អាការក្ដៅខ្លួន ជាសញ្ញាមួយដាស់តឿនថា រាងកាយកំពុងតែតស៊ូជាមួយនឹងមេរោគមិនថាតែមេរោគវីរុស ឬបាក់តេរីនោះទេ ហើយនៅពេលកូនតូចក្ដៅខ្លួន រឿងដំបូងបង្អស់ដែលឪពុកម្ដាយត្រូវធ្វើគឺ ការបញ្ចុះកម្ដៅ។ ជាប្រក្រតីបើអាការគ្រុនក្ដៅមិនខ្លាំងប៉ុន្មាន គ្រូពេទ្យជំនាញណែនាំឱ្យប្រើវិធីជូតខ្លួនដោយក្រណាត់សើម និងឱ្យញ៉ាំទឹកឱ្យបានច្រើនដើម្បីបញ្ចុះកម្ដៅ តែបើសិនជាចាំបាច់ត្រូវប្រើថ្នាំវិញនោះ ក៏ត្រូវប្រើដោយក្ដីប្រយ័ត្នប្រយែងដែរ។
តើពេលណាទើបត្រូវពឹងថ្នាំបញ្ចុះកម្ដៅ
មុនដំបូងលោកឪពុកអ្នកម្ដាយត្រូវស្គាល់ពីការវាស់សីតុណ្ហភាព(កម្ដៅ)ក្នុងខ្លួនរបស់កូនជាមុនសិនថា តើកូនតូចមានសីតុណ្ហភាពប៉ុន្មាន?មិនគួរប្រើត្រឹមតែវិធីស្ទាបថ្ងាសនោះឡើយ។
- ប្រើប្រដាប់វាស់ស្ទង់កម្ដៅ(ឧណ្ហមាត្រ) តាមរយៈមាត់ មានសីតុណ្ហភាពខ្ពស់ជាង37.5អង្សា C
- ប្រើប្រដាប់វាស់ស្ទង់កម្ដៅតាមរយៈប្រ-ឡោះក្លៀក មានសីតុណ្ហភាពខ្ពស់ជាង37អង្សា C
បើវាស់អាការគ្រុនក្ដៅដោយប្រដាប់វាស់កម្ដៅ (Thermometer) ឃើញមានសីតុណ្ហភាពខ្ពស់ជាងតួលេខខាងលើ នោះមានន័យថា រាងកាយកូនតូចមានគ្រុនក្ដៅខ្លួនហើយ។ បើប្រើវិធីជូតខ្លួនដោយក្រណាត់សើមហើយ អាការក្ដៅខ្លួនមិនថយចុះនោះ សឹមពិចារណាការឱ្យញ៉ាំថ្នាំបញ្ចុះកម្ដៅ (កម្ដៅខ្ពស់គឺ មានតាំងពី 38.5អង្សា C ឡើងទៅ)។
- វាស់តាមរយៈរន្ធគូទ មានសីតុណ្ហភាពខ្ពស់ជាង38អង្សា C។
តើថ្នាំបញ្ចុះកម្ដៅត្រូវប្រើយ៉ាងណា?
ថ្នាំបញ្ចុះកម្ដៅដែលនិយមប្រើគឺ ប៉ារ៉ាសេតាម៉ុល ថ្នាំពពួកអាស្ពីរីន និងអៃប្រ៊ូផូហេ្វ៊ន(ថ្នាំបញ្ចុះកម្ដៅខ្ពស់)។ ហាមប្រើដោយខ្លួនឯង ត្រូវប្រើតាមតែគ្រូពេទ្យចេញវេជ្ជបញ្ជាប៉ុណ្ណោះ ព្រោះថ្នាំគ្រប់ប្រភេទមានផលប៉ះពាល់ដល់ថ្លើម ជាពិសេសចំពោះក្មេងតូចៗ ហើយខ្នាតរបស់ថ្នាំដែលឱ្យកូនតូចញ៉ាំ ត្រូវអាស្រ័យលើទម្ងន់ខ្លួននិងសម្រាប់វ័យទារកវិញ គេច្រើនប្រើថ្នាំទឹកប្រភេទបន្តក់ ខ្នាត 5 CC សម្រាប់ទម្ងន់ខ្លួន10គីឡូក្រាម។
តើក្ដៅខ្លួនបែបណាត្រូវប្រញាប់នាំទៅមន្ទីរពេទ្យ?
