចលនទ្រព្យកំពុងមានសម្ទុះកើនឡើងខ្លាំងក្នុងរយៈពេលជាង1ទសវត្សរ៍ចុងក្រោយនេះ គេសង្កេតឃើញថា ភ្នាក់ងារនាំភ្ញៀវទិញ-លក់-ជួលអចលនទ្រព្យ បានរីកដុះដាលយ៉ាងខ្លាំងទាំងមានច្បាប់ និងមិនមានច្បាប់ ដែលកត្តានេះធ្វើឱ្យមានការប្រកួតប្រជែងទីផ្សារខ្លាំង និងមិនស្មើភាពគ្នា ដែលនេះជាកត្តាចាំបាច់មួយតម្រូវឱ្យក្រសួងតាក់តែងច្បាប់នានាដើម្បីគ្រប់គ្រងភ្នាក់ងារទាំងនោះឱ្យស្ថិតនៅក្រោមឆត្រតែមួយ។
លោកស្រី អ៊ុយ ច័ន្ទនិមល អនុប្រធាននាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងនៅក្នុងសន្និបាតប្រចាំឆ្នាំ2017 របស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាកាលពីសប្តាហ៍មុននេះថា កន្លងមកក៏ដូចជាពេលបច្ចុប្បន្នដែរ លោកស្រីតែងឭពាក្យលើកឡើងអំពីអ្នករកស៊ីនាំភ្ញៀវទិញ-លក់-ជួលអចលនទ្រព្យដែលមិនបានសុំច្បាប់អនុញ្ញាតពីក្រសួងសេដ្ឋកិច្ចនោះតែងដណ្តើមយកចំណែកទីផ្សារពីភ្នាក់ងារស្របច្បាប់ ដែលជាកត្តាធ្វើឱ្យការប្រកួតប្រជែងក្នុងអាជីវកម្មនេះមិនមានភាពស្មើគ្នា ដូច្នេះទើបក្រសួងខិតខំបង្កើតអនុក្រឹត្យ និងច្បាប់នានាដើម្បីដាក់ឱ្យភ្នាក់ងារទាំងនោះស្ថិតនៅក្រោមច្បាប់តែមួយ។
ក្នុងនាមជាបញ្ញត្តិករលោកស្រីយល់ថា សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានដើរតួនាទីសំខាន់ក្នុងការកៀងគរ និងប្រមូលផ្តុំនូវប្រតិបត្តិករដែលអាចជាក្រុមហ៊ុនវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យឱ្យស្ថិតក្រោមក្របខ័ណ្ឌនៃឆត្រតែមួយ ដើម្បីងាយស្រួលក្នុងការកសាងមូលដ្ឋានគ្រឹះ និងការអភិវឌ្ឍសមត្ថភាពក៏ដូចជាការលើកកម្ពស់គុណភាពនៃការផ្តល់សេវាកម្មជូនអតិថិជន។
លោកស្រីបញ្ជាក់ដូច្នេះថា “កាលពីឆ្នាំ2013 ពេលដែលខ្ញុំចូលមកកាន់វិស័យនេះជាលើកដំបូងមានតែជាង 50ក្រុមហ៊ុនទេ ក្រោយពីវិបត្តិសេដ្ឋកិច្ចសកលហើយសមាជិកសមាគមក៏មានតិចតួចដែរប៉ុន្តែខ្ញុំស្តាប់ស្ថិតិសមាគមឥឡូវ មានសមាជិកឡើងដល់ជាង100ហើយ ដូច្នេះឃើញថា មានកំណើនកើនឡើងច្រើន។ ក្នុងន័យនេះដែរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលមានអគ្គនាយកដ្ឋានឧស្សាហកម្ម ហិរញ្ញវត្ថុជាសេនាធិការផ្ទាល់ ពិតជាគាំទ្រយ៉ាងខ្លាំងអំពីតួនាទីសមាគមក្នុងក្របខ័ណ្ឌជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងនាមជាបញ្ញត្តិករ និងវិស័យឯកជនដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍវិស័យអចលនវត្ថុនៅកម្ពុជា។
