ខ្សែបម្រើប្រយុទ្ធ Alexis Sanchez បានធ្វើឲ្យក្រុមកាំភ្លើងធំ Arsenal ស្ថិតក្នុងការប្រជែងសម្រាប់តំណែងកំពូលទាំង៤នៅលើតារាងនៃក្របខ័ណ្ឌ Premier League តាមរយៈការដណ្តើមបានជ័យជម្នះជាលើកទី១របស់ពួកគេនៅលើទឹកដីក្រុម Southampton ក្នុងរយៈពេល១៤ឆ្នាំ ក្រោយពីកត់ត្រាជ័យជម្នះក្នុងលទ្ធផល ២-០ កាលពីថ្ងៃពុធម្សិលមិញ។
ខ្សែបម្រើប្រយុទ្ធអន្តរជាតិសញ្ជាតិស៊ីលីវ័យ២៨ឆ្នាំរូបនេះ បានទម្លុះតំបន់ខ្សែបម្រើរបស់ក្រុម Southampton មុនពេលស៊ុតបាល់បំប៉ោងសំណាញ់ទីនៅនាទី ទី៣០។ គ្រាប់បាល់បញ្ចូលទីនេះ បានធ្វើឲ្យរូបគេក្លាយជាកីឡាកររបស់ក្រុម Arsenal ដំបូងគេដែលស៊ុតបាល់បញ្ចូលទីបាន២០គ្រាប់ក្នុងរដូវកាលមួយ បើគិតចាប់តាំងពីខ្សែប្រយុទ្ធ Robin van Persie រកគ្រាប់បាល់បញ្ចូលទីសរុបបានក្នុងចំនួននេះដូចគ្នាដែរកាលពី៥ឆ្នាំមុន។
ខ្សែប្រយុទ្ធ Olivier Giroud បានចូលលេងក្នុងនាមជាកីឡាករបម្រុង ក្នុងតង់ទី២ ដើម្បីបំពេញការទទួលជ័យជម្នះរបស់ក្រុមតាមរយៈការតែតបាល់បញ្ចូលទីយ៉ាងល្អនៅនាទី ទី៨៣។ ការទទួលជ័យជម្នះនេះ មានន័យថា ក្រុមរបស់លោក Arsene Wenger ដេញតាមពីក្រោយក្រុមឈរលេខ៤ Manchester City តែ ៣ពិន្ទុប៉ុណ្ណោះ ក្រោយពីបានប្រកួតក្នុងចំនួនស្មើគ្នា និង៤ពិន្ទុតាមពីក្រោយក្រុមលេខ៣ គឺ Liverpool ខណៈដែលនៅសល់មួយប្រកួតទៀតក្នុងដៃ។ បច្ចុប្បន្នក្រុម Arsenal នឹងត្រូវធ្វើដំណើរទៅជួបក្រុម Stoke នៅថ្ងៃសៅរ៍នេះ មុនពេលបញ្ចប់យុទ្ធនាការលីករបស់ពួកគេជាមួយនឹងការប្រកួតលើទឹកដីខ្លួនឯងជាមួយនឹងក្រុម Sunderland និង Everton។
លោក Wenger អ្នកចាត់ការទូទៅរបស់ក្រុម Arsenal បានឲ្យដឹងថា៖ «យើងបានផ្តោតអារម្មណ៍ ហើយខ្ញុំមានអារម្មណ៍ថា នៅពេលដែលយើងរងនូវការខកចិត្ត យើងបានស្ថិតនៅជាមួយគ្នា»។ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានបន្ថែមទៀតថា៖ «យើងបានការពារមិនឲ្យមានគ្រាប់បាល់ចូលទីរបស់យើងបានមួយប្រកួតទៀតហើយ និងខ្ញុំដឹងថា យើងអាចធ្វើដំណើរឆ្ពោះទៅមុខ និងរកគ្រាប់បាល់បញ្ចូលទីបានទៀត។ ក្រុមទាំងមូលពិតជាមានថាមពល មានការផ្តោតអារម្មណ៍ និងបានបង្ហាញពីការស្រេកឃ្លានដ៏គួរឲ្យជឿជាក់ក្នុងការឈ្នះការប្រកួតនេះ»៕
https://www.youtube.com/watch?v=VembzbJU9Xo
ប្រភពពី៖ Mirror