បញ្ហាធំៗរបស់សុភាពនារី សុភាពបុរសជាច្រើននាក់ គឺជាការជ្រើសរើសសម្លៀកបំពាក់ និងពណ៌សម្លៀកបំពាក់ឱ្យស័ក្ដិសមទៅនឹងសម្បុរស្បែករបស់ខ្លួន។ នៅពេលសម្លឹងមើលលើការជ្រើសរើស ទោះជាឈុតណា ក៏អ្នកគិតថា ស័ក្ដិសមនឹងខ្លួនអ្នកតែទាំងអស់នឹង។ ក៏ប៉ុន្ដែ អ្នកមិនបានគិតថានៅពេលអ្នកយកមកសាកល្បងពាក់នៅលើខ្លួន តែបើជាវាមិនស័ក្តិសមនឹងរូបរាងរបស់អ្នកទៅវិញ។ ដូច្នេះហើយ មុននឹងធ្វើការសម្រេចចិត្តទិញ ឬជ្រើសរើសសម្លៀកបំពាក់ឱ្យសមនឹងរូបរាង ពណ៌សម្បុរស្បែករបស់អ្នកនោះ អ្នកត្រូវដឹងពីគន្លឹះដូចខាងក្រោមនេះជាមុនសិន។
1/ សម្បុរស្បែកពណ៌ខ្មៅ ( ខ្មៅរលោង-ខ្មៅស្រអែម)
សម្បុរស្បែកខ្មៅ (ខ្មៅរលោង-ខ្មៅស្រអែម) គួរតែជ្រើសរើសប្រើពណ៌ដែលស្រាលៗ ដូចជា ពណ៌លឿងខ្ចី ពណ៌ផ្កាឈូកខ្ចី ពណ៌ស្វាយផ្កាឡាវ៉ែនឌើ ពណ៌ស និងពណ៌កំបោរ ហើយចៀសវាងការជ្រើសរើសពណ៌ដែលដិត ឬចាស់ពេក។ មិនតែប៉ុណ្ណោះ អ្នកអាចជ្រើសរើសពណ៌សម្លៀកបំពាក់ដែលស្រដៀងនឹងពណ៌សម្បុររបស់អ្នកដូចជា ពណ៌ទឹកប៊ិចក្រម៉ៅ ពណ៌ត្នោតចាស់ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ប្រផេះ ពណ៌បៃតងចាស់ ព្រោះការតែងខ្លួនដោយពណ៌ទាំងអស់នេះ នឹងជួយលើកសម្រស់បន្ថែមទៀតចំពោះតែអ្នកដែលមានសម្បុរស្បែកខ្មៅ។ យ៉ាងណាមិញសូមអ្នកកុំព្យាយាមរើសយកពណ៌ណាដែលដិតខ្លាំងដូចជា ពណ៌ក្រហម ពណ៌លឿង និងពណ៌ដែលចាំងជាដើម។
2/ សម្បុរស្បែកពណ៌លឿងសណ្ដែកបាយ
សម្រាប់អ្នកដែលមានសម្បុរស្បែកស បែបលឿងសណ្ដែកបាយឬហៅម្យ៉ាងទៀតថា សម្បុរកូនចិន គឺមានភាពងាយស្រួលក្នុងការជ្រើសរើសពណ៌សម្លៀកបំពាក់ខ្លាំងណាស់ ព្រោះថា សម្បុរបែបនេះមិនសូវជាប្រកាន់ពណ៌ប៉ុន្មានទេ ទោះជាអ្នកពាក់ពណ៌អ្វីក៏មើលឃើញស្អាតដែរ។ អ្នកអាចធ្វើការជ្រើសពណ៌តាមចំណូលចិត្តដូចជា ពណ៌ដិតៗ ពណ៌ប្រផេះ និងពណ៌ទឹកប៊ិច ព្រោះពណ៌ទាំងអស់នេះនឹងធ្វើឱ្យស្បែកខ្លួនអ្នកកាន់តែឆ្លុះ ហើយសចែងចាំង។
3/ សម្បុរស្បែកពណ៌ផ្កាឈូក
ចំពោះអ្នកដែលមានសម្បុរស្បែកពណ៌ផ្កាឈូក ដូចជា នារីកូរ៉េ ជប៉ុន និងអឺរុបមិនពិបាកក្នុងការជ្រើសរើសដូចជាក្រុមអ្នកដែលមានសម្បុរស្បែកខ្មៅនោះទេ។ សម្បុរស្បែកពណ៌ផ្កាឈូក បានបង្ហាញពីឯកលក្ខណៈស្បែកពណ៌ក្រហមព្រឿងៗ ដូច្នេះហើយអ្នកគួរតែជ្រើសរើសពណ៌សម្លៀកបំពាក់ណាដែលមានពណ៌ស្ដើងៗ មិនដិតពេក ក៏ប៉ុន្ដែមិនមែនបានន័យថា អ្នកមិនអាចពាក់ពណ៌ដិតបាននោះទេ។ ពណ៌ដែលស័ក្ដិសមនឹងសម្បុរស្បែករបស់អ្នកបំផុតនោះគឺ ពណ៌ផ្ទៃមេឃខ្ចីពណ៌សណ្ដែកដី ពណ៌ផ្កាឈូកខ្ចី ពណ៌ទឹកក្រូច និងពណ៌បៃតងខ្ចីជាដើម។
4/ សម្បុរស្បែកស
ចំពោះអ្នកដែលមានសម្បុរស្បែកស យើងសូមណែនាំឱ្យជ្រើសរើសអម្បូរពណ៌ដិតៗ ដូចជា ពណ៌ក្រហម ពណ៌ទឹកប៊ិច ពណ៌លឿង ពណ៌លឿងលាយត្នោត ពណ៌ត្នោតចាស់ ពណ៌បៃតង ពណ៌ស្វាយ និងពណ៌កាប់ស្ទាំងជាដើម។ អ្នកមិនគួរជ្រើសរើសពណ៌សម្លៀកបំពាក់បែបពណ៌ស ប្រផេះ និងពណ៌ស្រាលៗ ព្រោះថា ប្រភេទពណ៌បែបស្រាលៗបែបនេះ អាចនឹងធ្វើឱ្យសម្រស់របស់អ្នកមិនសូវលើក ឬឆ្លុះឡើយ។ កត្តាសំខាន់សម្រាប់មនុស្សដែលមានសម្បុរស្បែកស គួរតែព្យាយាមហាត់ប្រាណនាពេលព្រឹកព្រលឹម ដើម្បីឱ្យស្បែកបានទទួលពន្លឺរស្មីព្រះអាទិត្យ ព្រោះដើម្បីជំនួយឱ្យស្បែកអ្នកសភ្លឺរលោង និងមានសំណើម ហើយមិនមានសភាពស្បែកបែបសស្លេកស្លាំងនោះឡើយ៕