បច្ចុប្បន្នក្រសួងបានបញ្ចប់ការរៀបចំតាក់តែង និងដាក់ឱ្យអនុវត្តបទប្បញ្ញតិ្តមួយចំនួនរួចរាល់ហើយ ដូចជាប្រកាសស្តីពីការគ្រប់គ្រងអាជីវកម្មផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ ត្រូវបានដាក់ឱ្យអនុវត្តកាលពីខែមិថុនា ឆ្នាំ2017។ ប្រកាសស្តីពីការដាក់ឱ្យអនុវត្តក្រមសីលធម៌វិជ្ជាជីវៈអ្នកវាយតម្លៃ និងក្រមសីលធម៌វិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុនៅក្នុងខែកក្កដា ឆ្នាំ2017។ ប្រកាសស្តីពីថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជីវៈសម្រាប់ការផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុនៅក្នុងខែកក្កដា ឆ្នាំ2017 និងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអាជីវកម្មផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុដែលក្រសួងបានបញ្ជូនឯកសារនេះទៅដល់ក្រុមប្រឹក្សានីតិកម្មរបស់ក្រសួងមុននឹងបញ្ជូនទៅដល់គណៈរដ្ឋមន្ត្រី និងបញ្ជូនបន្តទៅដល់រដ្ឋសភាក្នុងការអនុម័តដាក់ឱ្យប្រើប្រាស់រួចហើយ។
ទោះយ៉ាងនេះក្តីលោកស្រីក៏បានបញ្ជាក់ដែរថា “ប្រកាសនេះនៅមិនទាន់មានអានុភាពខ្លាំងក្លាក្នុងការដាក់ទោសទណ្ឌដល់ជននៅក្រៅច្បាប់ទាំងនោះទេ ដូច្នេះបានជាក្រសួងខិតខំបង្កើតសេចក្តីព្រាងច្បាប់នេះឡើងដើម្បីដាក់ឱ្យអនុវត្តច្បាប់ទាំងអស់គ្នា។
សម្រាប់ជាបទពិសោធនៅប្រទេសផ្សេងៗ ដូចជាសិង្ហបុរីជាដើម អ្នកដែលមិនមានអាជ្ញាប័ណ្ណត្រូវមានទោសព្រហ្មទណ្ឌដល់ថ្នាក់ជាប់ពន្ធនាគារ ហើយនៅប្រទេសម៉ាឡេស៊ីសម្រាប់អ្នកមិនមានអាជ្ញាប័ណ្ណ គឺមិនមានទោសព្រហ្មទណ្ឌដល់ជាប់ពន្ធនាគារទេ តែត្រូវជាប់ពិន័យអន្តរកាលបង់ប្រាក់ពិន័យ ដូច្នេះកម្ពុជាក៏កំពុងតែសិក្សាលើគំរូច្បាប់ទាំងអស់នេះដើម្បីដាក់បញ្ចូលក្នុងសេចក្តីព្រាងច្បាប់របស់ខ្លួនដែរ ព្រោះថា បើសិនជារឹតត្បិតខ្លាំងពេកក៏អាចនាំឱ្យខូចទីផ្សារ ឬខូចវិស័យនេះតែម្តង ដូច្នេះយើងត្រូវរកផ្លូវកណ្តាលណាមួយដាក់ឱ្យត្រូវនឹងឥរិយាបថរបស់ជនជាតិយើង។ ហើយមួយទៀតនោះ គឺសេចក្តីព្រាងស្តង់ដារវាយតម្លៃ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងសេចក្តីព្រាងបឋម ដើម្បីដាក់ឱ្យវាយតម្លៃស្តង់ដារមួយចៀសវាងការវាយតម្លៃខុសៗគ្នា។
ដូច្នេះលោកស្រីស្នើឱ្យភ្នាក់ងារអចលនទ្រព្យទាំងអស់ត្រូវតែស្នើសុំច្បាប់អនុញ្ញាត និងខិតខំពង្រឹងសមត្ថភាពឱ្យកាន់តែប្រសើរឡើងដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារអចលនទ្រព្យអាស៊ានឱ្យបានកាន់តែទូលំទូលាយមិនមែនតែនៅក្នុងកម្ពុជានោះទេ។
លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យមានប្រសាសន៍ដោយជំរុញឱ្យក្រុមហ៊ុនអចលនទ្រព្យទាំងអស់ត្រូវរួមគ្នាបង្កើតសាលាដីធ្លីឱ្យលេចចេញជារូបរាងឡើងដើម្បីផ្តល់ឱកាសឱ្យភ្នាក់ងារអចលនទ្រព្យទាំងអស់ (ទាំងមានច្បាប់ និងមិនមានច្បាប់) បានចូលរៀនវគ្គបណ្តុះបណ្តាលនេះដើម្បីឱ្យយល់ពីច្បាប់ផ្សេងៗពាក់ព័ន្ធនឹងវិស័យដីធ្លីដើម្បីលើកកម្ពស់គុណភាព សេវាកម្មជូនអតិថិជនប្រកបដោយការជឿទុកចិត្ត និងការរីកចម្រើនទាំងអស់គ្នា៕