មុនពេលចាប់ផ្តើមអាជីវកម្មមួយ ចាំបាច់បំផុតត្រូវធ្វើការសិក្សាស្រាវជ្រាវឱ្យបានល្អិតល្អន់ ដើម្បីធានាថា ជំនួញដែលយើងគ្រោងនឹងធ្វើនោះមានលក្ខណៈទូលំទូលាយ ត្រូវនឹងតម្រូវការទីផ្សារជាក់ស្តែង និងមាននិរន្តរភាព បំណាច់តែយើងខំបង្កើតវាឡើងយ៉ាងលំបាករួចមកហើយ។
លោកឧកញ៉ា គួច ម៉េងលី អគ្គនាយកក្រុមហ៊ុន ម៉េងលីជេគួច បានលើកឡើងថា ជាទូទៅអ្នករកស៊ី ជាពិសេសសហគ្រិនវ័យក្មេងជាច្រើនកំពុងមានការបារម្ភថា មិនដឹងត្រូវធ្វើអាជីវកម្មមួយណាដែលអាចធ្វើឱ្យពួកគេមានការរីកចម្រើន និងឋិតថេរបានយូរអង្វែង។ មានអ្នកបើកហាងកាហ្វេច្រើនតាមគ្នា បន្ទាប់មកក៏បិទទៅវិញ ហើយអ្នកខ្លះទៀតក៏ធ្វើអាជីវកម្មដដែលៗតែប៉ុន្មានមុខតាមគ្នា ដែលមានលក្ខណៈប្រកួតប្រជែងគ្នាខ្លាំង បន្ទាប់មកធ្វើឱ្យមុខរបររបស់ពួកគាត់ចាប់ផ្តើមមានបញ្ហា។
លោកឧកញ៉ា គួច ម៉េងលី បាននិយាយថា៖ “តាមពិតទៅ មានអាជីវកម្មច្រើនណាស់ដែលនៅបណ្តាប្រទេសនានាជាច្រើនគេបានធ្វើវារួចទៅហើយ តែនៅស្រុកយើងមិនទាន់មាន វាក៏អាចជាតម្រូវការរបស់ប្រជាជនខ្មែរផងដែរនៅថ្ងៃអនាគត ហេតុនេះគួរសាកល្បងចេញដើរទៅមើលពិភពខាងក្រៅឱ្យបានច្រើន បន្ទាប់មកសឹមសម្រេចចិត្តជ្រើសរើសយកមុខរបរណាមួយ…។
សហគ្រិនដ៏មានប្រជាប្រិយភាពខាងលើបានលើកឡើងផងដែរថា បើសិនជាចង់ដឹងថា តើគួររកស៊ីអ្វីនោះ ដំបូងត្រូវចេញទៅកម្សាន្ត និងសិក្សាស្រាវជ្រាវនៅបរទេសឱ្យបានច្រើន ដើម្បីស្វែងរកគំនិតថ្មី។ តាមពិតទៅ នៅប្រទេសអភិវឌ្ឍន៍មួយចំនួនគេបានដើរមុនយើងបន្តិចទៅហើយ ហើយអ្វីៗទាំងអស់នោះក៏នឹងកើតមាននៅក្នុងប្រទេសរបស់យើងនាថ្ងៃអនាគតដូចគ្នា ហេតុនេះការដែលចេញទៅក្រៅប្រទេស គឺអាចឱ្យយើងមើលឃើញពីគំនិតល្អៗជាច្រើនដែលអាចយកមកអនុវត្ត និងបំពេញតម្រូវការក្នុងស្រុករបស់យើងបាន ពេលនោះយើងនឹងមិនធ្វើអាជីវកម្មដូចៗគ្នាដែលគេបានបង្កើតស្រាប់រួចមកហើយនោះទេ គឺយើងនឹងបង្កើតនូវអាជីវកម្មមួយដែលមានភាពប្លែកខុសពីគេដែលអាចធ្វើឱ្យយើងរីកចម្រើនបាន។
