នាប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោកមានការវិវឌ្ឍកាន់តែខ្លាំង ហើយវិស័យបច្ចេកវិទ្យា និងបច្ចេកទេសបានក្លាយជាផ្នែកដ៏សំខាន់មួយដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គម។ ប្រទេសណាដែលមានធនធានមនុស្សច្រើនលើជំនាញបច្ចេកទេស ប្រទេសនោះនឹងសម្បូរទៅដោយចង្វាក់ផលិតកម្ម និងការវិនិយោគ។
នៅពាក់កណ្តាលខែកុម្ភៈនេះ លោក Edward Vaizey បេសកជនពិសេសទទួលបន្ទុកផ្នែកពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីអង់គ្លេសប្រចាំនៅប្រទេសកម្ពុជា ឡាវ និងវៀតណាម បានលើកឡើងថា អង់គ្លេសនឹងជួយជ្រោមជ្រែងដល់កម្ពុជាក្នុងកិច្ចសហការរៀបចំកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណងជំរុញឱ្យវិស័យដែលមានសក្តានុពលមួយនេះមានគុណភាពកាន់តែខ្ពស់។ នាពេលបច្ចុប្បន្ននេះ កម្ពុជានៅមានកង្វះខាតមួយចំនួនពាក់ព័ន្ធនឹងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកវិទ្យា ហេតុនេះអង់គ្លេសនឹងចូលរួមរៀបចំកម្មវិធីសិក្សា ហើយរួមចំណែកក្នុងការធ្វើកំណែទម្រង់កម្មវិធីសិក្សា និងអភិវឌ្ឍផ្នែកនេះនៅជំហានបន្តបន្ទាប់ទៀត។
រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ពេជ សោភ័ន បានលើកឡើងថា កិច្ចសហការបង្កើតគម្រោងរួមគ្នានេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អភិវឌ្ឍវិស័យអប់រំផ្នែកបច្ចេកទេស និងវិជ្ជាជីវៈ។ តាមរយៈកម្មវិធីនេះ យើងនឹងធ្វើឱ្យការសិក្សាទាំងអស់មានការឯកភាពគ្នា ហើយឆ្លើយតបទៅនឹងទីផ្សារការងារដែលកំពុងមានសម្ទុះខ្លាំងផ្នែកបច្ចេកទេសនេះ។
ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ដើម្បីឈានទៅដល់គោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030 កម្ពុជាត្រូវការកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈច្បាស់លាស់ដើម្បីយកមកអភិវឌ្ឍធនធានមនុស្ស៕