តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់អ្នកនាង សែ ចាន់ឌី ភរិយារបស់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេលោក ឆាយ វិរៈយុទ្ធ នៅថ្ងៃទី19 ខែកុម្ភៈ ឆ្នាំ2018 នេះបានឱ្យដឹងថា នេះគឺជាលើកដំបូងហើយដែលស្វាមីបានដឹកដៃអ្នកនាងធ្វើដំណើរទៅកម្សាន្ដនៅបរទេស ក្រោយពីបានចាប់ដៃគ្នាភ្ជាប់ស្ពានមេត្រីអស់រយៈពេលជិត 1ឆ្នាំរួចមក។
កន្លងមកគេកត់សម្គាល់ឃើញថា ប្ដីប្រពន្ធមួយគូនេះមានភាពផ្អែមល្ហែមនឹងគ្នាខ្លាំងណាស់ ហើយតែងនាំគ្នាធ្វើដំណើរទៅកម្សាន្ដនៅតាមតំបន់រមណីយដ្ឋានធម្មជាតិនានានៅក្នុងប្រទេសកម្ពុជា។ តែដោយឡែករូបភាពដែលបានបង្ហោះនៅលើហ្វេសប៊ុករបស់ភរិយាលោក ឆាយ វិរៈយុទ្ធ នាពេលថ្មីៗនេះបានស្ដែងឱ្យឃើញថា អ្នកទាំងពីរបានធ្វើដំណើរទៅកម្សាន្ដ និងក្រេបច័ន្ទទឺកឃ្មុំនៅតំបន់ភ្នំហ្វ៊ូជិ ប្រទេសជប៉ុន។ អ្នកនាង សែ ចាន់ឌី បានរៀបរាប់ថា «ក្នុងខែកុម្ភៈនេះមិនមានផ្កាសាគូរ៉ារីកច្រើនទេ ប៉ុន្តែវាមានព្រិលធ្លាក់ ខ្ញុំចង់ទៅមើលវា ការពិត ខ្ញុំ និងបង យើងរវល់ដូចគ្នា តែយើងចង់ទៅ ទាល់តែឆ្លៀត តាំងពីរៀបការជិតមួយឆ្នាំមកហើយ មិនទាន់បានទៅណាមួយដងផង» ។
គួររំឭកផងដែរថា កន្លងមកលោក ឆាយ វិរៈយុទ្ធ ធ្លាប់បានបង្ហើបប្រាប់ពីបំណងប្រាថ្នាចង់បានបុត្រស្នងត្រកូលឱ្យបានឆាប់ តែរហូតមកទល់ពេលនេះ ភរិយានៅមិនទាន់បានបង្ហាញអាការថា ឃ្លានម្ជូរនៅឡើយទេ តែយ៉ាងណាក៏ដោយ ឆាយ វីរៈយុទ្ធ រំពឹងថា ភរិយានឹងមានបុត្រនាពេលឆាប់ៗខាងមុខនេះតាមបំណងប្រាថ្នារបស់ពួកគេទាំងពីរមិនខាន ហើយប្រសិនបើមានដំណឹងល្អពិតមែននោះ លោករំពឹងចង់ទទួលបានបុត្រភ្លោះតែម្ដង ក៏កាន់តែសប្បាយចិត្តទៅទៀត៕