លោក គង់ វិចិត្រា ស្ថាបនិកស្ថាប័ន Asia Leading Academy បានលើកឡើងថា តាមការមើលឃើញរបស់លោក អាជីវកម្មដែលអាចមានទីផ្សារខ្ពស់នៅថ្ងៃអនាគត គឺអាជីវកម្មដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងការផលិតផលិតផលមួយចំនួនផ្សេងទៀតដែលមានសក្តានុពលនៅក្នុងស្រុក។ សម័យបច្ចុប្បន្ននេះ គឺជាសម័យបច្ចេកវិទ្យា ដែលអ្វីៗគ្រប់យ៉ាង គឺមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយគ្រប់កន្លែង គ្រប់អាជីវកម្ម រួមទាំងផ្នែកនៃការរស់នៅឯកជន សុទ្ធតែត្រូវការបច្ចេកវិទ្យាទាំងអស់ ហេតុនេះផលិតផលបច្ចេកវិទ្យាដែលប្រកបដោយភាពច្នៃប្រឌិត គឺជារបស់ដែលគេត្រូវការខ្លាំង។
លោក វិចិត្រា ក៏បានលើកឡើងផងដែរថា ក្រៅពីផលិតផលបច្ចេកវិទ្យា របរដែលសំខាន់ផងដែរនោះគឺការផលិតផលិតផលដែលមានវត្ថុធាតុដើមនៅក្នុងស្រុកស្រាប់ ព្រោះថា នៅពេលដែលយើងបង្កើតផលិតផលក្នុងស្រុក យើងនឹងចំណេញថ្លៃដឹកជញ្ជូន រួមទាំងអាចបង្កើនស្នាដៃថ្មីមួយផ្សេងទៀតដើម្បីដោះស្រាយបញ្ហានៃការរស់នៅរបស់ប្រជាជននៅក្នុងប្រទេសទៀតផង។
លោក គង់ វិចិត្រា បាននិយាយថា៖ “ការស្វែងរកឱកាសអាជីវកម្មនៅថ្ងៃអនាគតគឺជារឿងសំខាន់ តែអ្នកដែលមានគោលដៅចង់ក្លាយជាសហគ្រិនក៏គួរតែស្វែងរកវិធីក្នុងការទៅឱ្យដល់កន្លែងដែលខ្លួនចង់ទៅនោះដែរ បើមិនដូច្នោះទេ ឱកាសទាំងអស់នោះអាចនឹងមិនស្ថិតក្នុងដៃរបស់យើងនោះទេ។
សហគ្រិន និងជាអ្នកបណ្តុះបណ្តាលខាងលើបានលើកឡើងផងដែរថា ដើម្បីចាប់យកឱកាសអាជីវកម្មដែលមានទីផ្សារខ្ពស់នៅកម្ពុជានាថ្ងៃអនាគត អ្នកដែលចង់ក្លាយជាសហគ្រិនគួរពង្រឹងសមត្ថភាពលើចំណេះដឹងទូទៅរបស់ខ្លួនឱ្យបានច្រើន ដើម្បីមើលលើតម្រូវការសង្គមដែលអាចប្រែប្រួលទៅតាមការអភិវឌ្ឍរបស់ពិភពលោក។ បន្ទាប់មកទៀតគាត់គួរចួលរួមសិក្ខាសាលាឱ្យបានច្រើនដើម្បីបង្កើតទំនាក់ទំនងឱ្យបានល្អ និងស្វែងយល់ពីពិភពខាងក្រៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីធ្វើឱ្យគាត់កាន់តែមានភាពរឹងមាំ។