- នៅលើក្មេងតូចត្រូវប្រយ័ត្នប្រយែងការប្រើថ្នាំខ្លាំង បើកូនតូចរបស់អ្នកអាយុមិនទាន់ដល់3ខែ ហើយកូនឡើងកម្ដៅខ្លួនខ្ពស់ជាង38អង្សា C ចូរប្រញាប់នាំកូនទៅជួបគ្រូពេទ្យភ្លាមទោះជាកូននៅលេងរពឹស ឬមិនទាន់បាត់មាត់បាត់កក៏ដោយ និងមិនគួរឱ្យញ៉ាំថ្នាំដោយខ្លួនឯងឡើយ។
- អាយុ3-6ខែ បើមានឡើងកម្ដៅខ្លួនខ្ពស់ជាង38.5អង្សា C ឬមានគ្រុនក្ដៅខ្លួនខ្ពស់ជាង 37.5អង្សា C យូរលើសពី24ម៉ោង ក៏ហាមនៅបង្អង់យូរដែរ។
- កូនអាយុ6ខែឡើងទៅ មានគ្រុនក្ដៅខ្លួនខ្ពស់ដល់38.5អង្សា C និងកម្ដៅមិនថយចុះយូរជាង3ថ្ងៃ។
- តែបើសិនជាអាយុប៉ុន្មានក៏ដោយ មានគ្រុនក្ដៅខ្លួនកម្ដៅខ្ពស់ជាង39.5អង្សា C នោះ ហាមបង្អែបង្អង់យូរជាដាច់ខាត ទោះជាកូនមើលទៅគ្មានបង្ហាញអាការថាឈឺជំងឺអ្វីផ្សេងក៏ដោយ។
ក្នុងខណៈដែលកូនគ្រុនក្ដៅខ្លួន បើកូននៅលេងបាន ក៏មិនចាំបាច់ដល់ថ្នាក់ត្រូវឱ្យកូនឈប់លេងដែរ តែគ្រាន់តែហាមកូនកុំឱ្យលេងច្រើនពេក និងនៅចាំសង្កេតមើលអាការផ្សេងៗដែលអាចនឹងកើតឡើងចំពោះកូន ដូចជា កូនឈឺកមានហៀរសំបោរ មានឡើងស្លាកស្នាមអ្វីនៅលើខ្លួនឬទេ? និងឧស្សហ៍វាស់កម្ដៅខ្លួនកូនឱ្យបានញឹកញាប់ប៉ុណ្ណឹងបានហើយ។
អាយុ6ខែឡើងទៅ បើកូនតូចរបស់លោកអ្នកមានឡើងកម្ដៅខ្លួនប្រមាណជា38.5អង្សា C ចូរសង្កេតមើលអាការ បើសីតុណ្ហភាពខ្ពស់ឡើង ឬមិនថយចុះច្រើនជាង3ថ្ងៃ ចូរនាំទៅជួបលោកគ្រូពេទ្យ។ សម្រាប់ក្មេងដែលមានអាយុ 3ខែដល់2ឆ្នាំ បើមានអាការគ្រុនក្ដៅខ្លួនខ្ពស់ជាង 39.5អង្សា C ចូរនាំទៅមន្ទីរពេទ្យភ្លាម ទោះជាកូនមិនបានបង្ហាញអាការថាឈឺថ្កាត់ក៏ដោយ៕