កម្ពុជាបានដាក់សំណើខ្ចីប្រាក់ជាង 100លានដុល្លារពីធនាគារពិភពលោក (WB) សម្រាប់កែលម្អផ្លូវជាតិលេខ4 ដែលមានប្រវែងជាង 260គីឡូម៉ែត្រពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួននាថ្ងៃអនាគត។
សំណើរបស់កម្ពុជានឹងត្រូវពិភាក្សា និងសម្រេចដោយក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោក នៅក្នុងកិច្ចប្រជុំក្នុងខែមិថុនា ខាងមុខនេះ។ នេះបើតាមការអះអាងរបស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។
ការដាក់សំណើខ្ចីកញ្ចប់ថវិកាជាង 100លានដុល្លារសម្រាប់កែលម្អផ្លូវជាតិដ៏សំខាន់មួយនេះ កើតឡើង ក្រោយរយៈពេលជាងពីរឆ្នាំដែលរាជរដ្ឋាភិបាលសម្រេចដកយកការគ្រប់គ្រងផ្លូវជាតិលេខ4 ពីការគ្រប់គ្រងរបស់ក្រុមហ៊ុន អេ.ហ្សិត អុីនវេសមេន (AZ Investment) កាលពីពាក់កណ្តាលខែមករា ឆ្នាំ2016 បន្ទាប់ពីក្រុមហ៊ុននោះគ្រប់គ្រង និងធ្វើអាជីវកម្មដោយយកប្រាក់ពីម្ចាស់រថយន្តដែលធ្វើដំណើរទៅ-មកអស់រយៈពេល 15ឆ្នាំរួចមក។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ផ្លូវជាតិលេខ4 កំពុងទទួលរងការខូចខាតមួយចំនួន បន្ទាប់ពីការបញ្ចប់កិច្ចសន្យារបស់ក្រុមហ៊ុន AZ Investment រួចមក ហើយសកម្មភាពអនាធិបតេយ្យនៅលើដងផ្លូវ និងការរំលោភយកដីចំណីផ្លូវបានកើនឡើងឥតឈប់ឈរ ដោយសារតែគ្មានការគ្រប់គ្រងច្បាស់លាស់។
ឯកឧត្តម បានបន្ថែមថា៖ “នៅខែមិថុនាខាងមុខនេះ ក្រុមប្រឹក្សាភិបាលធនាគារពិភពលោកនឹងប្រជុំពិនិត្យមើលសំណើខ្ចីប្រាក់ជាង 100លានដុល្លារអាមេរិករបស់រដ្ឋាភិបាលកម្ពុជា ដើម្បីយកមកជួសជុលឡើងវិញ ដោយសារផ្លូវជាតិលេខ4នេះជាផ្លូវដ៏សំខាន់មួយខាងសេដ្ឋកិច្ចតាមរយៈការនាំយកផលិតផលក្នុងស្រុកទៅលក់នៅបរទេស។
ទោះជាកម្ពុជាកំពុងខិតខំប្រឹងប្រែងដើម្បីធ្វើផ្លូវល្បឿនលឿនពីទីក្រុងភ្នំពេញទៅកាន់ខេត្តព្រះសីហនុឱ្យបានឆាប់ក៏ដោយ ប៉ុន្តែឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏នៅតែអះអាងអំពីភាពចាំបាច់ក្នុងការកែលម្អផ្លូវជាតិលេខ4 ដោយសារតែផ្លូវនេះបានដើរតួនាទីសំខាន់ក្នុងការដឹកជញ្ជូនផលិតផលគ្រប់ប្រភេទរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ តាមច្រកកំពង់ផែខេត្តព្រះសីហនុ។
យោងតាមព័ត៌មានដែលបានផ្សព្វផ្សាយដោយអ្នកជំនាញការនៃធនាគារពិភពលោក ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើកទី2 ស្តីពីការអភិវឌ្ឍផែនការមេភ័ស្តុភារកម្មនៅកម្ពុជា កាលពីថ្ងៃទី4 ខែកុម្ភៈ ឆ្នាំ2018 បានឱ្យដឹងថា ការនាំចេញរបស់កម្ពុជាមានកំណើនរហូតដល់ 12% រយៈពេល 11ឆ្នាំ ពីឆ្នាំ2005 ដល់2016។ ការនាំចេញរបស់កម្ពុជាភាគច្រើនគឺ ផលិតផលវាយនភណ្ឌ។ នៅឆ្នាំ2016 ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាមានជាង 10ប៊ីលានដុល្លារ ហើយការនាំចេញ និងនាំចូលបានពឹងផ្អែកសំខាន់លើកំពង់ផែសមុទ្រមួយនេះ។
របាយការណ៍ដដែលបានព្យាករថា បើគ្មានការប្រែប្រួល ឬទទួលរងឥទ្ធិពលអ្វីនោះទេ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជានឹងកើនឡើងដល់ 4ដងនៅឆ្នាំ2030 ធៀបនឺងឆ្នាំ2016 រហូតដល់ជាង 41ប៊ីលានដុល្លារ។
បច្ចុប្បន្ននេះ កំពង់ផែស្វយ័តខេត្តព្រះសីហនុកំពុងដំណើរការពង្រីកការវិនិយោគ ដើម្បីបង្កើនសក្តានុពលរបស់ខ្លួនសម្រាប់សមត្ថភាពស្តុកទំនិញ និងផ្លូវនាវាចរណ៍ខ្នាតធំ ដោយប្រើប្រាស់ហិរញ្ញប្បទានពីទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ហើយហេដ្ឋារចនាសម្ព័ន្ធនោះ នឹងត្រូវសាងសង់រួចរាល់នៅឆ្នាំ2022៕