ទន្ទឹមនឹងនេះដែរ លោក លី សុធា ម្ចាស់ដេប៉ូដែលនាំចូលផលិតផលអេឡិចត្រូនិកពីបរទេសមកកាន់កម្ពុជាមួយរូបបានលើកឡើងថា ការធ្វើអាជីវកម្ម គឺត្រូវចេះមើលពីប្រភពនៃតម្រូវការសង្គមជាក់ស្តែងនាពេលបច្ចុប្បន្ន និងចរន្តនានាដែលវានឹងកើតឡើងនៅថ្ងៃខាងមុខ។ ជាឧទាហរណ៍ នាពេលបច្ចុប្បន្ននេះ គម្រោងសំណង់មានការកើនឡើងខ្លាំង ហេតុនេះនៅថ្ងៃខាងមុខ សម្ភារផ្គត់ផ្គង់ផ្នែកខាងក្នុងសំណង់អគារនឹងមានតម្រូវខ្ពស់ក្រោយពេលដែលសំណង់ចាប់ផ្តើមសាងសង់ឡើង។ ម្យ៉ាងវិញទៀត ក៏ត្រូវចេះមើលអនាគតនៃគូប្រកួតប្រជែងដែលអាចនឹងក្លាយជាឧបសគ្គដល់អាជីវកម្មរបស់យើងផងដែរ។
លោក លី សុធា បានលើកឡើងថា៖ “ជាទូទៅ នៅពេលដែលយើងមើលឃើញពីឱកាសមួយ គេក៏មើលឃើញពីឱកាសនោះដូចយើងដែរ ហេតុនេះអ្វីដែលយើងត្រូវធ្វើ គឺមើលឱ្យបានច្រើនជំហានមុនគេ ទើបអាចដណ្តើមឱកាសទីផ្សារបានយូរ។ លោក សុធា បានលើកឡើងថា មុននឹងបោះទុនរកស៊ី គឺត្រូវគិតឱ្យដល់ថ្ងៃដែលអាជីវកម្មរីកខ្លាំងនិងត្រៀមខ្លួនឱ្យបានរួចជាស្រេចសម្រាប់ប្រកួតប្រជែង។
ជាឧទាហរណ៍ បច្ចុប្បន្ននេះមានអ្នករកស៊ីនាំចូលផលិតផលពីប្រទេសមួយ ដែលផលិតផលទាំងអស់នោះមានតម្លៃធូរថ្លៃ តែគេមិនសូវផ្តោតលើគុណភាពប៉ុន្មាននោះទេ ហេតុនេះអ្នករកស៊ីរបរនេះអាចនឹងចំណេញច្រើន តែថ្ងៃក្រោយមានអ្នកផ្សេងអាចនឹងនាំចូលមកដែរ និងប្រកួតជាមួយយើងលើបញ្ហាតម្លៃនេះ ឬប្រជាជននៃប្រទេសនោះអាចនឹងនាំទំនិញរបស់គេផ្ទាល់ចូលមកប្រទេសយើងដែលមានតម្លៃដើមទាបជាង នោះយើងច្បាស់ជានឹងប្រឈមនឹងការបិទទ្វារមិនខាន។ ប្រសិនបើយើងសិក្សាពីការប្រកួតប្រជែង យើងអាចពិចារណាស្វែងរកផលិតផលណាដែលមានតម្លៃថ្លៃជាងបន្តិចបន្តួច តែផ្តោតលើគុណភាពវិញ ខណៈគេគ្រប់គ្នាកំពុងប្រកួតលើតម្លៃ ព្រោះបើមើលឱ្យឆ្ងាយទៅ យើងនឹងឃើញថា អ្នកប្រើប្រាស់អាចនឹងងាកមករកផលិតផលដែលមានគុណភាពខ្ពស់នៅថ្ងៃក្រោយបន្ទាប់ពីគាត់លែងពេញចិត្តជាមួយនឹងរបស់ធូរថ្លៃតែឆាប់ខូចរួចមក។ ក្នុងកាលៈទេសៈនោះ យើងនៅតែមានប្រៀបជាងគូប្រជែង និងនៅតែជាជម្រើសរបស់អតិថិជន៕