ដូចដែលយើងបានដឹងច្បាស់ទាំងអស់គ្នាហើយថា ការទទួលទានអាហារដែលល្អ និងមានប្រយោជន៍ក្នុងខណៈពេលតាំងគភ៌ នឹងត្រូវបានបញ្ជូនបន្តទៅឱ្យកូនតូចនៅក្នុងផ្ទៃឱ្យបានទទួលសារធាតុអាហារដែលល្អ ដើម្បីនាំយកទៅអភិវឌ្ឍអវយវៈផ្សេងៗឱ្យមានភាពល្អឥតខ្ចោះ ដើម្បីត្រៀមជាស្រេចក្នុងការប្រសូតចេញមកពេញមួយរយៈពេល9ខែ។
ពេញមួយរយៈពេលនៃការតាំងគភ៌ អនាគតអ្នកម្ដាយត្រូវតែរឭកដឹងជាប់ជានិច្ចថា កូននៅក្នុងផ្ទៃ រួមទាំងខ្លួនឯងផងត្រូវការសារធាតុអាហារដែលមានគុណប្រយោជន៍ និងកម្លាំងថាមពលពីអាហាររៀងរាល់ថ្ងៃយ៉ាងជាប់លាប់។ ដើម្បីសុខភាពដែលរឹងប៉ឹងឥតខ្ចោះ ទើបការបានទទួលទានអាហារល្អៗក្នុងខណៈពេលតាំងគភ៌ក្លាយជាក្រោះការពារឱ្យទារកក្នុងផ្ទៃឱមានសុវត្ថិភាពពីសភាវអន្តរាយផ្សេងៗ ធ្វើឱ្យរាងកាយមានភាពល្អឥតខ្ចោះ។ ដូច្នេះ តើស្ត្រីមានគភ៌គួរទទួលទានអ្វីខ្លះក្នុងត្រីមាសនីមួយៗទាំងបីត្រីមាសនោះ ហើយខាងក្រោមនេះគឺជាគំរូអាហារដែលស្ត្រីមានគភ៌ក្នុងត្រីមាសដំបូងគួរទទួលទានក្នុងមួយថ្ងៃ។
ត្រីមាសដំបូង
អំឡុងពេលនេះ រូបរាងរបស់ស្ត្រីមានគភ៌នៅមិនទាន់ប្រែប្រួលច្រើនទេ អ្នកខ្លះនៅមើលមិនទាន់ដឹងផងថា មានគភ៌។ ទម្ងន់ខ្លួនអាចនៅមិនសូវកើនឡើង ឬអ្នកខ្លះដែលមានអាការចាញ់ខ្លាំង អាចធ្វើឱ្យទម្ងន់ខ្លួនថយចុះទៅវិញក៏មាន។ 1-3ខែដំបូង ស្ត្រីមានគភ៌គួរសង្កត់ធ្ងន់លើអាហារឱ្យបានសម្បូរបែប ដើម្បីឱ្យទទួលបានសារធាតុអាហារ និងកម្លាំងថាមពល ដូចជា បាយ ម្សៅ ប្រូតេអីុន ខ្លាញ់ និងវីតាមីន។