ខ្សែប្រយុទ្ធ Marco Asensio បានស៊ុតបាល់បញ្ចូលទី 2គ្រាប់ នៅពេលដែលក្រុម Real Madrid បានធ្វើការវាយបកដើម្បីផ្តួលក្រុម Real Betis ក្នុងលទ្ធផល 5-3 ក្នុងការប្រកួតក្របខ័ណ្ឌ La Liga កាលពីថ្ងៃអាទិត្យ ដើម្បីរក្សាការឈរក្នុងចំណាត់ថ្នាក់លេខ4 ដោយដេញតាមពីក្រុមឈរលេខ3 Valencia 1ពិន្ទុ។
តារាឆ្នើមវ័យ 22ឆ្នាំរូបនេះបានជួយឱ្យក្រុម Real Madrid មានគ្រាប់បាល់នាំមុខមុននៅនាទីទី11 នៅពេលដែលរូបគេបានតែតបាល់បំប៉ោងសំណាញ់ទី1 ក្រោយពីអ្នកចាំទី Antonio Adan បានព្យាយាមសង្គ្រោះបាល់ពីការស៊ុតយ៉ាងខ្លាំងរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo។
ក្រុមម្ចាស់ផ្ទះ Betis បានធ្វើការវាយបក ដើម្បីនាំមុខក្នុងលទ្ធផល 2-1 វិញ ក្នុងការប្រកួតដ៏រំភើបមួយនៅកីឡដ្ឋាន Benito Villamarin ប៉ុន្តែ Real Madrid បានធ្វើការស្រោចស្រង់ស្ថានការណ៍របស់ខ្លួនឡើងវិញក្នុងតង់ទី2 ខណៈដែល Sergio Ramos, Asensio, Ronaldo និង Karim Benzema សុទ្ធសឹងបានរកគ្រាប់បាល់បញ្ចូលទីដូចគ្នា។
ទោះបីជាយ៉ាងណា Real ក៏បានរងនូវការភិតភ័យនៅពេលជិតបញ្ចប់ការប្រកួតផងដែរ ក្រោយពី Betis បានវាយបកដើម្បីរកបាន 2គ្រាប់មកវិញ ប៉ុន្តែ វាហាក់ដូចជាយឺតពេលបន្តិចទៅហើយក្នុងការរកគ្រាប់បាល់តាមស្មើវិញនោះ។ លោក Zinedine Zidane គ្រូបង្វឹករបស់ក្រុម Real Madrid បាននិយាយថា៖ «វាពិតជាការប្រកួតដ៏ស្វិតស្វាញមួយ និងរំភើបអស្ចារ្យ ប៉ុន្តែ ខ្ញុំចូលចិត្តការប្រកួតបែបហ្នឹង។ វាបង្ហាញថា យើងមានគូប្រជែងដ៏ស័ក្តិសមមួយ»។
គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានឱ្យដឹងថា៖ «ក្រុម Betis លេងបានយ៉ាងល្អ និងបានគ្រប់គ្រងការប្រកួតនៅរយៈពេលកន្លះម៉ោងដំបូងនៃតង់ទី1។ ប៉ុន្តែ ខ្ញុំពិតជារីករាយបន្ទាប់ពីបញ្ចប់ការប្រកួតនេះ ហើយខ្ញុំពេញចិត្តទៅលើគ្រាប់បាល់៥ 5គ្រាប់ដែលយើងរកបាន ជាងការរបូតគ្រាប់បាល់៣គ្រាប់នោះ»៕
ប្រភពពី៖ Mirror